ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទៃដី​ដែល​ដកហូត​ពី​ពលរដ្ឋ​កាលពី​ឆ្នាំ​២០០៦ ពេល​វាស់វែង​សាងសង់​មន្ទីរពេទ្យ​ស្រាប់តែ​ក្លាយជា​ដី​ឈ្មួញ

15 ឆ្នាំ មុន

ខេត្ត​ព្រះ​វិហារ​ ៖ អតីត​ដី​ព្រៃ​នៅ​តាម​ដង​ផ្លូវ​ជាតិ​លេខ​៦២ ពី​ចំណុច​ផ្លូវ​បំបែក​​ស្រុក​ជាំ​ក្សាន្ត ​ចូល​​ទៅ​កាន់​​ភូមិ​​ស្រឯម ​ឃុំ​កន្ទួត ​មាន​ចម្ងាយ​​ប្រមាណ​​៨​គីឡូ​ម៉ែត្រ ​កាល​ពី​ឆ្នាំ​២០០៦ កន្លង​ទៅ​នេះ ខណ្ឌ​រដ្ឋ​បាល​ព្រៃ​ឈើ​​​ខេត្ត និង​ផ្នែក​រដ្ឋ​បាល​ព្រៃ​ឈើ​​ជាំ​ក្សាន្ត ជា​មួយ​អាជ្ញា​ធរ​ខេត្ត បាន​​ចេញ​ដីកា​លេខ​៣២ ដើម្បី​រុះ​រើ​លំនៅ​ឋាន​​អនាធិប​តេយ្យ​​ដែល​បាន​សាង​សង់​នៅ​លើ​ដី​ព្រៃ​ឈើដែល​រដ្ឋា​ភិបាល​​បាន​ហាម​ឃាត់​នៅ​តាម​ដង​ផ្លូវ​ក្នុង​តំបន់​​នោះ ដោយ​បាន​បណ្តេញ​​ប្រជា​ពល​រដ្ឋ​​ឱ្យ​ចាក​ចេញ ​ដោយ​គ្មាន​លក្ខ​ខណ្ឌ​។

​ផ្ទុយ​ទៅ​វិញ​​ពេល​នេះ ​មាន​ការ​ភ្ញាក់​ផ្អើល​​យ៉ាង​ខ្លាំង ខណៈ​​រាជ​រដ្ឋា​ភិបាល​​បាន​តម្រូវ​ឱ្យ​អាជ្ញា​ធរ​ខេត្ត​រៀប​ចំ​ដី​ទំនេរ​​នៅតាម​ដង​ផ្លូវ​ជាតិ​លេខ​៦២ ដែល​មា​នទំហំ​ក្បាល​ដី​ជាង​២០០​ម៉ែត្រ និង​បណ្តោយ​​ជាង​១០០​ម៉ែត្រ ​ឱ្យ​ទៅ​អគ្គ​ភស្តុភារ ដើម្បី​សាង​សង់​មន្ទីរ​ពេទ្យ​ដ៏​ធំ​មួយ​នៅ​ក្នុង​តំបន់​ភូមិ​ស្រឯម ​តាម​បណ្តោយ​​ផ្លូវ​ជាតិ​លេខ​៦២ ​​ស្រាប់​តែ​ត្រូវ​បាន​គេ​ឱ្យ​ដឹង​ថា មាន​ជន​ដែល​អះ​អាង​ថា ជា​ម្ចាស់​ដី​​​​មក​បញ្ជាក់​​ថា​ពួក​គេ​ជា​ម្ចាស់​ដី​​នៅ​ក្នុង​តំបន់​នោះ​ទៅវិញ ។ ​ពួក​គេ​បាន​អះ​អាង​ទៀត​ថា ​ដី​ពួក​គេ​បាន​ទិញ​ពី​មន្ត្រី​​រដ្ឋ​បាល​ព្រៃ​​ឈើ​ស្រុក​ជាំ​ក្សាន្ត​ និង​ថែម​ទាំង​មាន​ការ​​ចេញ​ប័ណ្ណ​សំគាល់​​កាន់កាប់​ដី​ធ្លី​​ដែល​ភូមិ​បាល​ស្រុក​ជា​អ្នក​​វាស់​វែង​និង​រត់​ការ​​ចេញ​ប័ណ្ណ​ឱ្យ​ទៀត​ផង ។

ជុំ​វិញ​ការ​ទាម​ទារ និង​​តវ៉ាពី​បណ្តា​ឈ្មួញ​​ម្ចាស់​ដី​ទាំង​​អស់​ខាង​លើ ត្រូវ​បាន​អាជ្ញា​ធរ​ខេត្ត​ព្រះ​វិហារ បដិ​សេធ​​ចោល​មិន​ទទួល​ដោះ​ស្រាយ​​ដោយ​សម្រេច​យក​ដី​ទាំង​អស់​ខាង​លើ​ប្រគល់​ឱ្យ​អគ្គ​នាយក​ដ្ឋាន​ភស្តុ​​ភា​រ​ និង​ហិរញ្ញ​វត្ថុ​ប្រចាំ​សមរ​ភូមិ ធ្វើ​ការ​​ឈូស​ឆាយ​​ជា​បន្ទាន់​ តាម​ចំណារ​ដ៏​ខ្ពង់​ខ្ពស់​​​​របស់​ប្រមុខ​​រាជ​រដ្ឋា​ភិបាល​កម្ពុជា ដើម្បី​​សាង​សង់​មន្ទីរ​​ពេទ្យ​ធំ​មួយ​​​ដើម្បី​បម្រើ​ដល់​សុខ​ភាព​ប្រជា​ពល​រដ្ឋ​ដែល​រស់​នៅ​ក្នុង​តំបន់​ដាច់​ស្រយាល​នេះ និង​បម្រើ​​ដល់​កង​កម្លាំង​ទាំង​អស់​ដែល​ឈរ​ជើង​ការ​ពារ​បូរណ​ភាព​ទឹក​ដី​តាម​បណ្តោយ​ខ្សែ​បន្ទាត់​ព្រំ​ដែន​ក្នុង​តំបន់​នោះ​ផង​ ដោយ​​មិន​បារម្ភ​​ក្នុ​ងការ​ដឹក​ជញ្ជូន​ទៅ​ព្យា​បាល​​នៅ​ក្រុង​សៀម​រាប ឬ​ក្រុង​ព្រះ​វិហារ​​ក្នុង​ពេល​​ជួប​​បញ្ហា​​ម្តងៗ ។

សូម​បញ្ជាក់​​​ថា មន្ទីរ​ពេទ្យ​​ដែល​គ្រោង ​​សាង​សង់​តាម​​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៦២ ស្ថិត​ក្នុង​ភូមិ​ស្រឯម ​​នេះ តាម​ការ​បញ្ជាក់​​​ពី​លោក​​ ស ថាវី អភិ​បាល​​រង​ខេត្ត និង​លោក​ឧត្តម​សេនីយ៍​ ស៊ិន ​ស៊ី​ណាត តំណាង​អគ្គ​​នាយក​ដ្ឋាន​​ភស្តុ​ភារ​​ហិរញ្ញ​​វត្ថុ​​ឱ្យ​ដឹង​ថា ​មន្ទីរ​ពេទ្យ​ភូមិ​​ស្រឯម​ខាង​លើ​នេះ​គឺ​ទំហំ​ធំ​​ មាន​កម្ពស់​បី​ជាន់ បើ​គិត​ជា​ទឹក​ប្រាក់​​​មាន​តម្លៃ​​ដល់​ទៅ​រាប់​លាន​ដុល្លារ​​អាមេ​រិក ។ ​ឯ​ចំណែក​​មន្ត្រី​ជា​អ្នក​អនុ​វត្ត​ច្បាប់​របស់​រាជ​រដ្ឋា​ភិបាល​​​ដែល​មាន​មន្ត្រី​​ព្រៃ​ឈើ​ស្រុក​​ជាំ​ក្សាន្ត និង​មន្ត្រី​សុរិយា​ដី​ស្រុក​​ជាំ​ក្សាន្ត​វិញ ដែល​តួនាទី​ខ្លួន​ជា​អ្នក​ការ​ពារ​សម្បត្តិ​​រដ្ឋ​ពេល​នេះ​​បាន​បែក​ពាង​​ប្រហុក​ហើយ​​ ធ្វើ​ឱ្យ​មជ្ឈ​ដ្ឋាន​ក្នុង​តំបន់​នោះ​​ចោទ​ថា បែរ​ជា​នាំ​គ្នា​ឃុប​ឃិត​យក​ដី​ទៅ​លក់ និង​​ធ្វើ​ប័ណ្ណ​ឱ្យ​ឈ្មួញ​កាន់​កាប់​ដី​រដ្ឋ​ខុស​ច្បាប់​ទៅវិញ ។

លោក​វង្ស ពិសិដ្ឋ ​មន្ត្រី​រដ្ឋ​បាល​ព្រៃ​ឈើ​​​​ជាំ​ក្សាន្ត ​បាន​មាន​​​ប្រតិ​កម្ម​យ៉ាង​ខ្លាំង ដោយ​​ប្រើ​ពាក្យ​ម្តង​ថា ជា​ដី​​រក្សា​ទុក​ធ្វើ​ស្នាក់​ការ​​ផ្នែក​​ព្រៃ​ឈើ​​ ម្តង​​ឆ្លើយ​ថា ជា​ដី​របស់​បង​ប្អូន​ដែល​បាន​កាន​់កាប់​ជា​យូរ​ណាស់​មក​ហើយ ។ លោក​វង្ស ពិសិដ្ឋ បាន​​ប្រាប់​​អ្នក​សារ​​ព័ត៌​មាន​​ថា លោក​គ្មាន​​ដី​ទេ ចង់​រដ្ឋ​យក​អី​ក៏​យក​ចុះ។ ​​ចំណែក​លោក​ប៉ុល ​ខាំណា​រ៉េ នាយ​ខណ្ឌ​​រដ្ឋ​បាល​ព្រៃ​ឈើ​ខេត្ត បន្ទាប់​​ពី​បាន​ដឹង​ថា ដី​ដែល​បាន​ដក​ហូត​តាម​​ដីកា​លេខ​​​៣២ ទុក​ជា​សម្បត្តិ​​រដ្ឋ​​នេះ​ត្រូវ​កូន​ចៅ​របស់​លោក​​យក​ទៅ​ចាត់​ចែង​និង​លក់​ដូរ​ឱ្យ​ឈ្មួញ​នោះ លោក​បាន​បញ្ជាក់​ថា ​ក្បាល​អាណា​ គឺ​សក់​អាហ្នឹង ដោយ​រូប​​លោក​មិន​ទទួល​ដឹង​ទេ ។

​លោក​គង់ សោភ័ណ្ឌ ​ប្រធាន​មន្ទីរ​រៀប​​ចំ​ដែន​ដី​ខេត្ត ក៏​បាន​បញ្ជាក់​ឱ្យ​ដឹង​​ដែរ​ថា ​​ការ​ចុះ​បញ្ជី​ដី​ធ្លី​កន្លង​ទៅ លោក​ពិត​ជា​បាន​ចុះ​ហត្ថ​លេខា​លើ​ប័ណ្ណ​សំគាល់​​កាន់​កាប់​កម្ម​សិទ្ធិ​ដី​ធ្លី​ជា​ច្រើន​ប្រាកដ​មែន​នៅ​ក្នុងស្រុក​ជាំ​ក្សាន្ត​ ប៉ុន្តែ​ការ​ចុះ​ហត្ថ​លេខា​លើ​ប័ណ្ណ​សំគាល់​​កម្ម​សិទ្ធិ​ដី​ធ្លី​នៅក្នុង​ស្រុក​ជាំក្សាន្ត​​ទាំង​​​អស់​កន្លង​ទៅ​ គឺ​ដោយ​សារ​ផ្អែក​ទៅ​លើ​ការ​ស្នើ​សុំ​ពី​លោក​វុធ ​តារា ប្រធាន​​ការិយា​ល័យ​​ភូមិបាល​ស្រុក​ជាំ​ក្សាន្ត​ ដែល​មាន​លិខិត​ស្នា​ម​​ក្នុង​ការ​ត្រួតពិនិត្យ​​វាស់​វែង​គ្រប់​គ្រាន់​ និង​មាន​ដាក់​ពាក្យ​ស្នើ​សុំ​ទើប​ចេញ​ប័ណ្ណ​ឱ្យ។ ប៉ុន្តែ​បើ​រក​ទៅ​ឃើញ​ថា មាន​ផ្ទុយ​ពី​ភាព​សុចរិត​​ទៅវិញ​ដោយ​​បែរ​ជា​យក​ដី​ព្រៃ​ឈើ​​ ដី​ហាម​​ឃាត់ ឬ​ដីរបស់​រដ្ឋ​ទៅ​ឱ្យ​លោក​ចុះ​ហត្ថ​លេខា​វិញ​នោះ លោក​​ជា​ប្រធាន​​នឹង​ប្តឹង​ឱ្យ​ចាប់​ខ្លួន​ប្រធាន​ការិយា​ល័យ​​ភូមិ​បាល​ស្រុក​ទៅ​តុលា​ការ​ធ្វើ​ការ​​ផ្តន្ទា​ទោស​តាម​​ច្បាប់ ។

លោក​អ៊ុំ ម៉ារ៉ា អភិ​បា​លខេត្ត​មាន​ប្រសាសន៍​ថា ​ចំពោះ​ដី​ធ្លី​ដែល​​ស្ថិត​នៅ​តាម​ដង​ផ្លូវ​ជាតិ​លេខ​៦២ និង​ស្ថិត​​នៅ​ក្នុង​ដី​កា​លេខ​៣២ ដែល​បាន​ដក​ទុក​ជា​សម្បត្តិ​រដ្ឋ​ នៅ​ថ្ងៃ​ខាង​មុខ​នេះ ​បើ​អាជ្ញា​ធរ​ខេត្ត​រក​ឃើញ​ថា ជន​ណា​ ឬ​មន្ត្រី​ណា​ម្នាក់​បាន​យក​ដី​​តំបន់​​នោះ​ទៅ​ប្រើ​ប្រាស់​​ដោយ​ខុស​ច្បាប់​ ឬ​លក់​ដូរ នឹង​ត្រូវ​ដក​ហូត​ដាក់​ជា​សម្បត្តិ​រដ្ឋ​វិញ​ ហើយ​និង​​​នាំ​ខ្លួន​ជន​ទាំង​នោះ​ទៅ​ផ្តន្ទា​ទោស​តាម​ច្បាប់ ។ មហា​ជន​កំពុង​រង់​ចាំ​មើលថា តើ​វាសនា​​មន្ត្រី​ដែល​យក​ដី​​​ដណ្តើម​ពី​ប្រជា​ជន​ទៅ​លក់​បែប​នេះ មាន​បាប​កម្ម​ដែរ​ឬ​អត់? ​ចាំ​មើល​​មើល៍! តើ​គេ​នាំ​គ្នា​​លេង​បិទ​ពួន​បែប​ណា?