ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខារ៉ាអូខេ រង្គសាល បា​បារាំង និង​ម៉ាស្សា​ប្រមាណ​ជាង​៥០០​ទីតាំង​ប្រឈម​បិទ​អាជីវកម្ម​ទាំងស្រុង​បើ​ហ៊ាន​លួច​បើក

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មន្ត្រី​ជំនាញ​បាន​អះអាង​ថា ខារ៉ាអូខេ រង្គសាល និង​ឌី​ស្កូ​តែ​ក ប៊ៀ​ហ្គា​ឌិន ម៉ាស្សា មាន​ជិត​៤០០​ទីតាំង និង​បា​បារាំង…

រាជធានី​ភ្នំពេញ ៖ មន្ត្រី​ជំនាញ​បាន​អះអាង​ថា ខារ៉ាអូខេ រង្គសាល និង​ឌី​ស្កូ​តែ​ក ប៊ៀ​ហ្គា​ឌិន ម៉ាស្សា មាន​ជិត​៤០០​ទីតាំង និង​បា​បារាំង ឬ​ផាប់ ប្រមាណ​ជាង​១០០​ទីតាំង នៅ​រាជធានី​ភ្នំពេញ ត្រូវ​បាន​មន្ទីរ​ជំនាញ​ក៏​ដូច​ជា រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ជូនដំណឹង និង​ចុះ​អប់រំ​ណែនាំ​ផ្ទាល់​អោយ​បិទ​ទៅ​តាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល ដើម្បី​ចូលរួម​ទប់ស្កាត់​វីរុស​កូ​វី​ដ​១៩​ទាំងអស់​គ្នា ប៉ុន្តែ​បើ​នៅ​តែ​លួច​បើក​ផ្គើន​ទៅ​នឹង​បម្រាម​ទៀត​នោះ ទីតាំង​នោះ​នឹង​ត្រូវ​ប្រឈម​ទៅ​នឹង​ការ​បិទ​អាជីវកម្ម​ទាំងស្រុង​តែ​ម្តង ។

លោក ម៉​ម វាសនា ប្រធាន​មន្ទីរ​ទេសចរណ៍ រាជធានី​ភ្នំពេញ​បានអោយ​កោះសន្តិភាព​ដឹង​នៅ​ថ្ងៃ​ទី​០១ ខែមិថុនា ឆ្នាំ​២០២០​នេះ​ថា សម្រាប់​ស្ថិតិ​អាជីវកម្ម​សេវា​កម្សាន្ត​ទេសចរណ៍​មនុស្ស​ពេញវ័យ ដែល​បាន​ចុះបញ្ជី​ត្រឹមត្រូវ (​ខារ៉ាអូខេ រង្គសាល​-​ឌី​ស្កូ​តែ​ក បៀ​ហ្គា​ឌិន​) ត្រូវ​បាន​បិទ​អាជីវកម្ម​ទាំងស្រុង តាម​ការ​ណែនាំ​របស់​រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និង​រដ្ឋបាល​រាជធានី​ភ្នំពេញ ។

លោក​បន្ត​ថា ខារ៉ាអូខេ រង្គសាល​-​ឌី​ស្កូ​តែ​ក បៀ​ហ្គា​ឌិន នៅ​ក្នុង​រាជធានី​ភ្នំពេញ​មាន​ចំនួន 138 ទីតាំង​ប៉ះពាល់​បុគ្គលិក​សរុប 4588 នាក់ ។ ក្នុង​នោះ​ប្រភេទ​សេវាកម្ម​ខារ៉ាអូខេ​ត្រូវ​បាន​បិទ​មាន​ចំនួន 96​ទីតាំង (​ស្មើនឹង​១០០%) និង​ប៉ះពាល់​បុគ្គលិក​សរុប 3138 នាក់ ។ ប្រភេទ​សេវាកម្ម​រង្គសាល​-​ឌី​ស្កូ​តែ​ក ត្រូវ​បាន​បិទ​មាន​ចំនួន 28​ទីតាំង (​ស្មើនឹង​១០០%) និង​ប៉ះពាល់​បុគ្គលិក​សរុប 1158 នាក់ ។

ប្រភេទ​សេវាកម្ម​បៀ​ហ្គា​ឌិន ត្រូវ​បាន​បិទ​មាន​ចំនួន 11 ទីតាំង (​ស្មើនឹង​១០០%) និង​ប៉ះពាល់​បុគ្គលិក​សរុប 292 នាក់ ។

លោក ម៉​ម វាសនា បានអោយ​ដឹង​ទៀត​ថា ចំពោះ​អាជីវកម្ម សេវាកម្ម​ស្ប៉ា និង​ម៉ាស្សា ត្រូវ​បាន​បិទ​នៅ​រាជធានី​ភ្នំពេញ​មាន​ចំនួន 123 ទីតាំង (931​គ្រែ​) ស្មើនឹង​100% ប៉ះពាល់​បុគ្គលិក 2307 នាក់ ។ លោក​បន្ត​ថា ចំពោះ​អាជីវកម្ម​ដែល​តែង​ហៅ បា​បារាំង​ៗ​ឬ​ផាប់ មាននៅ​ក្នុង​ខណ្ឌដូនពេញ និង​ខណ្ឌចំការមន ប្រមាណ​ជាង​១០០​ទីតាំង គឺ​ត្រួតពិនិត្យ​ទៅ​លើ​អាជ្ញា​បណ្ណ​របស់​គាត់ បើ​សុំ​ជា​ភោជនីយដ្ឋាន គឺជា​ភោជនីយដ្ឋាន​ហើយ អាជ្ញាប័ណ្ណ​ទាំងនោះ គឺ​ផ្តល់​ដោយ​រដ្ឋបាល​ខណ្ឌ លើកលែងតែ​ម្ចាស់​ជា​ជនបរទេស​ទើប​តម្រូវ​ឱ្យមក​សុំ​នៅ​រដ្ឋបាល​រាជធានី​ភ្នំពេញ ។

លោក ម៉​ម វាសនា បាន​បញ្ជាក់​ថា ចំពោះ​ខារ៉ាអូខេ រង្គសាល និង​ឌី​ស្កូ​តែ​ក ទាំងនោះ​ត្រូវ​បាន​បិទ​ទាំងស្រុង​ហើយ តាម​រយៈ​ការ​ចុះ​ត្រួតពិនិត្យ ប៉ុន្តែ​ក្រុមការងារ​របស់​លោក​នឹង​បន្ត​ចុះ​សង្កេត​ត្រួតពិនិត្យ​ជា​ប្រចាំ​បន្ថែម​ទៀត ប្រសិនបើ​ទីតាំង​នោះ​នៅ​តែ​បើក​ទៀត គឺជា​ការ​បំពាន​សេចក្តីណែនាំ​ក៏​ដូច​ជា សេចក្តី​ប្រកាស​របស់​ក្រសួង និង​រាជរដ្ឋាភិបាល​ហើយ គឺ​ត្រូវ​ប្រឈម​នឹង​ការ​បិទ​អាជីវកម្ម​តែ​ម្តង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ