ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាហារូបករណ៍ចំនួន ២០០០កន្លែង ពីក្រសួងអប់រំ យុវជន និងកីឡា និងសាលា អេស៊ីអ៊ី សម្រាប់សិស្សត្រៀមប្រលងបាក់ឌុបឆ្នាំនេះ

3 ឆ្នាំ មុន
  • ភ្នំពេញ

ក្រសួងអប់រំ យុវជន និងកីឡា (MoEYS) តាមរយៈកម្មវិធីអាហារូបករណ៍របស់មជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់ការបណ្តុះបណ្តាល (ACE) នឹងផ្តល់អាហារូបករណ៍សិក្សាភាសាអង់គ្លេសតាមប្រព័ន្ធអេឡិចត្រូនិកពីចម្ងាយ (virtual classes) ដល់សិស្សថ្នាក់ទី…

ក្រសួងអប់រំ យុវជន និងកីឡា (MoEYS) តាមរយៈកម្មវិធីអាហារូបករណ៍របស់មជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់ការបណ្តុះបណ្តាល (ACE) នឹងផ្តល់អាហារូបករណ៍សិក្សាភាសាអង់គ្លេសតាមប្រព័ន្ធអេឡិចត្រូនិកពីចម្ងាយ (virtual classes) ដល់សិស្សថ្នាក់ទី ១២ តាមបណ្តាខេត្តក្រុងនានា ។

នៅព្រឹកថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ២០២០នេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីនៃក្រសួងអប់រំ យុវជន និងកីឡា និងលោក ម៉ៅ ស្រេង នាយកប្រចាំប្រទេសនៃសាលា ACE និងស្ថាប័ន IDP Education បានចុះហត្ថលេខាលើអនុស្សរណៈ ក្នុងការផ្តល់អាហារូបករណ៍ចំនួន ២០០០កន្លែង ដល់សិស្សានុសិស្សត្រៀមប្រលងសញ្ញាប័ត្រទុតិយភូមិក្នុងឆ្នាំនេះដើម្បីរៀនបំប៉នភាសាអង់គ្លេសពីចម្ងាយជាមួយសាលា ACE ។

អាហារូបករណ៍សិក្សាភាសាអង់គ្លេសតាមប្រព័ន្ធអេឡិចត្រូនិក គឺជាផ្នែកមួយនៃកិច្ចការសង្គមរបស់សាលា ACE ដើម្បីគាំទ្រនូវកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបន្តផ្តល់នូវការអប់រំដល់សិស្សានុសិស្សទូទាំងប្រទេស តាមរយៈកម្មវិធីសិក្សាតាមប្រព័ន្ធអេឡិចត្រូនិកពីចម្ងាយ អំឡុងពេលនៃការទប់ស្កាត់ការឆ្លងនូវមេរោគកូវីដ ១៩ ។

សាលា ACE ដែលបង្កើតឡើងដោយស្ថាប័ន IDP Education នៅប្រទេសកម្ពុជាតាំងពីឆ្នាំ១៩៩២ ធ្លាប់បានទទួលនាមជាសាលាភាសាដែលល្អជាងគេបំផុតទាំងបួនលើសាកលលោកនៅក្នុងកម្មវិធីពានរង្វាន់នៅក្រុងឡុងដ៏នៃចក្រភពអង់គ្លេស កាលពីឆ្នាំ ២០១៨ ។ សាលា ACE មានប្រាំមួយសាខានៅប្រទេសកម្ពុជា និងសិស្សនិស្សិតចំនួន ២៥,០០០នាក់ ។ សាលា ACE បានប្តូរវិធីសាស្ត្រពីការបង្រៀនក្នុងថ្នាក់ទៅជាការបង្រៀនតាមប្រព័ន្ធអេឡិចត្រូនិកពីចម្ងាយជាមួយគ្រូបង្រៀនផ្ទាល់ដោយប្រើប្រាស់បច្ចេកវិទ្យាទំនើប និងមានប្រសិទ្ធិភាព ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន បានមានប្រសាសន៍ថា រួមជាមួយនឹងការគាំទ្រយ៉ាងសកម្មពីសំណាក់ក្រសួង និងស្ថាប័នពាក់ព័ន្ធនានា ក្រសួងអប់រំ យុវជន និងកីឡា បាននិងកំពុងខិតខំប្រឹងប្រែងបន្តផ្តល់ជូនសិស្សានុសិស្សទូទាំងប្រទេសនូវការអប់រំដែលមានគុណភាព និងប្រសិទ្ធិភាពក្នុងខណៈដែលការរក្សាឱ្យបាននូវសុវត្ថិភាពរបស់សិស្សានុ សិស្ស និងសហគមន៍ជាអត្ថិភាពខ្ពស់បំផុត ។ កម្មវិធីអាហារូបករណ៍សិក្សាពីចម្ងាយរបស់សាលា ACE នេះ គឺជាឧទាហរណ៍មួយដែលបញ្ជាក់ភាពឆ្នៃប្រឌិតដែលអាចធ្វើបានក្នុងវិស័យអប់រំតាមរយៈការប្រើប្រាស់បច្ចេកវិទ្យា ។

ឯកឧត្តម Pablo Kang ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំប្រទេសកម្ពុជាដែលមានវត្តមាននៅពិធីចុះហត្ថលេខាលើអនុស្សរណៈបានថ្លែងថា ៖ «ប្រទេសអូស្ត្រាលីមានប្រវត្តិផ្តល់ជំនួយដល់វិស័យអប់រំក្នុងប្រទេសកម្ពុជាតាំងពីយូរណាស់មកហើយ រួមទាំងក្នុងអំឡុងពេលដ៏លំបាកនេះ ។ ខ្ញុំមានក្តីរីករាយ និងការសរសើរដល់ស្ថាប័នរបស់ប្រទេសអូស្ត្រាលីដូចជាសាលា ACE ដែលបានកែសម្រួលវិធីសាស្ត្របង្រៀនសម្របទៅនឹងកាលៈទេសៈបច្ចុប្បន្នដើម្បីបន្តផ្តល់នូវការបណ្តុះបណ្តាលភាសាអង់គ្លេសដែលមានគុណភាពដល់សិស្ស និស្សិតក្នុងប្រទេសកម្ពុជា» ។

លោក ម៉ៅ ស្រេង បានលើកឡើងថា ៖ «អាហារូបករណ៍សិក្សាភាសាអង់គ្លេសតាមប្រព័ន្ធអេឡិចត្រូនិកពីចម្ងាយនឹងជួយជាប្រយោជន៍ពង្រឹងសមត្ថភាពភាសាអង់គ្លេស និងឱកាសទទួលបានលទ្ធផលប្រសើរលើមុខវិជ្ជាភាសាអង់គ្លេសក្នុងការប្រលងសញ្ញាប័ត្រទុតិយភូមិខាងមុខនេះ» ។

យោងតាមប្រសាសន៍របស់លោក Ashley Irving ចាងហ្វាងសាលា ACE សិស្សថ្នាក់ទី ១២ ឆ្នាំសិក្សា ២០១៩-២០២០ អាចដាក់ពាក្យសុំអាហារូបករណ៍តាមប្រព័ន្ធអនឡាញ ចាប់ពីថ្ងៃទី ០២ រហូតដល់ ថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ២០២០ ។

បេក្ខជនដែលទទួលបានអាហារូបករណ៍ទាំង ២០០០នាក់ នឹងចាប់ផ្តើមវគ្គសិក្សាចាប់ពីចុងខែមិថុនារហូតដល់ខែកញ្ញា ឆ្នាំ២០២០ ។ ដើម្បីដាក់ពាក្យអាហារូបករណ៍ ឬព័ត៌មានបន្ថែមសូមទូរស័ព្ទទៅលេខ ៖ ០១២ ៣៩២ ៧៧៦ / ០១០ ៩០៣ ៩៨៧ ឬ acecambodia.org/scholarship ៕ អត្ថបទសហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ