ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ៖ ២០ ឧសភា ជា​ថ្ងៃ​ដែល​ពលរដ្ឋ​មិន​អាច​បំភ្លេច​បាន

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា ថ្ងៃនេះ​ជា​ទិវា​ជាតិ​នៃ​ការ​ចង​ចាំ ២០ ឧសភា ដែល​ពលរដ្ឋ​មិន​អាច​បំភ្លេច​បាន…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា ថ្ងៃនេះ​ជា​ទិវា​ជាតិ​នៃ​ការ​ចង​ចាំ ២០ ឧសភា ដែល​ពលរដ្ឋ​មិន​អាច​បំភ្លេច​បាន ។ សម្តេច​បាន​សរសេរ​លើ​បណ្តាញ​សង្គម​យ៉ាង​ដូច្នេះ​ថា​« ថ្ងៃនេះ ជា​ថ្ងៃ​ទិវា​ជាតិ​នៃ​ការ​ចង​ចាំ ២០ ឧសភា ដែល​ជា​ថ្ងៃ​ប្រជាជន​កម្ពុជា​គ្រប់​ៗ​រូប​ចង​ចាំ​មិន​អាច​បំភ្លេច​បាន​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ឬ​ហៅ​ថា របប​ប្រល័យពូជសាសន៍ ប៉ុ​ល ពត (១៧ មេ​សា ១៩៧៥ – ៦ មក​រា ១៩៧៩) ដែល​ជា​របប​ដ៏​ឃោរឃៅ និង​ខ្មៅ​ងងឹត​»​។

សម្តេច បាន​គូសបញ្ជាក់​បន្ថែម​ថា ទិវា​នេះ​ជា​ការ​រំលឹក​ដល់​វិញ្ញាណក្ខន្ធ​ដល់​ជន​រង​គ្រោះ​ជាង​៣​លាន​នាក់ ដែល​បាន​ស្លាប់​បាត់បង់​ជីវិត​នៅ​ក្នុង​របប​ប្រល័យពូជសាសន៍ ប៉ុ​ល ពត ។ សម្តេច​លើក​ឡើង​ទៀត​ថា​ប្រជាពលរដ្ឋ​កម្ពុជា​ភាគច្រើន​លើសលប់​បានដឹង និង​បាន​យល់​ច្បាស់​អំពី​រឿងរ៉ាវ​សោកនាដកម្ម​ដ៏​ជូរ​ចត់ ដែល​ប្រជាពលរដ្ឋ​ខ្មែរ​បាន​ឆ្លងកាត់​ជិត​៣​ទសវត្សរ៍ ក្នុង​ភ្នក់ភ្លើងសង្គ្រាម និង​ទឹកភ្នែក​ការ​កាប់សម្លាប់​ការ​បំផ្លិចបំផ្លាញ ការ​ជម្លៀស​ចេញពី​ទីលំនៅ​របស់​ខ្លួន​ដោយ​បង្ខំ និង​ការ​បង្ខំ​ឱ្យធ្វើ​ការ​ដូច​សត្វ​ធាតុ​ជាដើម ។ មិនតែប៉ុណ្ណោះ ប្រជាពលរដ្ឋ​កម្ពុជា ត្រូវ​ស្លាប់​ដោយ​គ្មាន​ថ្នាំសង្កូវ​ព្យាបាល គ្មាន​អាហារ​បរិភោគ​គ្រប់គ្រាន់ គ្មាន​សិទ្ធិ​សេរីភាព គ្មាន​លទ្ធិប្រជាធិបតេយ្យ ហើយ​សូ​ម្បី​តែ​សិទ្ធិ​រស់រាន​មានជីវិត​ដែល​ជា​សិទ្ធិ​មូលដ្ឋាន​មាន​ពី​កំណើត​របស់​មនុស្ស​ក៏​គ្មាន​ដែរ ។

សម្តេច​តេ​ជោ​ក៏​បាន​លើក​ឡើង​ថា ដើម្បី​កុំអោយ​របប​នេះ​វិល​ត្រឡប់​មក​វិញ ចូលរួម​ថែរក្សា​ការពារ​សន្តិភាព​ឱ្យ​បាន​គង់វង្ស ពីព្រោះ​សន្តិភាព​បាន​ផ្តល់​ឱកាស​គ្រប់យ៉ាង​ក្នុង​ការ​កសាង​សង្គម​គ្រួសារ សហគមន៍ និង​ប្រទេស​ជាតិ ឱ្យ​កាន់តែ​រីក​ចម្រើន​ទៅ​មុខ​ទៀត ។

សូម​ជម្រាប​ថា​ទិវា​ការ​ចង​ចាំ​២០ ឧសភា កាលពី​ឆ្នាំ​កន្លង​មក​រាជរដ្ឋាភិបាល​បាន​សម្រេច​អនុញ្ញាត​ឲ្យ​បុគ្គល​មន្ត្រីរាជការ​សាធារណៈ​និង​ឯកជន​ឈប់​សម្រាក​មួយ​ថ្ងៃ ប៉ុន្តែ​សម្រាប់​ឆ្នាំ​២០២០​នេះ មិន​អនុញ្ញាត​ឲ្យ​ឈប់​សម្រាក​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ