ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វាយ​សម្លាប់​​យាយ​អាយុ៦៦ឆ្នាំ ក្នុងចំការ​ល្មុត​ប្លន់យកមាស​៥ជី និង​ប្រាក់១៥០ដុល្លារ​កណ្តាល​ថ្ងៃ

15 ឆ្នាំ មុន

ខេត្ត​កណ្តាល​ ៖ លោក​យាយ​ឈ្មោះ​លាន លឹម អាយុ​៦៦​ឆ្នាំ ត្រូវ​ជន​មិន​ស្គាល់​មុខ​វាយ​សម្លាប់​ប្លន់​យក​មាស​​អស់​៥​ជី ប្រាក់​អាមេរិក​ចំនួន​១៥០​ដុល្លារ និង​ប្រាក់​រៀល​មួយ​ចំនួន​​ពី ក្នុង​ហោ​ប៉ៅ​អាវ​ ខណៈ​គាត់​ទៅ​បេះ​ផ្លែ​ល្មុត​នៅ​ដី​ចំការ​តែ​ម្នាក់​ឯង​ឆ្ងាយ​ពី​ផ្ទះ​។ ដំបូង​លោក​យាយ​ត្រូវ​គេ​ប្រទះ​ឃើញ​ដេក​​សន្លប់​នៅ​ក្បែរ​ចំការ​ល្មុត​របស់​គាត់​កាល​ពី​វេលា​ម៉ោង​៤​រសៀល​ ថ្ងៃ​ទី​១៩ ខែ​មីនា នៅ​ភូមិ​ស្វាយ​កណ្តាល ឃុំ​ព្រែក​ថ្មី ស្រុក​កោះ​ធំ ខេត្ត​កណ្តាល​។ នៅ​លើ​ខ្លួន​លោក​យាយ​មាន​ស្នាម​ជាំ​ខ្មៅ​ជា​ច្រើន​កន្លែង​ដែល​ជន​មិន​ស្គាល់​មុខ​បាន​វាយ​នឹង​វត្ថុ​រឹង​។ ក្រោយ​ពី​ប្រទះ​ឃើញ​​ត្រូវ​​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ស្រុក​កោះ​ធំ ប៉ុន្តែ​​ប៉ុន្មាន​ម៉ោង​ក្រោយ​មក​លោក​យាយ​បាន​​ស្លាប់​ដោយ​សារ​របួស​ធ្ងន់​ធ្ងរ​ពេក​។

លោក​តា​ឌុក ឆែម អាយុ​៧៣​ឆ្នាំ ជា​ប្តី​លោក​យាយ​​រង​គ្រោះ​បាន​ប្រាប់​ឱ្យ​ដឹង​ថា ក្រោយ​ពី​ប្រទះ​ឃើញ​ប្រពន្ធ​គាត់​ដេក​សន្លប់​នៅ​ក្នុង​ចំការ​ល្មុត​ និង​មាន​ស្នាម​ជាំ​លើ​ខ្លួន​ផង​នោះ​ ក្រុម​គ្រួសារ​កូន​ចៅ​ឆែក​លើ​ខ្លួន ​បាត់​អស់​មាស​ចំនួន​៥​ជី គឺ​ខ្សែ.ក​​​មួយ​ខ្សែ​ទម្ងន់​៣​ជី និង​ចិញ្ចៀន​មួយវង់​​ទម្ងន់​២ជី​ ប្រាក់​ដុល្លារ​ចំនួន​១៥០​ដុល្លារ និង​ប្រាក់​រៀលមួយ​ចំនួន​ទៀត​ដែល​​តែង​តែ​រក្សា​ទុក​នៅ​ក្នុង​ហោ​ប៉ៅ​អាវ​ក្នុង​របស់​គាត់​ជា​ប្រចាំ។

លោក​តា​ឌុក​ ឆែម​ ជា​ប្តី​​បាន​ឱ្យ​ដឹង​ទៀត​ថា បន្ទាប់​ពី​ហូប​បាយ​ថ្ងៃ​ត្រង់​ហើយ ​វេលា​ម៉ោង​ជាង​១២ប្រពន្ធ​គាត់​​បាន​រៀប​ចំ​​ខ្លួន​ជិះ​កង់​ទៅ​បេះ​ល្មុត​នៅ​ចំការ​ខាង​ក្រោយ​ភូមិ​ចម្ងាយ​ប្រហែល​ជាង​មួយ​គី​ឡូម៉ែត្រ​ពី​ផ្ទះ​។ រហូត​ដល់​ម៉ោង​៤​រសៀល​ថ្ងៃ​ដដែលក្មេង​ត្រឡប់​មក​ពី​ឃ្វាល​គោ​ប្រទះ​ឃើញ​ប្រពន្ធ​គាត់​​ដេក​សន្លប់​នៅក្បែរ​ដី​ចំការ​ល្មុត​ ក៏​រត់​មក​ប្រាប់​ក្រុម​គ្រួសារ​ឱ្យ​ដឹង។ ពេល​នាំ​គ្នា​ទៅ​មើល​ឃើញ​ប្រពន្ធ​គាត់​​ដេក​សន្លប់​នៅ​ក្បែរ​កង់​ដែល​មាន​ផ្លែ​ល្មុត​ច្រក​បាវ​រឹត​ជាប់​រាន​កង់​ផ្អែក​ជាប់​​ដើម​ឈើ​នៅជាប់​ចំការ​ល្មុត​។

សមត្ថ​កិច្ច​សន្និ​ដ្ឋាន​ថា ជន​ល្មើស​​ជន​ធ្វើ​សកម្ម​ភាព​វាយ​ប្លន់​ ​ខណៈ​ជន​រង​គ្រោះ​បេះ​ល្មុត​បាន​ហើយ​រៀប​ចំ​មក​ផ្ទះ​វិញ​។ ក្រោយ​ពី​បញ្ជូន​មក​ដល់​មន្ទីរ​ពេទ្យ​ជន​រង​គ្រោះ​សន្លប់​បាត់​ស្មារតី​រហូត​ ហើយ​បាន​ស្លាប់​នៅ​យប់​ថ្ងៃ​​ដដែល​។ ក្រុម​គ្រួសារ​បាន​ព្យាយាម​រក​មើល​លើ​ខ្លួន​ជន​រង​គ្រោះ​ តែ​រក​មិន​ឃើញ​ខ្សែ.ក​មាស​ទម្ងន់​៣​ជី និង​ចិញ្ចៀ​ន​ទម្ងន់​២​ជី ប្រាក់​ដុល្លារ​១៥០​ដុល្លារ​ និង​ប្រាក់​រៀល​មិន​តិច​ជាង​៧​ម៉ឺន​រៀល​ដែល​​គាត់​​តែង​តែដាក់​ជាប់​តាម​ខ្លួន​ជា​ប្រចាំ​ក្នុង​ហោ​ប៉ៅអាវ​ក្នុង​។

នៅ​ព្រឹក​ថ្ងៃ​ទី​២០ ខែ​មីនា ​ប៉ូលិស​បច្ចេក​ទេស​ខេត្ត​ និង​ស្រុក​ទៅ​ពិនិត្យ​ធ្វើ​កោសល្យ​វិច័យ​លើ​សាក​សព​ឃើញ​មាន​ស្នាម​ជាំ​ជាច្រើន​កន្លែង​លើ​ខ្លួន​ជន​រង​គ្រោះ​ដែល​សន្និ​ដ្ឋាន​ថា ត្រូវ​គេ​​វាយ​នឹង​វត្ថុ​រឹង ហើយ​​អាវ​ជន​រង​គ្រោះ​មាន​ស្នាម​ដាច់​រហែក​ផង​ដែរ​ ទំនង​ជាមុន​ពេល​កើត​ហេតុ​នោះ​មាន​ការ​ប្រតាយ​ប្រតប់​គ្នា​ផង​ដែរ​ទើប​វាយ​​នឹង​វត្ថុ​រឹង​ជា​ក្រោយ​។ ក្រោយ​ពី​ពិនិត្យ​ចប់​សា​ក​សព​ត្រូវ​បាន​ប្រគល់​ទៅ​ឱ្យ​ក្រុម​គ្រួសារ​ធ្វើ​បុណ្យ​តាម​ប្រពៃ​ណី​ ហើយ​សមត្ថ​កិច្ច​កំពុង​ស្រាវ​ជ្រាវ​រក​មុខ​ឃាតក ៕