ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រីជាន់ខ្ពស់​រាជរដ្ឋាភិបាល​គាំទ្រ​ចំណាត់ការ​ដោះស្រាយ​ការ​កកស្ទះ​សំណុំរឿង​នៅ​តុលាការ​ដំបូង

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​រាជរដ្ឋាភិបាល​បាន​ប្រកាស​គាំទ្រ​ចំណាត់ការ​ដោះស្រាយ​ការ​កកស្ទះ​សំណុំរឿង​របស់​ក្រសួងយុត្តិធម៌ ។ បណ្ឌិត សុខ សុ​ក្រី​ត្យា ទីប្រឹក្សា​ផ្ទាល់​សម្តេច​តេ​ជោ ហ៊ុន សែន…

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​រាជរដ្ឋាភិបាល​បាន​ប្រកាស​គាំទ្រ​ចំណាត់ការ​ដោះស្រាយ​ការ​កកស្ទះ​សំណុំរឿង​របស់​ក្រសួងយុត្តិធម៌ ។

បណ្ឌិត សុខ សុ​ក្រី​ត្យា ទីប្រឹក្សា​ផ្ទាល់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍​បាន​គាំទ្រ​ដល់​យុទ្ធនាការ​របស់​ក្រសួងយុត្តិធម៌​ក្នុង​ការ​ដោះស្រាយ​ការ​កកស្ទះ​សំណុំរឿង​នៅ​តុលាការ ។

លោក​បណ្ឌិត បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២០ ឧសភា បាន​លើក​ឡើង​ថា ៖ ការ​ដាក់​ចេញ​ជា​យុទ្ធនាការ​ដោះស្រាយ​ការ​កកស្ទះ​សំណុំរឿង​នៅ​តុលាការ​នេះ​ជា​រឿង​មួយ​ដ៏​ចាំបាច់​បំផុត ដើម្បី​កាត់​បន្ថយ​ការ​កកស្ទះ​សំណុំរឿង​នៅ​តាម​សាលាដំបូង​រាជធានី​-​ខេត្ត ក្នុង​គោលដៅ​ដើម្បី​ព​ន្លឿ​ន​ការ​រក​យុត្តិធម៌​ជូន​ដល់​ប្រជាពលរដ្ឋ​ឱ្យ​បាន​ឆាប់រហ័ស ។

សូម​ជម្រាប​ថា ៖ លោក កើត រិ​ទ្ធ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​បាន​សម្រេច​បង្កើត​ឱ្យ​មាន​យន្តការ​មួយ គឺ​គណៈកម្មការ​ដោះស្រាយ​ការ​កកស្ទះ​សំណុំរឿង​នៅ​តាម​សាលាដំបូង​រាជធានី​ខេត្ត ។ លោក កើត រិ​ទ្ធ បាន​បន្ថែម​ទៀត​ថា ដើម្បី​អនុវត្ត​យុទ្ធនាការ​នេះ​ឱ្យ​មាន​ភាព​ម៉ឹង​ម៉ាត់​ក្រសួងយុត្តិធម៌​បាន​ដាក់​ចេញ​នូវ​អភិក្រម​ចំនួន​២ គឺ​អភិក្រម​ទី​១៖ ការ​ដោះស្រាយ​រឿង​ក្តី​ទាំងអស់ នៅ​ក្នុង​ការ​កកស្ទះ​សំណុំរឿង គឺ​ត្រូវធ្វើ​ឡើង​ដោយ​ផ្អែក​តាម​ច្បាប់ ត្រូវធ្វើ​ឱ្យ​បាន​ត្រឹមត្រូវ និង​ម៉ឹង​ម៉ាត់ តាម​ផ្លូវច្បាប់​ទាំងអស់ និង​ទី​២៖ គឺ​យុទ្ធនាការ​នេះ​ដាក់​ចេញ​ក្រុមការងារ​ទាំង​៤ ជាមួយ​សាលាដំបូង​រាជធានី​-​ខេត្ត​ត្រូវ​ប្រកាន់ខ្ជាប់​ជាមួយនឹង​គោលការណ៍​ដ៏​ធំ​មួយ ដើម្បី​ជៀសវាង​ឱ្យ​បាន​នូវ​សកម្មភាព «​ត្រីងៀត​ឆ្លៀត​ពង​» ដូច្នេះ​ត្រូវ​ប្រកាន់​នូវ​គោលការណ៍​សុច្ចរិត ស្មោះត្រង់ និង​មិន​ពុក​រលួយ ។

លោក​រដ្ឋមន្ត្រី បាន​បញ្ជាក់​បន្ថែម​ទៀត​ថា ការ​ដាក់​ចេញ​ជា​យុទ្ធនាការ​មួយ​បាន​ក្លាយទៅជា​រឿង​មួយ​ដ៏​ចាំបាច់​បំផុត ដើម្បី​បម្រើ​ឱ្យ​គោលបំណង​ចំនួន ៣​យ៉ាង រួម​មាន​៖ ការ​កាត់​បន្ថយ​ការ​កកស្ទះ​សំណុំរឿង នៅ​តាម​សាលាដំបូង​រាជធានី​-​ខេត្ត ក្នុង​គោលដៅ​ដើម្បី​ព​ន្លឿ​ន​ការ​រក​យុត្តិធម៌ ជូន​ដល់​ប្រជាពលរដ្ឋ ឱ្យ​បាន​ឆាប់រហ័ស​, ទី​២៖ កាត់​បន្ថយ​បានការ​កកស្ទះ​សំណុំរឿង មាន​ន័យ​ស្មើរ​នឹង​ការ​លើកកម្ពស់​សមត្ថភាព​ស្ថាប័ន​មួយ​នេះ ដើម្បី​អាច​ឆ្លើយ​តប​ទៅ​នឹង​សំណុំរឿង ដែល​នឹង​ចូល​មក​ថ្មី​បន្ត​ទៀត ជា​ពិសេស គឺ​ការ​ផ្តល់​សេវា​យុត្តិធម៌ កាន់តែ​ប្រសើរ​ជាង​មុន និង​មាន​ភាព​ឆាប់រហ័ស​ជាង​មុន និង​គោលបំណង​ទី​៣៖ ការ​កាត់​បន្ថយ​ការ​កកស្ទះ​នេះ​នឹង​មាន​បច្ច័យ​មួយ​រួមចំណែក​ដល់​ការ​កាត់​បន្ថយ​ភាព​ចង្អៀត​ណែន នៅ​តាម​ពន្ធនាគារ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ