រាជធានីភ្នំពេញ ៖ បុរសចំណាស់ម្នាក់មានជំងឺប្រចាំកាយ ដោយសារតែនឹករលឹកកូនពេកក៏បានធ្វើដំណើរទៅលេងកូនដែលកំពុងចាំចំការឱ្យគេ លុះពេលបានជួបកូនអស់ចិត្តហើយក៏ជិះរថយន្តឈ្នួល១គ្រឿងរួមជាមួយកូនបង្កើតនិងកូនប្រសារធ្វើដំណើរចេញពីចំការនៅម្ដុំអូរបាក់រទេះ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ ក្នុងគោលបំណងឆ្ពោះទៅកាន់លំនៅដ្ឋាននៅឯខេត្តកណ្ដាលវិញ ខណៈធ្វើដំណើរទៅដល់ត្រង់ចំណុចចំណតរថយន្តចោមចៅ ស្រាប់តែបុរសចំណាស់មានអាការៈមិនស្រួលខ្លួនកាន់តែខ្លាំង ហើយត្រូវបានអ្នកបើកបររថយន្តឈ្នួលខាងលើដាក់ចុះ បន្ទាប់មកបុរសចំណាស់ក៏បានបាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងតែម្ដង។
ហេតុការណ៍ខាងលើនេះបានបង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ នៅចំណុចជិតផ្សារចោមចៅ តាមបណ្ដោយផ្លូវចោមចៅ អតីតផ្លូវវ៉េងស្រេង ភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
បុរសចំណាស់ខាងលើដែលបាត់បង់ជីវិតឈ្មោះសុីម ធឿន អាយុ៥៣ឆ្នាំ មានទីលំនៅក្នុងភូមិបឹងកណ្ដាល ឃុំខ្ពបអាទាវ ស្រុកលើកដែក ខេត្តកណ្ដាល ។ ចំណែកកូនទាំង២នាក់ដែលរួមដំណើរជាមួយនោះ ម្នាក់ ឈ្មោះ ពឿន ធឿន ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរកម្មករចំការស្វាយ ស្នាក់នៅចំការស្វាយ ក្នុងភូមិព្រៃប្រសិទ្ធ ឃុំអូរបាក់រទេះ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ និងមានស្រុកកំណើតនៅភូមិពោធិរៀង ឃុំកំពង់ឫស្សី ស្រុកពោធិរៀង ខេត្តព្រៃវែង ត្រូវជាកូនប្រសារ និងម្នាក់ទៀតឈ្មោះ ធឿន ស្រីនិច ភេទស្រី អាយុ២០ឆ្នាំ មុខរបរស្នាក់នៅជាមួយគ្នា មានស្រុកកំណើត ភូមិបឹងកណ្តាល ឃុំខ្ពបអាទាវ ស្រុកលើកដែក ខេត្តកណ្តាល ត្រូវជាប្រពន្ធរបស់ឈ្មោះពឿន ធឿន និងត្រូវជាកូនបង្កើតរបស់បុរសរងគ្រោះ ។
តាមប្រភពពីកូនទាំង២នាក់របស់ជនរងគ្រោះបាននិយាយថា ពួកខ្លួនបានធ្វើជាកម្មករចាំចំការស្វាយឲ្យគេនៅក្នុងភូមិព្រៃប្រសិទ្ធ ឃុំអូរបាក់រទេះ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ ហើយនៅមុនពេលកើតហេតុថ្ងៃទី២៥ ខែឧសភា ព្រោះតែក្ដីនឹករលឹកខ្លាំងពេក បុរសជាឪពុកបានជិះរថយន្តឈ្នួលទៅលេងពួកខ្លួននៅឯចំការស្វាយខាងលើទាំងមិនសូវស្រួលខ្លួន ដោយលោកឪពុកមានជម្ងឺប្រចាំកាយ (ឈឺក្រពះរ៉ាំរ៉ៃ) ។
តាមប្រភពដដែលបានបន្តថា លុះដល់វេលាព្រឹកថ្ងៃកើតហេតុ ឪពុកបានចាកចេញត្រឡប់ទៅផ្ទះវិញ ហើយដោយឃើញឪពុកអត់ស្រួលខ្លួន ទើបពួកខ្លួនសម្រេចជូនឪពុកទៅផ្ទះ ដោយបានជិះរថយន្តឈ្នួលម៉ាកសាំយ៉ុង១គ្រឿង លុះពេលធ្វើដំណើរមកដល់ចំណុចចំណតចោមចៅ តាមផ្លូវចោមចៅអតីតផ្លូវវ៉េងស្រេង ស្រាប់តែឪពុកមានអាការៈមិនស្រួលខ្លួនកាន់តែខ្លាំង ដោយវិលងងឹតមុខ ហើយភ្លាមៗនោះត្រូវបានរថយន្តឈ្នួលឈប់ដាក់ចុះ ហើយបើកចេញទៅបាត់ បន្ទាប់មកឪពុកក៏បានត្រដរខ្យល់បាត់បង់ជីវិតភ្លាមៗតែម្ដង។
ក្រោយពេលកើតហេតុ កម្លាំងនគរបាលប៉ុស្តិ៍ចោមចៅទី៣ បានចុះទៅកាន់ទីនោះ ហើយបានរាយការណ៍ទៅកាន់ថ្នាក់លើតាមលំដាប់លំដោយ ព្រមទាំងបាននាំយកសពជនរងគ្រោះទៅកាន់ឈាបនដ្ឋានវត្តជម្ពូវ័ន ព្រោះមិនអាចទុកនៅកន្លែងកើតហេតុបានដោយសារតែក្ដៅខ្លាំងពេក បន្ទាប់មកកម្លាំងនគរការិយាល័យបច្ចេកទេសនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចុះទៅពិនិត្យកោសល្យវិច័្ចយ ជាលទ្ធផលរកឃើញថា បុរសរងគ្រោះខាងលើបាត់បង់ជីវិតដោយសារជំងឺខ្យល់គរ ៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ