ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនបរទេស​ និង​អ្នកដំណើរ​ខ្មែរ​ដាច់​ខាត​​​ត្រូវធ្វើ​តេស្ត​កូ​វី​ដ​​១៩ ​ពេល​មក​ដល់​កម្ពុជា

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ បើ​ទោះបីជា​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល​បាន​សម្រេច​លុប​ចោល​កាលពី​ថ្ងៃ​ទី​២០ ខែ​ឧសភា ឆ្នាំ​២០២០ នូវ​បម្រាម​កន្លង​មក ​ដោយ​អនុញ្ញាត​ឲ្យ​ជនបរទេស​មក​ពី ៦ ប្រទេស ក្នុង​នោះ​​ទាំង​អា​មេ​រិ​ក​ចូល​មក​កម្ពុជា​វិញ​ក៏​ពិតមែន តែ​អ្នកដំណើរ​ទាំងអស់​ទាំង​ជនជាតិ​បរទេស…

រាជធានី​ភ្នំពេញ​៖ បើ​ទោះបីជា​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល​បាន​សម្រេច​លុប​ចោល​កាលពី​ថ្ងៃ​ទី​២០ ខែ​ឧសភា ឆ្នាំ​២០២០ នូវ​បម្រាម​កន្លង​មក ​ដោយ​អនុញ្ញាត​ឲ្យ​ជនបរទេស​មក​ពី ៦ ប្រទេស ក្នុង​នោះ​​ទាំង​អា​មេ​រិ​ក​ចូល​មក​កម្ពុជា​វិញ​ក៏​ពិតមែន តែ​អ្នកដំណើរ​ទាំងអស់​ទាំង​ជនជាតិ​បរទេស និង​ជន​ជាតិ​ខ្មែរ ដែល​ធ្វើ​ដំណើរ​ចូល​មក​ដល់​កម្ពុជា ​ត្រូវ​ប​ញ្ជូ​ន​ទៅ​មណ្ឌល​រង់ចាំ ដើម្បី​ធ្វើតេស្ត​រក​មេ​រោគ​កូ​វី​ដ​-១៩ និង​រង់ចាំ​ទទួលលទ្ធផល​ពី​មន្ទីរពិសោធន៍​ប៉ាស្ទ័រ ។ នេះ​បើ​យោង​តាម​ប្រកាស​ព័ត៌មាន​របស់​គណៈកម្មការ​អន្តរក្រសួង​ ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វី​ដ​-១៩ ចុះហត្ថលេខា​ដោយ​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល លោក ម៉​ម ប៊ុ​ន​ហេង ។

សេចក្តី​ប្រកាស​ដដែល លោក ម៉​ម ប៊ុ​ន​ហេង ដែល​ជា​ប្រធាន​គណៈកម្មការ​អន្តរក្រសួង ​ដើម្បី​ប្រយុទ្ធ​​នឹង​ជំងឺ​កូ​វី​ដ​-១៩ ផង​ដែរ​​នោះ​ អំពី​ការ​អនុញ្ញាត​ឲ្យ​ជនបរទេស​មក​ពី​ប្រទេស​ទាំង ៦ មាន​អ៊ីរ៉ង់ អ៊ី​តា​លី អា​ល្លឺ​ម៉​ង់ អេ​ស្ប៉ា​ញ បារាំង និង​អា​មេ​រិ​ក អាច​មក​កម្ពុជា​វិញ ។

ក្នុង​ប្រកាស​បាន​បញ្ជាក់​​យ៉ាង​ច្បាស់​ថា គ្រប់​អ្នកដំណើរ​ទាំងអស់​ដែល​ចូល​មក​ប្រទេស​កម្ពុជា ទាំង​ជនជាតិ​ខ្មែរ និង​ជនបរទេស គឺ​តម្រូវ​ឲ្យ​មាន​វិញ្ញាបនបត្រ​បញ្ជាក់​សុខភាព (health certificates) បញ្ជាក់​ថា​គ្មាន​​មេរោគ​កូ​វី​ដ​-១៩ ចេញ​ដោយ​អាជ្ញាធរ​សុខាភិបាល ដែល​ទទួល​ស្គាល់​ដោយ​រដ្ឋាភិបាល​នៃ​ប្រទេស​សា​ម៉ី​ក្នុង​រយៈពេល ៧២​ម៉ោង ។ ជា​ពិសេស​ជនបរទេស​ក៏​ត្រូវ​មាន​ឯកសារ​ធានា​រ៉ាប់រង​សុខភាព​ក្នុង​ចំនួន​ទឹកប្រាក់​យ៉ាងតិច ៥ ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ​ក្នុងអំឡុង​ពេល​​ស្នាក់​នៅ​កម្ពុជា ។

ក្នុង​នោះ​ផង​ដែរ លោក ម៉​ម ប៊ុ​ន​ហេង បាន​បញ្ជាក់​នៅ​ក្នុង​ប្រកាស​នោះ​ថា «​អ្នកដំណើរ​ទាំងអស់​ទាំង​​ជនជាតិ​ខ្មែរ និង​ជនបរទេស​ ដែល​ធ្វើ​ដំណើរ​ចូល​មក​ដល់​កម្ពុជា ​ត្រូវ​ប​ញ្ជួ​ន​ទៅ​មណ្ឌល​រង់ចាំ ដើម្បី​ធ្វើតេស្ត​បញ្ជាក់​រក​មេរោគ​កូ​វី​ដ​១៩ និង​រង់ចាំ​លទ្ធផល​ពី​មន្ទីរពិសោធន៍​ប៉ាស្ទ័រ​» ។

ក្នុង​ករណី​មាន​អ្នកដំណើរ​ណា​ម្នាក់ ឬ​ច្រើន ដែល​ត្រូវ​បាន​រក​ឃើញ​មាន​វិជ្ជមាន​កូ​វី​ដ​១៩ រាល់​អ្នកដំណើរ​រួម​ជាមួយ​ផ្សេង​ទៀត​ទាំងអស់​តម្រូវ​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល ១៤ ថ្ងៃ នៅ​ទីតាំង​ដែល​កំណត់​ដោយ​គណៈកម្មការ​អន្តរក្រសួង ​ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វី​ដ​១៩ ។

តែបើ​អវិជ្ជមាន​ចេញ​ពី​មន្ទីរពិសោធន៍ ក៏​ពួក​គាត់​ត្រូវ​បាន​អនុ​ញ្ញា​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល ១៤ ថ្ងៃ​នៅ​តាម​ផ្ទះ​រៀង​ៗ​ខ្លួន ក្រោម​ការ​ត្រួតពិនិត្យ​ពី​អាជ្ញាធរ​មូលដ្ឋាន ​និង​មន្ត្រី​សុខាភិបាល​ដោយ​តម្រូវ​ឲ្យ​ធ្វើតេស្ត​​បញ្ជាក់​ម្តងទៀត​នៅ​ថ្ងៃ​ទី ១៣ នៃ​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ