ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

«​ភូមិ​កំពង់​ចុះ​វារ​»​ ជាទី​កន្លែង​យាយ​ជ័យ​​វារ​ចុះទូក​រត់គេច​ពី​ព្រះរាជា​(វីដេអូ)

3 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្តកណ្ដាល ៖ ការ​ដាក់​ឈ្មោះ​ភូមិ ឃុំ សង្កាត់ ស្រុក ខណ្ឌ រាជធានី ខេត្ត ក្រុង…

ខេត្តកណ្ដាល ៖ ការ​ដាក់​ឈ្មោះ​ភូមិ ឃុំ សង្កាត់ ស្រុក ខណ្ឌ រាជធានី ខេត្ត ក្រុង មួយ​ចំនួន​នៅ​ទូ​ទាំង​ព្រះរាជាណាចក្រ​កម្ពុជា​យើង​ភាគច្រើន​គឺ​សុទ្ធតែ​មាន​ជាប់​ទាក់ទង​ទៅ​និង​ដំណើររឿង​ព្រេង​បុរាណ ជា​ពិសេស​រឿងរ៉ាវ​និង​សកម្មភាព​របស់​ព្រះរាជា វរជន​ស្នេហា​ជាតិ ឬ​អ្នក​ខ្លាំងពូកែ​នា​សម័យ​​បុរាណកាល ។ ប៉ុន្តែ​រឿងរ៉ាវ​ខ្លះ ត្រូវ​បាន​កត់ត្រា​ក្នុង​សាស្ត្រា​ក្បួនច្បាប់​ផ្សេង​ៗ​ត្រឹមត្រូវ រីឯ​រឿងរ៉ាវ​ខ្លះ​ទៀត​ត្រូវ​បាន​និទាន​ត​ៗ​គ្នា​ពី​សំណាក់​ចាស់ព្រឹទ្ធាចារ្យ​ពី​ជំនាន់​មួយ​ទៅ​ជំនាន់​មួយ ហើយ​តាំងពី​សម័យ​កាលនោះ​រហូត​មក ។

សព្វ​ថ្ងៃនេះ​គឺជា​សម័យ​ទំនើប​រឿងនិទាន​ខ្លះ ក៏​ត្រូវ​បាន​បោះពុម្ពផ្សាយ​ជា​សៀវភៅ និង​រហូត​មានការ​បង្ហោះ​នៅ​តាម​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ឬ​យូ​ធូប​តែ​ម្ដង ដែល​បង្ក​ភាព​ងាយស្រួល​ដល់​ការ​អាន និង​សិក្សា​ស្រាវជ្រាវ​ផង​ដែរ ។ យើងខ្ញុំ​សុំ​ស្លេះ​នូវ​ការ​អត្ថាធិប្បាយ​ខាងលើ​នេះ​តែត្រឹម​ប៉ុណ្ណឹង​សិន​ចុះ ហើយ​សូម​លើកយក​ភូមិ​មួយ​ឈ្មោះ «​ភូមិ​កំពង់​ចុះ​វារ​» ដែល​ភូមិ​នេះ​បាន​ដិតដាម​ជាប់​នៅ​ក្នុង​ដំណើររឿង «​តា​ដុ​ង យាយ​ជ័យ ឬ​ប្រវត្តិ​ក្រុង​ឧដុង្គ​» តែ​ម្ដង ដែល​បាន​និទាន​អំពី​ក្រុម​គ្រួសារ​យាយ​ជ័យ ចុះ​ទៅ​ពិនិត្យ​មើល​ថ្នល់​ព្រះរាជា​លើក​ក្នុង​១​រាត្រី​អត់​ហើយ​នៅ​ដាច់​មិន​ជាប់​គ្នា។

ប៉ុន្តែ​ពេល​កំពង់​ពិនិត្យ​មើល​ថ្នល់​តា​និង​យា បាន​ទទួល​ដំណឹង​ថា ព្រះរាជា​ក៏​កំពុង​តែ​ទត​មើល​ថ្នល់​នោះ​ដែរ ហើយ​លោកយាយ​បាន​នាំ​គ្រួសារ​រត់​ចុះទូក​ដើម្បី​គេច​ចេញ​កុំ​ឲ្យ​ស្ដេច​ឃើញ​មុខ ។ ទទួល​ពេល​នោះ​សេនា​បាន​ទៅ​ដល់​ប្រាប់​ថា យាយ​កុំ​វារ​ចុះទូក​អី​ព្រះរាជា​ទ្រង់​យាង​មក​ដល់​ឥឡូវ​ហើយ តែ​យាយ​មិន​ព្រម​ស្ដាប់​នៅ​តែ​វារ ប៉ុន្តែ​ដោយ​យាយ​ភ័យ​ញ័រ​ពេក​រត់​ចុះ​ទៅ​ទូក​មិនកើត​ក៏​វារ​ចុះទូក ទើប​ទីនោះ​ជាប់​ឈ្មោះ «​កំពង់​យាយ​វារ និង​ក្រោយមក​បាន​ក្លាយទៅជា​កំពង់​ចុះ​វារ​» វិញ​បែប​នេះ​រហូត​មក ។

សព្វ​ថ្ងៃនេះ​ភូមិ​ខាងលើ​មាន​ទីតាំង​ស្ថិត​នៅ​តាម​ផ្លូវជាតិ​លេខ​៥ ក្នុង​ឃុំ​កំពង់ហ្លួង ស្រុក​ពញាឮ ខេត្តកណ្ដាល មិន​ឆ្ងាយ​ពី​វាំង​ចាស់​និង​ភ្នំ​ព្រះរាជ​ទ្រព្យ ឬ​ភ្នំ​អដ្ឋរស្ស ប៉ុន្មាន​នោះ​ឡើយ ។ បើ​តាម​អ្នក​ភូមិ​បាន​និយាយ​ថា ភូមិ​ខាងលើ​មាន​ចម្ងាយ​ប្រមាណ​ជាង​៤០​គីឡូម៉ែត្រ​ប៉ុណ្ណោះ ពី​រាជធានី​ភ្នំពេញ ហើយ​កាលពីដើម​ឡើយ​ទីតាំង​ប្រវត្តិសាស្ត្រ​មួយ​នេះ គឺជា​តំបន់​លិច​ទឹក ឬ​ក៏​ជា​បឹង​តែ​ម្ដង ប៉ុន្តែ​ក្រោយមក​អ្នកស្រុក​បាន​នាំ​គ្នា​ចាក់​ដី​សង់​លំនៅ​ឋាន​ពី​មួយ​ជំនាន់​ទី​មួយ​ជំនាន់​រាប់រយ​ឆ្នាំ​មក​ហើយ​នោះ ទើប​ក្លាយ​ពី​តំបន់​លិច​ទឹក​មក​ជា​ដីគោក​ដូច​សព្វថ្ងៃ​ដែល​មាន​អ្នក​ភូមិ​រស់នៅ​ច្រើន​ផង​ដែរ ហើយ​ពួក​គាត់​បាន​ប្រកប​របរ​រក​ស៊ីផ្សេង​ៗ គ្នា​ដូច​ជា កសិកម្ម​និង​អាជីវកម្ម​ជាដើម ប៉ុន្តែ​នៅ​ប៉ែក​ខាងជើង​ភូមិ​នេះ ក៏​នៅ​តែ​ជា​តំបន់​លិច​ទឹក​នា​រដូវវស្សា​ដដែល ហើយ​ក៏​ជា​វាលស្រែ​ប្រាំង​រាប់​សិប​ហិច​តា​ថែម​ទៀត​ផង ។

យោង​តាម​សៀវភៅ​ប្រជុំរឿងព្រេង​ខ្មែរ​ភាគ​ទី​៥ បាន​តំណាល​ថា «​ព្រះរាជា​ដែល​គង់នៅ​ឯ​ព្រះ​ពន្លា​នា​ក្រុង​លង្វែក ក្រោយ​ពី​បាន​សព្វព្រះរាជហឫទ័យ​និង​នាង​ត្រចើល​ដោះ​ក្រាល ដែល​ជា​កូនស្រី​តា​ដុ​ង យាយ​ជ័យ យ៉ាង​ខ្លាំង ក្រោយមក​ព្រះ​អង្គ​ទ្រង់​ចូល​ស្ដី​ដ​ណ្ដឹ​នាង​ធ្វើ​ជា​ព្រះរាជ​ទេពី​របស់​ព្រះ​អង្គ ហើយ​ព្រះ​អង្គ​បាន​ប្រាប់​ឲ្យ​តា​និង​យាយ​បង្គាប់​យ៉ាងណា​ក៏​បង្គាប់​ចុះ ព្រះ​អង្គ​ព្រម​ទទួល​ទាំងអស់ ។ ខណៈនោះ​ដោយសារ​មិន​ហ៊ាន​បដិសេធន៍​និង​ព្រះ​អង្គ ម្យ៉ាង​ពួក​គាត់​បានដឹង​ថា​កូនស្រី​ជាទី​ស្រលាញ់​របស់​គាត់​ប្រាកដជា​មិន​ព្រម​ទទួលយក​ស្ដេច​ធ្វើ​ជា​ស្វាមី​ទេ ព្រោះ​នាង​មាន​ស្នេហ៍​ស្មោះ​ដ៏​លើសលប់​ទៅ​លើ​ចៅ​ប្រមាញ់​វិញ​ស៊ុ​ង ដែល​ជា​កូនប្រុស​របស់​ព្រាន​វី​ង​ទៅ​ហើយ រីឯ​ពួក​គាត់​ក៏​ស្រឡាញ់​ពេញចិត្ត​ចំពោះ​ចៅ​ប្រមាញ់​វិញ​ស៊ុ​ង​ដែរ​នោះ ទើប​តា​ដុ​ង យាយ​ជ័យ​ធ្វើ​ជា​ព្រម​ជាមួយ​ស្ដេច ហើយ​ពួក​គាត់​បាន​រិះរក​មធ្យោបាយ​បង្គាប់​ឲ្យ​ធ្ងន់​ដើម្បី​កុំ​ឲ្យ​ព្រះ​អង្គ​ធ្វើ​បាន ។

លុះ​គិត​រួច​ហើយ​តា​ដុ​ង យាយ​ជ័យ បាន​បង្គាប់​ឲ្យ​ព្រះរាជា​លើកថ្នល់​ពី​ព្រះ​ពន្លា​របស់​ព្រះ​អង្គ​នៅ​ឯ​ក្រុង​លង្វែក​រហូត​ដល់​ផ្ទះ​ពួក​គាត់​តែ​ក្នុង​១​រាត្រី​ឲ្យ​ហើយ បើ​លើក​មិន​ហើយ​ពួក​គាត់​និង​មិន​លើក​កូនស្រី​ថ្វាយ​ឡើយ ។ បន្ទាប់​ពី​ទទួល​បង្គាប់​តា​និង​យាយ​នោះ​ហើយ ព្រះរាជា​បានដឹង​ថា នេះ​គឺជា​បន្ទុក​មួយ​ដ៏​ធ្ងន់​ណាស់ តែ​ដោយ​ព្រះ​អង្គ​ចាប់ចិត្ត​ប្រតិព័ទ្ធ​លើ​នាង​ត្រចើល​ដោះ​ក្រាល​ខ្លាំង​ពេក ហើយ​ព្រះ​អង្គ​គឺ​ស្ដេច​មាន​ទស​ពិត​រាជធម៌​ផង​នោះ ព្រះ​អង្គ​ក៏​ព្រម​ទទួលយក​បង្គាប់​នេះ រួច​ក៏​បាន​កេណ្ឌ​សេនា​រេហ៍ពល​ឲ្យ​លើកថ្នល់​ធ្វើ​យ៉ាងណា​ង​ក្នុង​១​រាត្រី​ឲ្យ​ហើយ ។

ចំណែក​តា​ដុ​ង យាយ​ជ័យ ក៏​បាន​រៀប​នាំ​គ្រួសារ​ចុះទូក​រួច​ជា​ស្រេច តាម​មើល​សេនា​រេហ៍ពល​របស់​ស្ដេច​លើក​ផ្លូវថ្នល់ ដោយ​ពួក​គាត់​មាន​បំណង​ថា «​បើ​ព្រះ​អង្គ​លើក​ផ្លូវថ្នល់​ក្នុង​១​យប់​ហើយ​មែន​នឹង​នាំ​នាង​ត្រចើល​ដោះ​ក្រាល ជា​កូនរ​ត់ទៅ​តែ​ម្ដង​» លុះ​ពេល​ឃើញ​ផ្លូវថ្នល់​នោះ ស្ដេច​លើក​មិន​ហើយ​តាម​ការ​បង្គាប់ តា​និង​យាយ​ត្រេកអរ​ខ្លាំង​ណាស់ ក៏​ចូល​ចតទូក​ត្រង់​កន្លែង​ផ្លូវថ្នល់​ដាច់​មិន​ជួប​គ្នា​នោះ ពេល​ចតទូក​រួច​ភ្លាម តា​ដុ​ង យាយ​ជ័យ ក៏​ឡើង​ទៅ​មើលផ្លូវ​ថ្នល់ ។ ខណៈ​ពេល​គាត់​កំពុង​តែ​ពិនិត្យ​មើល​ថ្នល់​នោះ សេនា​ក៏​ទៅ​ក្រាប​បង្គំ​ទូល​ព្រះរាជា តាម​រឿងហេតុ​ដែល​លើក​ផ្លូវថ្នល់​មិន​ហើយ​នោះ​ដែរ ព្រះរាជា​ក៏​ស្ដេច​យាង​មក​ទត​មើល ។

រីឯ​តា​ដុ​ង​យាយ​ជ័យ​ឮដំណឹង​ថា ស្ដេច​យាង​មក​ហើយ ក៏​បបួល​គ្នា​រត់​ចុះទូក​កុំ​ឲ្យ​ស្ដេច​ឃើញ​មុខ ។ ពេល​នោះ​យាយ​ជ័យ​ប្រពន្ធ​តា​ដុ​ង ភ័យ​ញញីញញ័រ​រត់​ចុះ​ទៅ​ទូក​មិនកើត​ក៏​វារ​ចុះ​តាម​ច្រាំង​ជង្ហុក ទទួល​ជួន​ជា​សេនា​មក​ដល់​ក៏​ស្រែក​ឃាត់​ថា «​យាយ​កុំ​វារ​ចុះ​ទៅ​ទូក​អី ស្ដេច​យាង​មក​ដល់​ឥឡូវ​ហើយ​»​។ យាយ​ជ័យ​មិន​ស្ដាប់​សោះ​ក៏​ចេះ​តែ​វា​ចុះទូក ដល់​ទូក​ហើយ​ក៏​ច្រាន​ទូក​ចេញ​ទៅ​។ កន្លែង​ដែល​យាយ​ជ័យ​វារ​នោះ ពី​ដើម​គេ​ហៅ «​កំពង់​យាយ​ជ័យ​វារ តែ​សព្វថ្ងៃ​គេ​ហៅ​ក្លាយ​ថា កំពង់​ចុះ​វារ​» ស្ថិត​នៅ​ក្នុង​ឃុំ​វិហារ​ហ្លួង ស្រុក​ពញាឮ ខេត្តកណ្ដាល នេះឯង ។

សូម​បញ្ជាក់​ផង​ដែរ​ថា ប្រសិនបើ​លោក​អ្នក​ធ្វើ​ដំណើរ​ពី​រាជធានី​ភ្នំពេញ​ទៅ​កាន់​ខេត្តកំពង់ឆ្នាំង តាម​ផ្លូវជាតិ​លេខ​៥ ហួស​ច្រកចូល​ទៅ​កាន់​ភ្នំ​ព្រះរាជ​ទ្រព្យ ឬ​ភ្នំ​អដ្ឋរស្ស​បន្តិច ជិត​ដល់​ផ្សារ​ឧដុង្គ​នោះ​លោក​អ្នក​និង​បានឃើញ​ខ្លោងទ្វារ​១​ដែល​សាងសង់​អំពី​ដែក ស្ថិត​នៅ​ខាងស្ដាំ​ដៃ​ជាប់​និង​ដងផ្លូវ​ជាតិ​លេខ​៥ ហើយ​នៅ​លើ​ខ្លោងទ្វារ​នេះ​មាន​សរសេរ​អក្សរ​ខ្មែរ​ធំ​ៗ​ពណ៌​ស​ថា «​ភូមិ​កំពង់​ចុះ​វារ​» ឃុំ​កំពង់ហ្លួង ស្រុក​ពញាឮ ខេត្តកណ្ដាល និង​មាន​សរសេរ​អក្សរ​អង់គ្លេស​នៅ​ពីក្រោម​ថា «PHOUM COMPONG CHO VEA» ។

​ប៉ុន្តែ​បើ​ធ្វើ​ដំណើរ​ចេញពី​ខេត្តកំពង់ឆ្នាំង​ចូល​រាជធានី​ភ្នំពេញ​វិញ ហួស​ផ្សារ​ឧដុង្គ​បន្តិច​នោះ​និង​បានឃើញ​ខ្លោងទ្វារ​ភូមិ​នេះ​ស្ថិត​នៅ​ខាងឆ្វេង​ដៃ​វិញ ហើយ​ចូល​ទៅ​ចម្ងាយ​ប្រមាណ​ជាង​២០០​ម៉ែត្រ និង​ដល់​ភូមិ​នោះ​ហើយ ម្យ៉ាងទៀត​ដោយសារ​តែ​ការ​អភិវឌ្ឍន៍​មិន​មាន​ស្លាកស្នាម​អ្វី​បន្សល់​ទុក​នោះ​ទេ ប៉ុន្តែ​អ្នក​ភូមិ​នៅ​តំបន់​នោះ​ភាគច្រើន បានដឹង​ខ្លះ​ៗ​ពី​ប្រវត្តិ​ភូមិ​នេះ​តាម​រយៈ​ការ​អាន​សៀវភៅ​រឿងព្រេង ឬ​តាម​រយៈ​ការ​និទាន​ពី​ចាស់ទុំ​ពី​មួយ​ជំនាន់​ទី​មួយ​ជំនាន់​ផង​ដែរ​៕ (កែ​សម្រួល​ដោយ​ ៖ បុប្ផា)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ