នរណាៗក៏ធ្លាប់ឮពីការដែលលោកមហាសេដ្ឋី ម៉ាក ហ្សាកាបឺក បង្កើត Facebook ពេលដែលនៅជានិស្សិតសាកលវិទ្យាល័យ Harvard ដែរ ។ ប៉ុន្តែមុនពេលដែលលោកចាប់ផ្តើមការសិក្សានៅសាលានោះ ឪពុករបស់លោកគឺលោក អេដវឺដ (Edward) បានផ្តល់ជម្រើសពីរដល់លោក គឺទៅរៀននៅ Harvard ឬធ្វើជាម្ចាស់ហាង Franchise មួយរបស់ McDonald’s ។
ជាក់ស្តែងលោក ម៉ាក បានជ្រើសរើសនៅបន្តការសិក្សា និងចាកចេញពីសាលាមុនពេលបញ្ចប់ការសិក្សាទៅវិញ ។
អ្នកស្រី រេនឌី ហ្សាក់កាបឺក (Randi Zuckerberg) ដែលជាបងស្រីរបស់លោក ម៉ាក បាននិយាយប្រាប់ CNN ថា ឪពុកម្តាយរបស់អ្នកទាំងពីរគិតថា លោក ម៉ាក គួរតែជ្រើសរើសជម្រើសធ្វើជាម្ចាស់ហាង Franchise វិញប្រសិនបើលោកចង់ចាប់ផ្តើមអាជីវកម្មមួយ ។
ប្រាកដណាស់ ពេលដែលលោក ម៉ាក ចាប់ផ្តើមការសិក្សានៅ Harvard មិនមាននរណាម្នាក់ដែលគិតថាលោកអាចក្លាយជាមហាសេដ្ឋីបានទេ ។ ហើយទោះជាលោកបានជ្រើសរើសធ្វើជាម្ចាស់ហាង Franchise ពិតមែនក្តី លោកក៏អាចរកចំណូលបានគ្រប់គ្រាន់សម្រាប់ជីវភាពរស់នៅធូរធារដែរ ។
យោងទៅតាមសេចក្តីរាយការណ៍មួយកាលពីឆ្នាំ ២០១៦ របស់ CNBC និង Franchise Business Review បានឲ្យដឹងថា ហាង Franchise ក្នុងវិស័យអាហារ និងភេសជ្ជៈរកប្រាក់ចំណេញបានជាមធ្យមប្រមាណ ៩០,៣៨៨ដុល្លារក្នុងមួយឆ្នាំ ។
ប៉ុន្តែយោងទៅតាម Bloomberg’s Billionaire Index បានឲ្យដឹងថា បច្ចុប្បន្ននេះលោក ម៉ាក ហ្សាក់កាបឺក មានទ្រព្យសម្បត្តិសរុប ៦៦.៦ប៊ីលានដុល្លារទៅហើយ ដែលមានន័យថាលោករកចំណូលបានប្រមាណ ៤.៧ប៊ីលានដុល្លារក្នុងមួយឆ្នាំតាំងពីពេលលោកចាកចេញពីសាកលវិទ្យាល័យ Harvard នៅឆ្នាំ ២០០៤ ។
យោងទៅតាមគេហទំព័ររបស់ McDonald’s បានឲ្យដឹងដែរថា ដើម្បីធ្វើជាម្ចាស់ Franchise របស់ក្រុមហ៊ុន ចំនួនវិនិយោគសរុបមានរវាង ១,០១៣,០០០ដុល្លារទៅ ២,១៨៥,០០០ដុល្លារនៅសហរដ្ឋអាមេរិក ហើយប្រាក់ចំណេញពឹងផ្អែកលើកត្តាជាច្រើន ៕
ចែករំលែកព័តមាននេះ