ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជីកដីលក់កំពុងបង្កើតរណ្តៅមរណៈគ្រប់ទីកន្លែងហើយ

3 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ រណ្តៅ​ដី​ដូច​រន្ធ​បាយខុំ​របស់​ឈ្មួញ​ដី​ជីក​យក​អាចម៍ដី​លក់​មាន​ជម្រៅ​ហួស​ពី​ច្បាប់​អនុ​ញ្ញាត ដែល​ពាក្យ​សាមញ្ញ​ថា​ជ្រៅ​ដល់​ក្បាល​ប្រេត ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ដែល​មាន​ដីស្រែ​ក្បែរ​រណ្តៅ​ដី មាន​ការ​ព្រួយបារម្ភ​យ៉ាងខ្លាំង​អំពី​សុវត្ថិភាព​កូនចៅ និង​សត្វពាហនៈ​ធ្លាក់​ចូល​ក្នុង​រណ្តៅ​ដី​មរណៈ​នៅ​រដូវវស្សា ។ បាន​កត់សម្គាល់​ឃើញ ក្នុង​មួយ​ខែ​មកនេះ…

ខេត្តស្វាយរៀង ៖ រណ្តៅ​ដី​ដូច​រន្ធ​បាយខុំ​របស់​ឈ្មួញ​ដី​ជីក​យក​អាចម៍ដី​លក់​មាន​ជម្រៅ​ហួស​ពី​ច្បាប់​អនុ​ញ្ញាត ដែល​ពាក្យ​សាមញ្ញ​ថា​ជ្រៅ​ដល់​ក្បាល​ប្រេត ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ដែល​មាន​ដីស្រែ​ក្បែរ​រណ្តៅ​ដី មាន​ការ​ព្រួយបារម្ភ​យ៉ាងខ្លាំង​អំពី​សុវត្ថិភាព​កូនចៅ និង​សត្វពាហនៈ​ធ្លាក់​ចូល​ក្នុង​រណ្តៅ​ដី​មរណៈ​នៅ​រដូវវស្សា ។ បាន​កត់សម្គាល់​ឃើញ ក្នុង​មួយ​ខែ​មកនេះ ក្រុម​រថយន្ត​ដឹក​ដី​ទាំងនោះ​កំពុង​សំរុក​ដឹក​ជញ្ជូន ធ្វើ​ឲ្យ​ធូលី​ដី​ហុយ​ទៅ​លើ​ផ្ទះ​របស់​ប្រជាពលរដ្ឋ​រស់នៅ​តាម​ដងផ្លូវ​ក្នុងភូមិ​ថ្នា​ញ សង្កាត់​បាទី ក្រុង​បា​វិត​បង្ក​ឲ្យ​ប៉ះពាល់​ដល់​សុខុមាលភាព​មនុស្ស​និង​សត្វ​យ៉ាង​ខ្លាំង ។

ដោយសារ​ផល​ប៉ះពាល់​នេះ​ក៏​មានការ​អំពាវនាវ​សុំ​ឲ្យ​អាជ្ញាធរ​ក្រុង​-​ខេត្ត​មេត្តា​ទៅ​ពិនិត្យ​ដោះស្រាយ​ដោយ​អនុគ្រោះ​ផង ។បើ​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​អាជីវកម្ម​ជីករណ្តៅ​ដី​យក​អាចម៍ដី​លក់​នេះ​ឈ្មោះ សុខ ហេង បាន​មក​ធ្វើ​អាជីវកម្ម​ជីករណ្តៅ​ដី យក​អាចម៍ដី​លក់​នេះ​រយៈពេល​ជិត​១​ខែ​មក​ហើយ បង្ក​ឲ្យ​មាន​ធូលី​ដី​ហុយ​ទៅ​លើ​លំនៅ​ឋាន​របស់​ប្រជាពលរដ្ឋ បង្ក​ផល​ប៉ះពាល់​ដល់​សុខភាព​អ្នក​ភូមិ​តាម​ដងផ្លូវ​យ៉ាង​ខ្លាំង ។

ចំពោះ​រណ្តៅ​ដី​ដែល​ក្រុមហ៊ុន​សុខ​ហេង​កំពុង​ជីក​យក​អាចម៍ដី​លក់​នោះ គឺ​មាន​ជម្រៅ​ជ្រៅ​ប្រមាណ​ជាង
​១០​ម៉ែត្រ​ទៅ​ហើយ ប្រជាពលរដ្ឋ​មានការ​ព្រួយបារម្ភ​ខ្លាច​បាក់​ដីស្រែ​របស់​ពួក​គាត់​ដែល​នៅ​ជិត​រណ្តៅ​ដី ពិសេស​នៅ​រដូវវស្សា​ខ្លាច​គោ​-​ក្របី​ដែល​ជា​សត្វពាហនៈ​របស់​ខ្លួន​ធ្លាក់​លង់​ងាប់ ឬ​ក្មេង​ធ្លាក់​លង់​ស្លាប់​ដោយ​រណ្តៅ​ដី​នេះ ។ អ្នក​ភូមិ​ថា​គេ​ជីករណ្តៅ​ក្បែរ​គ្នា​បួន​ប្រាំ​រណ្តៅ​ដី ហើយ​សុទ្ធតែ​មាន​ជម្រៅ​ជ្រៅ​ជាង​១០​ម៉ែត្រ សង្ស័យ​ណាស់​មន្ត្រី​ជំនាញ​ត្រូវ​ថ្នាំ​សណ្តំ ។

ទាក់ទិន​ករណី​នេះ​ដែរ​លោក ប៉ាត់ សាក់ ប្រធាន​ការិយាល័យ​ធនធាន​រ៉ែ នៃ​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្តស្វាយ​រៀង​បាន​ឆ្លើយ​តាម​ទូរស័ព្ទ នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ឧសភា​នេះ​ថា ក្រុមហ៊ុន​មាន​អាជ្ញាប័ណ្ណ​និង​មានច្បាប់​ទើប​គេ​ហ៊ាន​ជីក បើ​អ្នក​សារព័ត៌មាន​ចង់​ដឹង​ទៅ​សួរ​ម្ចាស់​ធ្វើ​អាជីវកម្ម​នោះ​ទៅ​រួច​បិទ​ទូរស័ព្ទ​ភ្លាម​ដូច​ខ្លាច​សួរ​ទៀត។

ចំណែក​លោក ប៉ុក តក ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្ត បាន​មាន​ប្រសាសន៍​ថា ចំពោះ​ក្រុមហ៊ុន​សុខ​ហេង​នេះ លោក​មិន​បានដឹង​ទេ ហើយ​ក៏​មិនដឹង​ថា គេ​សុំ​ច្បាប់​ថ្នាក់​ខេត្ត​ឬ​ថ្នាក់​ក្រសួង​ក៏​មិនដឹង​ដែរ តាំងពី​មាន​ករណី​កូ​វី​ដ​-១៩​មក លោក​មិន​ដែល​បាន​ចុះ​មូលដ្ឋាន​មើល​រណ្តៅ​ដី​ទេ ជាប់រវល់​ការងារ​ពង្រឹង​ផ្សព្វផ្សាយ​កូ​វី​ដ​-១៩ ។ លោក ប៉ុក តក បន្ត​ទៀត​ថា បើ​ក្រុមហ៊ុន​អាជីវកម្ម​សុំ​ច្បាប់​តាម​រយៈ​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្ត មន្ទីរ​អនុញ្ញាត​ឲ្យ​ជីក​ជម្រៅ​៤​ម៉ែត្រ​ទៅ​៤​ម៉ែត្រ​កន្លះ​ប៉ុណ្ណោះ ។ លោក​ថាបើ​សុំ​ថ្នាក់​ខេត្ត​អនុញ្ញាត​ត្រឹម​៤​ម៉ែត្រ​កន្លះ​ទៅ​៥​ម៉ែត្រ តាម​ស្ថានភាព​ដី ហើយ​បើ​ចាប់ពី​១​ហិ​កតា​ឡើង​ទៅ ត្រូវ​ទៅ​សុំ​ច្បាប់​ដល់​ក្រសួង អនុញ្ញាត​ចាប់ពី​៥​ម៉ែត្រ​ទៅ​ដល់​១០​ម៉ែត្រ តាម​ស្ថានភាព​ដី​ជាក់ស្តែង ។

ទាក់ទិន​ករណី​នេះ​ដែរ​លោក ហែម ពិសិដ្ឋ អភិបាលរង​ខេត្តស្វាយរៀង​បាន​មាន​ប្រសាសន៍​ថា លោក​អរគុណ​ដល់​អ្នក​យក​ព័ត៌មាន​បាន​ផ្តល់​ព័ត៌មាន​ជូន​លោក​បាន​ជ្រាប លោក​និង​ចាត់​ឲ្យ​លោក​អភិបាលក្រុង​បា​វិត​និង​លោក​ប្រធាន​មន្ទីរ​រ៉ែ​និង​ឋា​ម​ពល​ខេត្ត​ចុះ​ទៅ​ពិនិត្យ​ស្រាវជ្រាវ​និង​ដោះស្រាយ ។

មហាជន​កំពុង​រង់ចាំ​មើល​ចំណាត់ការ​របស់​អាជ្ញាធរ​ខេត្ត ដែល​ឈ្មួញ​ជីក​យក​អាចម៍ដី​លក់​ជម្រៅ​ជ្រៅ​ដល់​ក្បាល​ប្រេត​នៅ​ខេត្តស្វាយរៀង ជា​ពិសេស​នៅ​ក្រុង​បា​វិត ដោយ​កន្លង​មក​មាន​ទាំង​ក្រុម​អាជីវកម្ម​មានច្បាប់ និង​អត់​ច្បាប់​ធ្វើ​អាជីវកម្ម​គ្រប់​ស្រុក​ក្រុង​គួរ​ឲ្យ​ព្រួយបារម្ភ ដោយ​ជីករណ្តៅ​ដី​ជ្រៅ​ចាប់ពី​៧​ម៉ែត្រ​ទៅ​ជាង​១០​ម៉ែត្រ​រាប់​សិបរ​ណ្តៅ​ដូច​រន្ធ​បាយខុំ ដែល​អ្នកស្រុក​សង្ស័យ​ថា ប្រ​សិន​អ្នកមាន​អំណាច មិន​បាន​លាភ​ក៏​មិន​បណ្តោយ​អុ​ី​ចឹ​ង​ដែរ ។ តើ​មាន​វិធានការ​លុប​វិញ​ដែរ​ឬ​អត់ បើ​ជ្រៅ​ម្ល៉ឹង​ៗ ៕​

អត្ថបទសរសេរ ដោយ