ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធានាធិបតី​​យេម៉ែន​អះអាង​ថា នឹង​បន្ត​តំណែង​រហូត​ដល់ឆ្នាំ​2013

15 ឆ្នាំ មុន

ប្រធានាធិបតី​យេម៉ែន លោក​អាលីអាប់​ឌុល​ឡាហ៍​ សាឡេហ៍ កាលពីថ្ងៃទី​៥ មីនា កន្លង​មក​ បានអះអាង​បញ្ជាក់​​​សាជា​ថ្មី​​ម្តង​ទៀត​ថា រូប​លោក​នឹង​នៅបន្តតំណែង​រហូត​ដល់​អាណត្តិ​​របស់​លោក​ផុត​​នៅឆ្នាំ​​២០១៣ ហើយ​លោក​បាន​​ច្រាន​ចោល​​ការទាមទារ​​ឱ្យ​មានការ​ធ្វើ​អន្តរ​​កាល​របស់​ក្រុម​​ប្រឆាំង ដើម្បី​ឱ្យ​លោក​ចុះ​ចេញ​ពី តំណែង​​នៅ​ឆ្នាំ​២០១១ ។ ​នេះបើ​តាម​ការ​រាយ​ការណ៍ឱ្យ​​ដឹង​​​​​ដោយទីភ្នាក់ងារ​​​ព័ត៌​មាន​ផ្លូវ​​ការ Saba របស់​យេម៉ែន ។​
ទីភ្នាក់ងារ​​​ព័ត៌​មាន Saba បានដកស្រង់​​សម្តី​ប្រភព​ផ្លូវ​ការ​​នៅ​​ខុទ្ទកាល័យ​​ប្រធានាធិបតី​ដែល​និយាយ​ថា ​ចំណុចទី​​៤​នៃ​សំណើ​របស់ក្រុម​​ប្រឆាំង​​ដែលទាមទារ​ឱ្យ​​លោក​សាឡេហ៍​ ចុះ​ចេញ​ពី​តំណែង​​នៅឆ្នាំ​​២០១១ ​ផ្ទុយទៅនឹង​ចំណុច​ទី​​៣ នៅក្នុង​សំណើ​​នេះ ​ដែល​ចែង​ថា ​ការ​សម្រេច​បាន​សុខ​សន្តិភាព ការធ្វើ​​អន្តរកាល​​អំណាច​​ដែលផ្អែក​​លើការ​ប្តេជ្ញាចិត្ត​​​របស់​​លោក​ប្រធានាធិបតី​​សាឡេហ៍​ ​ដែល​ថា ​​​រូបលោក​នឹង​​មិនកាន់អំណាច​​បន្ត ក្រោយ​ពី​​អាណត្តិ​​របស់​លោក​ត្រូវ​​ផុត​​នៅឆ្នាំ​២០១៣ ឬ​មិន​ប្រគល់​​អំណាច​ទៅ​ឱ្យ​កូនប្រុសរបស់លោក​ឡើយ ។​
ប្រភព​ដដែល​​ឱ្យ​ដឹង​ទៀត​ថា ​សំណើ​ផែន​ទី​​​នាំ​ផ្លូវ​ដែលមាន​​៥ចំណុច​របស់ក្រុមប្រឆាំង​​​មិន​ច្បាស់​​លាស់​ឡើយ ហើយ​ការ​បកស្រាយ​​តាម​ទំនើង​​ចិត្តរបស់ខ្លួន ​ជា​ការប៉ុនប៉ង​ធ្វើរដ្ឋ​ប្រហារ​​មួយប្រឆាំង​​លទ្ធិ​ប្រជាធិបតេយ្យ និង​រដ្ឋធម្មនុញ្ញ​​របស់យេម៉ែន ដោយ​បន្ថែមទៀត​​​ថា ការប៉ុនប៉ង​​​រំលោភបំពាន​​រដ្ឋធម្មនុញ្ញ​​មិន​អាច​ទទួល​យក​បាន​ទេ​ ។​
ការ​ឆ្លើយ​តប​ជា​ផ្លូវការ​​នេះ​ពី​ខាង​ភាគី​​លោក​សាឡេហ៍​ ធ្វើឡើង​រយៈ​ពេល​​៣​ថ្ងៃ ​ក្រោយ​ពី​ក្រុម​​ប្រឆាំង​លើ​កឡើង​ពីការបញ្ចប់​ការ​កាន់អំណាច​រយៈ​ពេល​​៣៣​ឆ្នាំ ​របស់លោក​​សាឡេហ៍​ ​នៅឆ្នាំ​​២០១១ ​តាមរយៈ​ការរៀបចំ​ការ​បោះឆ្នោត​​ប្រធានាធិបតី​​ដែល​​លោក​​សាឡេហ៍​ នឹង​មិនចូលរួម ប៉ុន្តែ​​ធ្វើជា​​អ្នកត្រួត​ពិនិត្យ ៕