រាជធានីភ្នំពេញ៖ យ៉ាងហោចណាស់ជនជាតិចិន ៥១ នាក់ដែលមកពីក្រៅប្រទេស និងបាន
ស្នាក់នៅសណ្ឋាគារធំមួយនៅក្រុងភ្នំពេញ ត្រូវបានមន្ត្រីជំនាញអនុញ្ញាតឲ្យចេញពីសណ្ឋាគារទៅធ្វើចត្តាឡីស័កនៅផ្ទះរៀងៗខ្លួន ក្រោយពីការធ្វើតេស្តជំហានដំបូងរកមិនឃើញមានកូវីដ-១៩។ នេះបើតាមមន្ត្រីមូលដ្ឋានខណ្ឌដូនពេញបានប្រាប់កោះសន្តិភាពមុននេះបន្តិច ។
លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានប្រាប់ឲ្យដឹងថា ជនជាតិចិនដែលទើបតែមកពីក្រៅប្រទេសវិលចូលកម្ពុជាវិញមាន ចំនួន ៥១នាក់ ក្នុងនោះមានប្រុស៤០ នាក់ និង ស្រី១១នាក់ ពេលចុះពីយន្តហោះភ្លាមៗក៏ត្រូវបានក្រសួងសុខាភិបាលតម្រូវឲ្យដាក់នៅសណ្ឋាគារហ៊ីម៉ាវ៉ារី ភ្លាមៗ និងក្រោយស្នាក់នៅទីនោះបានមួយយប់អាជ្ញាធរខណ្ឌដូនពេញបានសហការជាមួយក្រសួងសុខាភិបាល និងមន្ទីរសុខាភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង២០និង៤០នាទីបានចុះទៅពិនិត្យភ្ញៀវដែលបានចូលមកស្នាក់នៅក្នុងសណ្ឋាគារខាងលើ ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញដើម្បីធ្វើចត្តាឡីស័កតាមដានត្រួតពិនិត្យរកជំងឺកូវីដ ១៩ ។
មន្ត្រីជំនាញរួមទាំងវេជ្ជបណ្ឌិតផងនោះ បានធ្វើការទំនាក់ទំនងមកខាងតំណាងសណ្ឋាគារ ដោយបានណែនាំអោយអនុញ្ញាតិអោយភ្ញៀវវចំនួន៥១នាក់ចាកចេញពីសណ្ឋាគារខាងលើ ទៅធ្វើចត្តាឡីសក័នៅតាមកន្លែងស្នាក់នៅរៀងៗខ្លួនវិញ «ដោយសារកំហាកច្រមុះ និងបំពង់កដែលក្រសួងសុខាភិបាលយកចេញពីខ្លួនរបស់ពួកគាត់នីមួយៗទៅពិនិត្យរកជំងឺកូវីដ ១៩ ជាលទ្ធផលឃើញថា អវិជ្ជមាន គ្មានជំងឺកូវីដ ១៩ ទេ។
ប្រភពដដែលបានបន្តថា ពេលនេះពួកគាត់ទាំងអស់គ្នាបានចាកចេញពីសណ្ឋាគារអស់នៅវេលាម៉ោង២៣និង០៦នាទីយប់ ថ្ងៃទី២៣ នោះឯង ។ យ៉ាងណាមិញ ជនជាតិចិនទាំង ៥១ នាក់ខាងលើត្រូវបានមន្ត្រីជំនាញណែនាំបន្តការធ្វើចត្តាឡីស័កនៅផ្ទះ ១៤ ថ្ងៃបន្តទៀត ។
សូមរម្លឹកថា គិតត្រឹមថ្ងៃទី ២៤ ខែឧសភានេះ កម្ពុជាបានរកឃើញនូវករណីវិជ្ជមានថ្ម ២ ករណីលើជនជាតិខ្មែរ ២ រូប ដែលទើបត្រឡប់ពីប្រទេសហ្វីលីពីន និងអាមេរិក ដែលនាំឲ្យកម្ពុជាមានករណីកូវីដ១៩ សរុប ១២៤ ករណីក្នុងនោះព្យាបាលជាសះស្បើយនិងចេញពីមន្ទីរពេទ្យអស់ចំនួន ១២២ នាក់៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ