ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះធម្មជាតិបំផ្លាញទាំងផ្ទះ របួសទាំង​មនុស្ស​

3 ឆ្នាំ មុន
  • សៀមរាប

ខេត្ត​សៀម​រា​ប ៖ គ្រោះធម្មជាតិ​បានកើតឡើង​​ជា​បន្ត​បន្ទាប់​​ចំនួន​២ករណីក្នុងរយៈពេល​២ថ្ងៃ​ជាប់គ្នាគឺថ្ងៃទី​​​១៦-១៧ ឧសភា ឆ្នាំ​​​២០២០ បណ្តាល​ឱ្យ​រលំផ្ទះ​២ខ្នង និង​មនុស្ស​​២នាក់​បានរង​របួស ។​ ករណីទី១-កាលពី​វេលា​ម៉ោង​៥​និង​៥៤​នាទី​ល្ងាច​ថ្ងៃ​ទី​១៦ ខែ…

ខេត្ត​សៀម​រា​ប ៖ គ្រោះធម្មជាតិ​បានកើតឡើង​​ជា​បន្ត​បន្ទាប់​​ចំនួន​២ករណីក្នុងរយៈពេល​២ថ្ងៃ​ជាប់គ្នាគឺថ្ងៃទី​​​១៦-១៧ ឧសភា ឆ្នាំ​​​២០២០ បណ្តាល​ឱ្យ​រលំផ្ទះ​២ខ្នង និង​មនុស្ស​​២នាក់​បានរង​របួស ។​

ករណីទី១-កាលពី​វេលា​ម៉ោង​៥​និង​៥៤​នាទី​ល្ងាច​ថ្ងៃ​ទី​១៦ ខែ ឧសភា ឆ្នាំ ២០២០ ​នៅភូមិ​ជីក្រែង ឃុំ​ជីក្រែង ស្រុក​ជីក្រែង ខេត្ត​សៀមរាប មាន​​ភ្លៀង​ធ្លាក់​​មួយ​​មេ​ធំ​លាយឡំ​នឹង​ខ្យល់​ក​ន្ត្រា​ក់​ បណ្តាល​ឱ្យ​រលំ​ផ្ទះ​​ប្រជា​ពលរដ្ឋ​អស់​​ចំនួន​២​ខ្ន​ង និង​យុវជន​ម្នាក់​រង​របួសស្រាល​​។

បើ​តាម​ការ​បញ្ជាក់​ពី​លោក​វរសេនីយ៍ឯក សុខ សុទ្ធា​វុ​ធ អធិការ​នគរបាល​ស្រុក​ជីក្រែង​បាន​​ឱ្យ​ដឹង​​ថា នៅ​ក្នុងភូមិ​ជីក្រែង ឃុំជីក្រែង មានភ្លៀង​ធ្លាក់​​លាយឡំ​​ខ្យល់​កន្ត្រាក់​​ បណ្តាល​ឱ្យ​រលំ​ផ្ទះ​​ឈើ​មួយខ្នងប្រក់​ក្បឿង ​បាំង​ជញ្ជាំង​ក្តារ ​មាន​ទំហំ​ទទឹង​៧​ម៉ែត្រ​ និង​បណ្តោយ​១១​ម៉ែត្រ ​ទើប​​សង់​រួច ​បាន​​រលំ​ដល់​ដី​ទាំងស្រុង​ ​រីឯកូនប្រុស​ម្នាក់របស់ម្ចាស់​ផ្ទះ​បាន​រងរបួសស្រាល ។​

លោក​អធិការ​នគរបាលស្រុក​បាន​បញ្ជាក់​ថា ម្ចាស់ផ្ទះ​ឈ្មោះ គ្រួ​ស យាំ ភេទ​ប្រុស អាយុ​៤២​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ សាំង សឺ អាយុ៤១​ឆ្នាំ​ និង​កូនប្រុស​ឈ្មោះ ឡាំ យ៉ុ​ង អាយុ​២២​ឆ្នាំ រង​របួសស្រាល ។​ គ្រួសារនេះ​រស់​នៅ​​ក្នុង​ភូមិ​ជីក្រែង ឃុំ​ជីក្រែង ។

​លោក​អធិការដ្ឋាន​នគរបាល​ស្រុក​ជីក្រែង ក៏ដូច​ជា​លោក​អភិបាលស្រុក​បាន​សំណូមពរ​ដល់​​បង​ប្អូន​ប្រជា ពលរដ្ឋ​​ទាំងអស់ ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​បំផុតនៅ​ពេល​មាន​ភ្លៀង សូមកុំ​ទៅ​ជ្រក​ក្រោម​ដើមឈើ ទោះជា​នៅ​ក្នុងផ្ទះ​ក៏​ត្រូវ​ប្រុង​ប្រយ័ត្ន​ផង​ដែរ ។​

ករណីទី​២-​កាលពីវេលាម៉ោង​​​៤​និង​​​២០នាទីរសៀល​ថ្ងៃ​ទី​១៧ ​ខែឧសភា​ ឆ្នាំ​២០២០ នៅ​ភូមិ​តា​សៀម ស្រុកស្វាយលើ ​មាន​ភ្លៀង​ធ្លាក់​​មួយ​​មេ​ធំលាយឡំខ្យល់កន្ត្រាក់ ​និងមាន​​រន្ទះបាញ់​ដើម​អំពិល បណ្តាល​ឱ្យ​​ប្លាត​មក​ត្រូវ​បុរសម្នាក់​រងរបួសធ្ងន់ ។​

ជនរងគ្រោះ​ឈ្មោះ ទេស ណា​វ ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ ​។

បើ​តាម​លោក អៀង ពិសិដ្ឋ អភិបាល​ស្រុក​ស្វាយ​លើ បាន​​ឱ្យ​ដឹង​​ថា ​មុនពេលកើតហេតុ មានភ្លៀងធ្លាក់មួយមេធំលាយឡំខ្យល់កន្ត្រាក់ និង​មាន​រន្ទះបាញ់​ដើម​អំពិល​ដែល​នៅ​ជាប់​ផ្ទះ​របស់​​ជនរងគ្រោះ ​ធ្វើ​​ឱ្យ​ប្លាតត្រូវ​ចំជនរងគ្រោះ​ពេល​​កំពុង​ជួយ​លើក​សសរ​ផ្ទះ​បងប្អូន​ដែល​នៅ​ជាប់​​​គ្នា បណ្តាល​ឱ្យ​រង​របួសធ្ងន់ ។

លោកអភិបាល​ស្រុកបាន​បន្ត​ថា បន្ទាប់​ពី​កើតហេតុ ដោយ​មាន​​ការជួយ​អន្តរាគមន៍​ពី​អាជ្ញាធរ​ឃុំ និង​ស្រុក ​​បាន​​ដឹក​ជនរងគ្រោះ​​តាម​រថយន្ត​សង្គ្រោះ​បន្ទាន់​របស់​មណ្ឌល​សុខភាព​ស្វាយ​លើ​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​សូទ្រនិគម​។ បច្ចុប្បន្ន​ជន​រង​គ្រោះ​បានដឹង​ខ្លួន​កំរើក​ដៃ និង​និយាយ​បាន​ខ្លះ​ៗហើយ​ ដោយ​គ្រូពេទ្យ​កំពុង​ពិនិត្យ​តាមដាន​យ៉ាង​យកចិត្តទុកដាក់​ជា​បន្ត​​ទៀត ៕ (កែសម្រួលដោយ ៖​ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ