ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ូលិស​សម្រេច​បញ្ជូន​មេ​ការ​ក្លឹប​​ខារ៉ា​អូ​ខេ «វ៉ន​ឌើរ» ៦​​នាក់​ក្នុង​ចំណោយ៩​នាក់​ទៅ​តុលា​ការ

15 ឆ្នាំ មុន

ខេត្ត​សៀម​រាប ៖ ទីបំផុត​ សម​ត្ថ​កិច្ច​​នគរ​បាល​​បាន​ធ្វើការ​បញ្ជូន​មនុស្ស​ស្រី​-ប្រុស​៦​នាក់​ក្នុង​ចំណោម​មេការ​ទាំង​៩​នាក់​របស់​ក្លឹ​ប​ខារ៉ាអូខេ​យីហោ «វ៉ន​ឌើរ» (WONDER) ​ដែល​មាន​លាក់​​បំពួន​សេវា​រួម​ភេទ​ទៅ​តុលាការ ដើម្បី​ចាត់​ការ​តាម​ផ្លូវច្បាប់​ នៅ​ថ្ងៃ​ទី​២៣ មីនា​ បន្ទាប់​ពី​បាន​បើ​ក​ប្រតិបត្ដិកា​រប​ង្រ្កា​ប​កាលពី​យប់​ថ្ងៃ​ទី​២២ មីនា កន្លង​មក​។

គួរ​បញ្ជាក់​ថា កាលពី​វេលា​ម៉ោង៨​​និង​៣០ នាទី​យប់​ថ្ងៃ​ទី​២២ ខែមីនា ឆ្នាំ​២០១១ ទីតាំង ខារ៉ាអូខេ​វ៉​ន​ឌើ​រ​ដែល​លួច​បំពួន​សេវា​ផ្លូវភេទ ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​លោកតា​ណឺ​យ ក្នុងភូមិ​បន្ទាយ​ចាស់ សង្កាត់​ស្ល​ក្រាម ​ក្រុង​សៀមរាប ​បាន​ត្រូវ​​សមត្ថកិច្ច​​នគរ​បាល​ដឹកនាំ​ដោយ​ព្រះរាជ​អាជ្ញាអម​សាលា​ដំបូង​ខេត្ដ លោក​ទី សុ​វិ​ន​ថា​ល់ និង​លោក​អ៊ុំ អមរា ស្នងការ​រង​នគរបាល​ខេត្ដ​ចុះ​ទៅ​បង្ក្រាប។ ​នៅ​ក្នុង​ប្រតិបត្ដិការ​នោះ ក្រុម​នគរបាល​ប្រមូល​បាន​នារី​បំរើសេវា​នៅ​ក្នុង​ក្លឹ​ប​នេះ ចំនួន​៧២​នាក់ និង​មេ​ការ​ប្រុស​-​ស្រី​ចំនួន​៩​នាក់ ប៉ុន្ដែ​ថៅកែ​ក្លឹ​ប​នេះ​ពុំ​ត្រូវ​បាន​ឃាត់ខ្លួន​ទេ ដោយ​សារ​តែ​ក្នុង​ពេល​ប្រតិបត្ដិការ​គេ​ពុំ​ឃើញ​មាន​វត្ដមាន​ថៅកែ​នៅ​ទីនោះ ។

ស្នងការ​រង​នគរបាល​ខេត្ដ ទទួល​បន្ទុក​ការិយាល័យ​កណ្ដាល​ប្រឆាំង​បទល្មើស​លោក​​វរ​សេនីយ៍​ឯក ​អ៊ុំ អមរា បាន​ថ្លែង​ឱ្យ​ដឹង​ថា ​នារី​បំរើ​សេវា​ទាំង​៧២​នាក់​ដែល​ប្រមូល​បាន​នោះ​ ក្រោយ​​ពី​ប​ង្ក្រា​ប​យើង​បាន​បញ្ជូន​​​ទៅ​ធ្វើ​ការ​សាកសួរ រួច​ហើយ​ប្រគល់​​ទៅ​ឱ្យ​​មន្ទីរ​សង្គម​កិច្ច ​អតីត​យុទ្ធ​​ជន និង​យុវនីតិ​សម្បទា​​ខេត្ដ​ ដើម្បី​ធ្វើការ​អប់រំ​​ ​និង​ស្វែងរក​​ការ​បណ្ដុះបណ្ដាល​វិជ្ជា​ជីវៈ​​ដល់​ពួក​គេ ។ ដោយឡែក​ចំពោះ​មេការ​ស្រី-ប្រុស​ចំនួន​៦​នាក់​ក្នុង​ចំណោម​៩​នាក់​ ត្រូវ​បាន​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​​​សាលាដំបូង​ខេត្ដ ដើម្បី​ចាត់ការ​តាម​ច្បាប់​​ពាក់ព័ន្ធ​នឹង​បទល្មើស​សញ្ចារកម្ម​។

លោកស្នងការ​រង​បន្ដ​ថា កា​រ​សម្រេច​បញ្ជូន​​មេការ​ទាំង​៦​នាក់​ដែល​ក្នុង​នោះ​មាន​ស្រី​៥​នាក់ ទៅ​តុលាការ​នេះ ​ធ្វើ​ឡើង​បន្ទាប់​ពី​នគរ​បាល​បាន​រក​ឃើញ​ថា ពួក​គេ​​​ជាប់​ព័ន្ធ​នឹង​​​ការ​ទទួលផល​ពី​​អំពើ​ពេស្យា​ចារ​។ ចំណែក​ថៅកែ​​ក្លឹ​ប​ខារ៉ាអូខេ​នេះ​ ក៏​ត្រូវ​បាន​កសាង​សំណុំ​រឿង​​បញ្ជូន​ទៅ​សាលា​ដំបូង​ដែរ ប៉ុន្ដែ​ចំពោះ​អត្ដ​សញ្ញាណ​ថៅកែ​ក្លឹ​ប​នេះ លោក​ពុំ​​បាន​បញ្ជាក់​​ឱ្យ​ដឹង​ទេ​។

មន្ដ្រី​​​មន្ទីរ​​សង្គម​កិច្ច​អតីត​យុទ្ធ​ជន​ និង​យុវ​នីតិ​​សម្ប​​ទា​​មួយ​រូប​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ថ្លែង​ថា នារី​បម្រើ​ការ​នៅ​ក្លឹ​ប​វ៉ន​ឌើរទាំង​៧២​នាក់​នេះ​​ត្រូវ​បាន​អង្គការ​ សមាគម​មួយ​ចំនួន​ទទួល​យក​ទៅ​បណ្ដុះបណ្ដាល​​​ហើយ ក្នុង​នោះ​អង្គការ​ជួយ​ស្ដ្រី​មាន​វិបត្ដ (CWCC) ទទួលយក​​ចំនួន​៥១​នាក់ អង្គការ​បេសកកម្ម​ដើម្បី​យុត្ដិ​ធម៌​អន្ដរជាតិ (ITM) ទទួលយក​នារី​ដែល​មាន​អាយុ​ក្រោម​១៨​ឆ្នាំ​ចំនួន​១៩​នាក់ និង​អង្គការ​ពិភពលោក​នៃ​ក្ដី​សង្ឃឹម​ទទួលយក​​២​នាក់​។ ពាក់ព័ន្ធ​​នឹង​ស្ដ្រី​១៩​នាក់​ដែល​មិន​ទាន់​គ្រប់​អាយុ​១៨​ឆ្នាំ​នេះ កញ្ញា ​សុភាព បុគ្គលិក​អង្គការ​បេស​ក​កម្ម​ដើម្បី​យុត្ដិ​ធម៌​អន្ដរជាតិ​បានឱ្យ​ដឹង​ថា អង្គការ​បាន​ទទួលយក​ស្ដ្រី​ដែល​មាន​អាយុ​ក្រោម​១៨​ឆ្នាំ ដែល​បម្រើ​ការ​នៅ​ក្នុង​ក្លឹ​ប​ខារ៉ាអូខេ​វ៉ន​ឌើរ​ចំនួន​១៩​នាក់​ប៉ុន្ដែ​បច្ចុប្បន្ន​មាន​២​នាក់​ត្រូវ​បាន​ឪពុក​ម្ដាយ​ធានា​យក​​ទៅ​វិញ​។

លោក​វរ​សេនីយ៍​ទោ ស៊ុន ប៊ុ​ន​ថង នាយ​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការ​ពា​រ​អ​នីតិ​ជន ​បាន​ថ្លែង​កាលពី​រសៀល​ថ្ងៃ​ទី​២៣​​មីនា ​ថា ​យើង​នៅ​មិន​ទាន់​ដឹង​ថា​អ្នក​ណាមួយ​ពិត​ប្រាកដជា​ថៅកែ​ក្លឹ​ប​នេះ​នៅឡើយ​គ្រាន់តែ​ដឹង​ថា ​ក្លឹ​ប​ខា​រ៉ា​អូ​ខេ«វ៉ន​ឌើរ​» នេះ​មាន​ម្ចាស់​ភាគ​ហ៊ុន​ចំនួន​បី​រួម​គ្នា គឺ​ជនជាតិ​ខ្មែរ​-​បារាំង​- ជប៉ុន ដែល​ទើបតែ​បន្ដដំណើរ​​ការ​ពី​ក្លឹ​ប​មុន​ឈ្មោះ​«​អិុច​អូ​» បាន​តែ​ប៉ុន្មាន​ខែ​ប៉ុណ្ណោះ​។ នៅ​​ពេល​ប្រតិ​​បត្ដិ​កា​រប​ង្ក្រា​ប ​សមត្ថកិច្ច​បាន​ធ្វើ​ការ​ឆែក​ឆេ​រ​នៅ​តាម​បន្ទប់​​រក​ឃើញ​ដៃគូរ​រួម​សិច​ចំនួន​ពីរ​គូ និង​ស្រោម​អនាម័យ​ប្រើ​​រួច និង​មិន​ទាន់​ប្រើ​មួយ​ចំនួន​ទៀត ។

លោក​ទី សុ​វិ​ន​ថា​ល់ ព្រះរាជ​អា​ជា្ញ​អម​សាលា​ដំបូង​ខេត្ត​​ដែល​ដឹកនាំ​ក​ម្លាំង​​ធ្វើ​​ប្រតិបត្ដិ​ការឆ្មក់​ចូល​ប​ង្ក្រា​ប​ក្លឹ​ប​ខា​រ៉ាអូ​ខេ​យីហោ«​វ៉ន​ឌើរ» ​មាន​ប្រសាសន៍​​ថា ​តាម​រយៈ​​ការ​ឆែកឆេរ​​អស់​ជា​ច្រើន​ម៉ោង ​សមត្ថកិច្ច​បាន​រក​ឃើញ​ភស្ដុ​តាង​​គ្រប់គ្រាន់​សំរាប់​បើក​ការ​ចោទប្រកាន់​ទៅ​តាម​​ផ្លូវច្បាប់ គឺ​មាន​ដៃ​គូ​រួម​ភេទ​ចំនួន​ពីរ​គូ​ត្រូវ​បាន​ចាប់​ឃាត់ខ្លួន​នៅ​ក្នុង​បន្ទប់​នៃ​អគារ​​ខា​រ៉ាអូ​ខេ​នេះ ហើយ​ពួក​គេ​បាន​សារ​ភាព​ថា ​ពិតជា​បាន​រួម​ភេទ​​មែន។ លោក​បាន​បន្ដ​ថា ​ករណី​នេះ​មិន​អាច​ដោះ​ស្រាយ​ក្រៅ​ប្រ​ព​ន្ធ័​ច្បាប់​បាន​ទេ មន្ដ្រី​នគរ​បាល​​យុ​ត្ដិ​ធ​ម៌​ត្រូវ​តែ​រៀប​ចំ​សំណុំរឿង​បញ្ជូន​ទៅ​តុលា​ការ ដើម្បី​ចាត់ការ​ទៅ​តាម​ច្បាប់​ស្ដី​ពី​ការ​បង្ក្រា​ប​អំពើ​ជួញដូរ​មនុស្ស និង​អំពើ​អាជីវ​កម្ម​ផ្លូវ​ភេទ គឺ​​ច្បាប់​ត្រូវ​តែ​អនុវត្ដ​​ឱ្យ​ស្មើភាព​គ្នា​មិន​ថា​អ្នកមាន អ្នកក្រ អ្នកមាន​អំណាច​ទេ អ្នក​ណា​ក៏​ដោយ​ឱ្យ​តែ​ប្រព្រឹត្ត​ខុសត្រូវ​តែ​យក​ច្បាប់​ជា​អ្នក​​វិនិច្ឆ័យ៕