ខេត្តកណ្តាល ៖ ផ្ទះអាជីវករលក់មាស-ប្តូរប្រាក់នៅភូមិរកាកោង ឃុំរកាកោង១ ស្រុកមុខកំពូល ត្រូវចោរប្រដាប់អាវុធមានគ្នា៤នាក់ ជិះម៉ូតូចូលប្លន់យកអស់គ្រឿងអលង្ការ មាស១៣តម្លឹង ប្លាទីន១៥តម្លឹង ប្រាក់អាមេរិក៦ពាន់ដុល្លារ ប្រាក់ថៃ១ម៉ឺនបាត និងទូរស័ព្ទដៃ៣គ្រឿង កាលពីវេលាម៉ោង៥និង១០នាទីល្ងាចថ្ងៃទី៦ មីនា ២០១១ កន្លងមកថ្មីៗនេះ…ករណីប្លន់ដ៏ក្រាស់ក្រែលនេះដំបូងឡើយ អាជ្ញាធរមូលដ្ឋានព្យាយាមបិទព័ត៌មាន ប៉ុន្តែទីបំផុតនៅតែធ្លាយចេញមកក្រៅទាល់តែបាន។
តាមប្រភពព័ត៌មានពីមន្ត្រីបម្រើការនៅសាលាស្រុកមុខកំពូលបានឱ្យដឹងថា កាលពីវេលាម៉ោង៥និង១០នាទីល្ងាចថ្ងៃទី៦ មីនា មានករណីប្លន់ប្រដាប់អាវុធដ៏ហំហានមួយ ចោរមានគ្នា៤នាក់ ជិះម៉ូតូ៣គ្រឿង ស្លៀកពាក់ស៊ីវិល បានធ្វើសកម្មភាពភ្ជង់ម្ចាស់ហាងលក់មាស-ប្រាក់ឈ្មោះយូរ អេងលី ភេទស្រី អាយុ៦៥ឆ្នាំ ប្រមូលយកគ្រឿងអលង្ការ មានមាស ប្លាទីន លុយ ហើយគេចខ្លួនបាត់ដោយសុវត្ថិភាព ពុំមានការរំខានដល់សមត្ថកិច្ចពេលកើតហេតុ
ភ្លាមៗឡើយ ។ ពេលកើតហេតុ ម្ចាស់ហាងលក់មាស-ប្តូរប្រាក់ កំពុងរៀបចំបិទទូ (ទូកញ្ចក់ដាក់លក់ក្នុងផ្ទះ) ដើម្បីឈប់លក់ ស្រាប់តែមានបក្សពួកចោរប្លន់ជិះម៉ូតូ៣គ្រឿងមានគ្នា៤នាក់សម្រុកចូលមកឈប់នៅមុខហាងលក់មាស-ប្តូរប្រាក់ក្បែរមាត់ទ្វារ ហើយដកកាំភ្លើងខ្លីភ្ជង់ទៅលើម្ចាស់ហាង វាយនឹងកាំភ្លើងចំក្បាល បែកឈាមហូររហាម និងគំរាមបាញ់សម្លាប់ចោលប្រសិនបើហ៊ានស្រែក… ពេលនោះបក្សពួកចោរនាំគ្នាប្រមូលយកលុយ មាស ប្លាទីនអស់ជាច្រើន ហើយនាំគ្នាជិះម៉ូតូគេចខ្លួនបាត់ស្រមោល ។
អំពើប្លន់នោះ ចោរបានប្រមូលយកមាសអស់១៣តម្លឹង ប្លាទីន១៥តម្លឹង ប្រាក់អាមេរិក៦ពាន់ដុល្លារ ប្រាក់ថៃ១ម៉ឺនបាត ទូរស័ព្ទដៃ៣គ្រឿង ព្រមទាំងសម្ភារមួយចំនួនទៀត រួចហើយគេចខ្លួនបាត់ស្រមោល…ចំណែកលោកអធិការទើបឡើងកាន់តំណែងថ្មី បានត្រឹមមកធ្វើកំណត់ហេតុ និងហិតក្លិនចោរតែប៉ុណ្ណោះ មិនបានឃើញខ្លួនទេ ៕
ចែករំលែកព័តមាននេះ