រាជធានីភ្នំពេញ៖ ខណៈពលរដ្ឋខ្មែរហាក់លែងសូវខ្វល់រឿងវីរុសឆ្លងកូវីដ-១៩ ហើយចរចរណ៍លើដងផ្លូវបានវិលមករកស្ថានភាពកកស្ទះឡើងវិញនោះ តម្លៃប្រេងឥន្ធនៈលក់រាយនៅតាមស្ថានីយនានាក៏បានហក់ឡើងវិញផងដែរ ។
ជាក់ស្តែងតម្លៃលក់រាយប្រេងសាំងធម្មតាបានឡើងថ្លៃចំនួន ២០០ រៀលបន្ថែមទៀត នាំឲ្យតម្លៃលក់រាយក្នុងសាំងធម្មតាមួយលីត្រឡើងដល់ ២៧០០រៀល និងតម្លៃប្រេងម៉ាសូត ឡើងថ្លៃពី ២៣០០ រៀលដល់ ២៥០០រៀលក្នុងមួយលីត្រ សម្រាប់ការអនុវត្តចាប់ពីថ្ងៃទី ០១ ដល់ថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ២០២០ ។ នេះបើយោងតាមសេចក្ដីជូនដំណឹងស្ដីពីការលក់រាយប្រេងឥន្ធនៈ ដែលប្រកាសដោយក្រសួងពាណិជ្ជកម្ម ចុះថ្ងៃទី ១ ខែមិថុនា ។
សូមបញ្ជាក់ថាប្រេងឥន្ធនៈបានធ្លាក់ថ្លៃកាលពីដើមខែមេសា ដែលកាលនោះត្រូវលក់ចាប់ពីថ្ងៃទី១ ខែមេសា ដល់ថ្ងៃទី១៥ ខែមេសា ចុះមក ២៣៥០រៀលក្នុងមួយលីត្រ សំរាប់សាំងធម្មតា EA92 និង ២៤៥០រៀលក្នុងមួយលីត្រ សំរាប់ប្រេងម៉ាស៊ូត។ ក្រោយមកទៀត ប្រេងសាំងធម្មតាបានធ្លាក់ចុះជាប្រវត្តិសាស្ត្រនៅកម្ពុជាមកត្រឹម ២២៥០ រៀលក្នុងមួយលីត្រ ចាប់ពីថ្ងៃទី១៦ដល់ ៣០ ខែមេសា ។
ជុំវិញការឡើងថ្លៃប្រេងនៅទីផ្សារកម្ពុជានេះផងដែរ ពលរដ្ឋមួយចំនួនបានបង្ហាញនូវចម្ងល់ថា ពិភពលោកមិនទាន់ឡើងវិញផង ហេតុអ្វីបានជាកម្ពុជាឡើងវិញហើយ? ហើយបងប្អូនខ្លះទៀតក៏បង្ហាញការហួសចិត្ត ដោយបានលើកឡើងថា «សាំងធម្មតាឡើងម្តង 200 រៀល។ ដល់ពេលធ្លាក់ៗ ម្តង 50 រៀល ទៅ 100 រៀល។ សាហាវមែនទែន។ ការឡើង និងធ្លាក់ តម្លៃ អត់សមមូលគ្នាសូម្បីបន្តិច។ មិនដឹងថាតើខាងក្រសួងមានបានត្រួតពិនិត្យល្អិតល្អន់ហើយឬនៅ? » ៕
ចែករំលែកព័តមាននេះ