ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេងទំនើង​បង្ក​ជម្លោះ​ស្លា.ប់​១របួស២នាក់​នៅ​ស្រុក​ពញាក្រែក

13 ឆ្នាំ មុន

ខេត្តកំពង់​ចាម​ ៖ ​ក្រុមក្មេងទំនើង៥នាក់ ប្រដាប់ទៅដោយដាវគ្រប់ដៃបានបង្កជម្លោះ ជាមួយនឹងប្រជាពលរដ្ឋ២នាក់​នៅភូមិកញ្ចែរ ឃុំកក់ ស្រុកពញាក្រែក កាលពី​វេលាម៉ោង១០ និង៣០នាទីយប់ថ្ងៃទី៤ កុម្ភៈ ២០១១ បណ្តាល ឱ្យយុវជនម្នាក់ឈ្មោះ ឈឹម ឌីណា អាយុ១៩ឆ្នាំ ស្លា.ប់និង២នាក់ទៀត​រងរបួស​ ក្នុងនោះ​មានម្នាក់​ត្រូវ​បាន​នាំ​មកសង្គ្រោះ​នៅមន្ទីរពេទ្យ​ខេត្ត​ និង ម្នាក់ទៀតត្រូវ​បាននាំទៅសង្គ្រោះ​នៅ​ប្រទេស វៀតណាម

ខេត្តកំពង់​ចាម​ ៖ ​ក្រុមក្មេងទំនើង៥នាក់ ប្រដាប់ទៅដោយដាវគ្រប់ដៃបានបង្កជម្លោះ ជាមួយនឹងប្រជាពលរដ្ឋ២នាក់​នៅភូមិកញ្ចែរ ឃុំកក់ ស្រុកពញាក្រែក កាលពី​វេលាម៉ោង១០ និង៣០នាទីយប់ថ្ងៃទី៤ កុម្ភៈ ២០១១ បណ្តាល ឱ្យយុវជនម្នាក់ឈ្មោះ ឈឹម ឌីណា អាយុ១៩ឆ្នាំ ស្លាប់និង២នាក់ទៀត​រងរបួស​ ក្នុងនោះ​មានម្នាក់​ត្រូវ​បាន​នាំ​មកសង្គ្រោះ​នៅមន្ទីរពេទ្យ​ខេត្ត​ និង ម្នាក់ទៀតត្រូវ​បាននាំទៅសង្គ្រោះ​នៅ​ប្រទេស វៀតណាម  ។

ឈ្មោះវន សំណាង បានរៀបរាប់ប្រាប់​ឱ្យ​ដឹងនៅក្នុងមន្ទីរពេទ្យខេត្តថា មុនពេល​កើត​ហេតុ​រូបគេនិង​មិត្ត​ភក្តិឈ្មោះឌីណា បានជិះកង់២​គ្រឿងចេញ​ពី​ផ្ទះ​នៅភូមិបុសទី ឃុំក្រែក កាលពី​វេលា​​ម៉ោង​ជាង៨យប់ថ្ងៃទី៤កុម្ភៈ​ ដោយបាន​ឌុបឪពុក​មាឈ្មោះថេង ទៅផ្ទះរបស់គាត់វិញនៅ​ភូមិសំបូរ ។ ពេលត្រឡប់មកវិញដល់ភូមិកញ្ចែរ ឃុំកក់ បានជួបឈ្មោះហិ កំពុងផឹកស៊ីជាមួយ​​មិត្តភក្តិ​ស្រែក​ហៅឱ្យពួកខ្លួនឈប់ ព្រម​ទាំង​ជេរ ប្រមាថ និងយកព្រនង់ប្រុងវាយ​ទៀត​ផង​ ។ ពេលនោះពួកខ្លួនទាំង២​នាក់មិនហ៊ាន​តបតទេ ក៏បានជិះកង់បន្តដំណើរទៅមុខទៀត​បាន​​ប្រហែល៣០ទៅ៤០ម៉ែត្រក៏បានជួបនឹង​មិត្តភក្តិ​ របស់​ខ្លួន​៣នាក់ជិះម៉ូតូមួយគ្រឿង​​ទើប​បបួល គ្នា​ត្រឡប់​ទៅជួបឈ្មោះហិវិញ​ក្នុងគោល​បំណង សួរនាំរកហេតុផលឱ្យបានច្បាស់លាស់ពីរឿង ជេរ​ប្រមាថ ។

ពេលទៅដល់​ក៏​មាន​ការ​ឈ្លោះ​ប្រកែក​ គ្នា​ហើយ​ឈ្មោះហិ បានយកកាំបិត​ផ្គាក់​កាប់មិត្តភក្តិខ្លួន​ឈ្មោះ ឌីណា បណ្តាល​ឱ្យដួល​ទៅ​លើដី ឃើញបែបនេះខ្លួន​បាន​ស្ទុះទៅជួយក៏​ត្រូវ​ឈ្មោះហិ កាប់ត្រូវ​ចំថ្ពាល់ឆ្វេងនិងកំភួន​ដៃ​ឆ្វេងរងរបួសហូរឈាម​ស្រោច​ពេញ​ខ្លួន​។ ពេល​នោះ​ខ្លួន​គ្រាហ៍មិត្តភក្តិរត់​ចេញបានប្រហែល​៦០ម៉ែត្រក៏លែងដៃមិត្តភក្តិ​ចោលរត់យករួច​ខ្លួនព្រោះតែក្រុមឈ្មោះហិ​​បាននាំគ្នាដេញតាមពី​ក្រោយ​ដោយ​មានកាន់កាំបិត​នៅក្នុងដៃ ។
តាមសេចក្តីរាយការណ៏ពីមន្រ្តីនគរបាលស្រុកពញាក្រែកបានប្រាប់កោះសន្តិភាពឱ្យដឹងថា ដើម​ហេតុដំបូងក្រុមក្មេងទំនើង​៥នាក់ក្នុង​នោះមាន១-ឈ្មោះឈឹម ឌីណា (ស្លាប់​) ​២-ឈ្មោះជា ៣-ឈ្មោះថេង ៤-ឈ្មោះរិទ្ធ និង​៥-ឈ្មោះសំណាង បានជិះម៉ូតូ២គ្រឿង​ចេញ​ពីភូមិ​បុសទី ឃុំក្រែក ស្រុកពញាក្រែក ប្រដាប់​ទៅ​ដោយដាវគ្រប់ដៃ លុះពេលជិះផុត​ភូមិកញ្ចែរ ឃុំកក់ ស្រុកពញាក្រែក ក៏បាននាំគ្នា​ត្រឡប់មក​ក្រោយវិញ ។

ពេលក្រុមក្មេង​ទំនើងទាំង៥នាក់ ជិះ​ម៉ូតូត្រឡប់មកដល់ភូមិកញ្ចែរវិញក៏​បានឈប់​ម៉ូតូ​ហើយយកដាវមកភ្ជង់បុរសឈ្មោះប៉ុល ចំរើន និងម្នាក់ទៀតដែលកំពុងតែអង្គុយលេង​នៅខាងមុខផ្ទះ ទើប​បណ្តាលឱ្យកើតមានជម្លោះ​តែម្តង ។ ដោយ​មានការវាយគ្នាទៅវិញទៅ​មក​​ធ្វើ​ឱ្យយុវជនឈ្មោះឌីណា ត្រូវរបួសជាច្រើន​កន្លែងរហូត​ដល់​ស្លាប់ និង២​នាក់​​ទៀត​រងរបួស​ម្នាក់​ឈ្មោះវន សំណាង អាយុ២០ឆ្នាំ រស់នៅ​ភូមិ​បុសទី ឃុំក្រែក ស្រុកពញាក្រែក ត្រូវ​បាន​នាំ​មកសង្គ្រោះ​នៅមន្ទីរពេទ្យខេត្ត​​ និង​ម្នាក់​ទៀត​ឈ្មោះ​ចំរើន ត្រូវ​របួស​ធ្ងន់​ ត្រូវ​បាន​ក្រុម​គ្រួសារ​នាំទៅសង្គ្រោះ​នៅ​ប្រទេស​វៀត​ណាម​។ ករណី​ប្រទូស្ត​រ៉ាយគ្នា​​នេះសមត្ថ​កិច្ច​ជំនាញ​ស្រុក​កំពុង​តែធ្វើការស្រាវជ្រាវបន្ត ៕