ខេត្តកំពង់ចាម ៖ ប្រតិភូរបស់ក្រុមហ៊ុនថ្នាំជក់អង់គ្លេស-អាមេរិកាំង-កម្ពុជា (BAT) មានគ្នាប្រមាណ៦០នាក់ចំរុះទៅដោយជាតិ សាសន៍ជាច្រើន កាលពីព្រឹកថ្ងៃទី១១ កុម្ភៈ ២០១១ បានទៅធ្វើទស្សនកិច្ចនៅចំការពិសោធន៍ដំណាំថ្នាំជក់ ស្ថិតក្នុងភូមិបឹងកំបោរ ឃុំបឹងព្រួល និងភូមិកំពង់ឫស្សី ឃុំជីរោទី១ ស្រុកត្បូងឃ្មុំដែលបានទទួលជោគជ័យជាមួយប្រជាកសិករនាពេលកន្លងមក និងបន្តរហូតមកដល់សព្វថ្ងៃនេះ ។
តាមកសិករឈ្មោះយិន សេងហួរ អាយុ៥២ឆ្នាំ រស់នៅភូមិបឹងកំបោរបានរៀបរាប់ថា ក្រោយឆ្នាំ១៩៧៩ក្រុមគ្រួសារគាត់បានដាំដំណាំថ្នាំជក់នៅតាមដងទន្លេមេគង្គដើម្បីលក់នៅលើទីផ្សារយកប្រាក់មកដោះស្រាយជីវភាពមាន
ពេលខ្លះសន្លឹកថ្នាំជក់បានថ្លៃ និងពេលខ្លះទៀតចុះថោកមិនមានលំនឹងទាល់តែសោះ ព្រោះតែតំលៃស្ថិតនៅលើមាត់របស់ឈ្មួញកណ្តាលជាអ្នកសំរេច ។ បន្ទាប់មកនៅឆ្នាំ១៩៩៩ គាត់បានចុះកុងត្រាជាមួយក្រុមហ៊ុនថ្នាំជក់ BAT ដែលមានទីតាំងសាខានៅជិតគល់ស្ពានគីហ៊្សុណាក្រុងកំពង់ចាម ក្នុងឆ្នាំដំបូងចាប់ផ្តើមដាំតែ១ហិកតាកន្លះទៅ២ហិកតាប៉ុណ្ណោះ ។
លោកយិន សេងហួរ បានរៀបរាប់ទៀតថា តាមរយៈក្រុមហ៊ុនបានបញ្ជូនអ្នកជំនាញមកជួយបង្ហាត់បង្រៀនអំពីរបៀបដាំដុះ (ITM)ទៅតាមលក្ខណៈបច្ចេកទេសធ្វើឲ្យរូបគាត់ (សេងហួរ) កាន់តែយល់ច្បាស់ ហើយទិន្នផលថ្នាំជក់បានកើនឡើងគួរឲ្យកត់សំគាល់ផងដែរ ។ ជាក់ស្តែងនៅក្នុងឆ្នាំ២០១១នេះ គាត់បានពង្រីកការដាំដុះរហូតដល់ទៅជាង១០ហិកតាឯណោះ ទាំងនេះដោយសារតែក្រុមហ៊ុនបានយកចិត្តទុកដាក់ជួយបង្ហាត់បង្រៀនរាល់ឆ្នាំដើម្បីធ្វើយ៉ាងណាឲ្យសន្លឹកថ្នាំគុណភាពជាប់ចំណាត់ថ្នាក់ស្តង់ដាអន្តរជាតិសំរាប់នាំចេញទៅកាន់ទីផ្សារបរទេស ។ ពេលប្រមូលផលបានក្រុមហ៊ុនតែងតែឲ្យតំលៃមិនក្រោមទីផ្សារឯកជនទេ ដែលធ្វើឱ្យជីវភាពរបស់គាត់បានប្រែមុខមាត់កាន់តែល្អប្រសើរ។
លោកបណ្ឌិតជួន វុឌ្ឍី នាយកប្រតិបត្តិការនៃក្រុមហ៊ុនថ្នាំជក់ BAT មានប្រសាសន៍ថា ក្រោយពីបានទទួលជោគជ័យជាបន្តបន្ទាប់ក្នុងរយៈពេលកន្លងមកជាមួយនឹងបងប្អូនប្រជាកសិកររស់នៅតាមដងទន្លេមេគង្គក្នុងខេត្តកំពង់ចាមលើវិស័យដំណាំថ្នាំជក់ នេះនៅព្រឹកថ្ងៃទី១១ កុម្ភៈ ២០១១ រូបលោកបានដឹកនាំប្រតិភូមានចំរុះជាតិសាសន៍ដែលនៅតាមក្រុមហ៊ុនធំៗមករកវិនិយោគទុននៅក្នុងប្រទេសកម្ពុជាប្រមាណជា៦០នាក់ មកធ្វើទស្សនកិច្ចនៅចំការដំណាំថ្នាំជក់ក្នុងភូមិបឹងកំបោរ ឃុំបឹងព្រួល និងភូមិកំពង់ឫស្សី ឃុំជីរោទី១ ស្រុកត្បូងឃ្មុំ ។
លោកបណ្ឌិតជួន វុឌ្ឍី បានរំលឹកថា តាំងពីបានចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួនក្នុងឆ្នាំ១៩៩៦មក ក្រុមហ៊ុន BAT កម្ពុជាបានរួម ចំណែកក្នុងការអភិវឌ្ឍន៍ប្រទេសកម្ពុជាដោយ បានវិនិយោគធនធានយ៉ាងច្រើនសន្ធឹកសន្ធាប់ ជាបន្តបន្ទាប់ ដូចជាការដំឡើងរោងចក្រផលិតកម្មកែច្នៃសន្លឹកថ្នាំជក់ដ៏ទំនើបនៅចាក់អង្រែ មជ្ឈមណ្ឌលបូតទងសន្លឹកថ្នាំជក់នៅក្នុងខេត្តកំពង់ចាម និងរោងចក្រសំងួតសន្លឹកថ្នាំជក់នៅក្រុងតាខ្មៅជាដើម ។ ក្នុង១ឆ្នាំៗទំហំនៃការចូលរួមផ្តល់វិភាគទានដោយផ្ទាល់ចំពោះសេដ្ឋកិច្ចជាតិគឺមានចំនួនមិនក្រោមពី៣៤លានដុល្លារពីគ្រប់សង្វាក់ប្រតិបត្តិការទាំងអស់ តាម រយៈការទិញសន្លឹកថ្នាំពីប្រជាកសិករដាំដំណាំថ្នាំជក់ការផ្តល់ការងារនិងការផ្តល់ប្រាក់បៀវត្ស ការបង់ពន្ធជូនរដ្ឋ ដំណើរនៃសកម្មភាពផលិតកម្មកែច្នៃសន្លឹកថ្នាំនិងបារី និងតាមរយៈសកម្មភាពចូលរួមអភិវឌ្ឈន៏សង្គមជាតិជាច្រើនទៀត ៕
ចែករំលែកព័តមាននេះ