ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពល​ករ​ខ្មែរ​​ត្រូវ​​អាជ្ញា​ធរ​សៀម​ចាប់​បញ្ជូន​មក​វិញ​មាន​ចំនួន​កើន​ឡើង

15 ឆ្នាំ មុន

ក្រុង​ប៉ោយ​បែត ៖ ​ក្នុង​​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​ពល​ករ​​ចំណាក​ស្រុក​ដែល​​ចូល​ទៅ​ទឹក​ដី​សៀម​ខុសច្បាប់​​តាមច្រក​​របៀង​ព្រំ​ដែន​ត្រូវ​​អាជ្ញាធរ និង​សមត្ថ​កិច្ច​សៀម​ចាប់​បញ្ជូន​ត្រឡប់​​មក​កម្ពុជា​វិញ ​តាម​ច្រក​​ទ្វារ​អន្តរ​ជាតិ​ប៉ោយ​ប៉ែត ​មាន​ការ​កើន​ឡើង។ ភាព​​គ្មាន​ការ​ថម​ថយ​នេះ ត្រូវ​បាន​មតិ​ជា​ច្រើន​​រិះ​គន់​ថា ​ដោយ​សារ​​សមត្ថ​កិច្ច​តាម​បន្ទាត់​ព្រំ​ដែន​​នៃ​ច្រក​​មួយ​ចំនួន​គ្មាន​ការ​​ទប់​ស្កាត់​​ការ​ឆ្លង​ដែន ព្រោះ​​តែ​ចង់​បាន​ផល​ប្រយោជន៍​​ផ្ទាល់​ខ្លួន​។

ពល​ករ​​​ខុស​ច្បាប់​​​ដែល​ត្រូវសមត្ថកិច្ច​សៀម​បញ្ជូន​មក​ឱ្យ​សមត្ថ​កិច្ច​​​ប៉េអឹម​​អន្តោ​ប្រវេសន៍​​កម្ពុជា​នា​ពេល​បច្ចុ​ប្បន្ន​​ ក្នុង​មួយ​ថ្ងៃៗ​មិន​ក្រោម​​២០០​នាក់​នោះទេ​ ហើយ​​ថ្ងៃ​ខ្លះ​ក៏​អាច​មាន​រហូត​ដល់​ទៅ​ជិត​៤០០​នាក់​ឯណោះ ។ ​ជាក់​ស្តែង​​នៅ​ថ្ងៃ​ទី​១៦ មីនា បើ​តាម​ប្រភព​ពី​សមត្ថ​កិច្ច​បាន​បង្ហើប​​ថា ការ​ដឹក​បញ្ជូន​ពល​ករ​ខុស​ច្បាប់​​មក​ពី​ទឹក​ដី​សៀម​​មាន​រហូត​ដល់​ទៅ​៩​រថយន្ត​ ដែល​ក្នុង​មួយ​រថយន្ត​​​មិន​ក្រោម​​៥០​នាក់​នោះ​ទេ នឹងពេល​ខ្លះ​ក៏​ដឹក​មិន​សូវ​ពេញ​ត្រឹម​​៣០​ទៅ​៤០​នាក់​ក៏​មាន ហើយ​សមត្ថ​កិច្ច​បង្ហើប​ឱ្យ​ដឹង​​ថា មាន​ចំនួន​ជាង​៣០០​នាក់ សម្រាប់​ថ្ងៃ​​នោះ​។ ​រីឯ​​នៅ​ព្រឹក​​ថ្ងៃ​ទី​១៧ មីនា បើ​គិត​​ត្រឹម​ម៉ោង​៩​ព្រឹក ពល​ករ​​ខុស​ច្បាប់​​ត្រូវ​សមត្ថ​កិច្ច​​សៀម​ចាប់​បញ្ជូន​មក​ឱ្យ​សមត្ថ​កិច្ច​កម្ពុជា​តាម​ច្រក​ទ្វារ​ប៉ោយ​ប៉ែត ​​មាន​ចំនួន​៣​រថយន្ត​បើ​គិត​ពី​ចំនួន​មនុស្ស គឺ​មិន​ក្រោម​​​១០០​​នាក់​នោះ​ទេ ។

ពល​ករ​ដែល​សៀម​ចាប់​បញ្ជូន​​មក​វិញ​ទាំង​នោះ​ ខណៈ​អ្នក​យក​ព័ត៌​មាន​ព្យា​យាម​​​សួរ​នាំ​ពួក​គេពុំ​ប្រាប់​​ពី​អត្ត​សញ្ញាណ​ទេ ប៉ុន្តែ​​ភាគច្រើន​​អះ​​អាង​ថា ពួក​ខ្លួន​ចេញ​ទៅ​តាម​ច្រក​របៀង​ទៅ​ទឹក​ដី​​សៀម​​ដើម្បី​រក​ការ​ងារ​ធ្វើ​តាម​បន្ទាត់​ព្រំដែន។ ​អ្នក​ខ្លះ​អះ​អាង​ថា ​ចូល​ទៅ​សៀម​តាម​ច្រក​របៀង​នៅ​ក្រុង​ប៉ោយ​ប៉ែត ​ហើយ​មួយ​ចំនួន​ធំ​ប្រាប់​ថា ចូល​តាម​ច្រក​​របៀង​ក្នុង​ស្រុក​ម៉ាឡៃ ៕