ខេត្តកំពង់ចាម ៖ កម្លាំងសមត្ថកិច្ច កាលពីរសៀលថ្ងៃទី១៧ ខែឧសភាកន្លងទៅ បានឃាត់ខ្លួនក្រុមអ្នកញៀនល្បែងបញ្ជល់មាន់ និងអាប៉ោង កំពុងនាំគ្នាហ៊ោកញ្ជ្រៀវនៅក្នុងព្រៃមួយកន្លែង ក្នុងឃុំខ្នុរដំបង ស្រុកជើងព្រៃ ដោយដកហូតបានអាគក ម៉ូតូ រថយន្ត ព្រមទាំងលុយមួយចំនួន រួចបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្ត ។
ឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្ត បានឲ្យដឹងថា កម្លាំងនគរបាលព្រហ្មទណ្ឌខេត្ត ដឹកនាំដោយវរសេនីយ៍ឯក ថាញ់ សុខវុន នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយនគរបាលស្រុកជើងព្រៃ ដឹកនាំដោយលោកអធិការរង និងមានការដឹកនាំសម្របសម្រួលបញ្ជាផ្ទាល់ពីលោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តបានឆ្មក់បង្ក្រាបករណីលួចលេងល្បែងស៊ីសង នៅចំណុចខាងលើ ។
ជាលទ្ធផល បានចាប់ឃាត់ខ្លួនអ្នកញៀនល្បែងចំនួន១០នាក់មាន ៖
១-ឈ្មោះ មាន ច្រឹង ភេទប្រុស អាយុ៥០ឆ្នាំ រស់នៅភូមិទទាល ឃុំរវាង ស្រុកជើងព្រៃ ខេត្តកំពង់ចាម, ២-ឈ្មោះ ឈឿន ឈន់ ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិព្នៅលិច ឃុំព្រៃចារ ស្រុកជើងព្រៃ ខេត្តកំពង់ចាម,
៣-ឈ្មោះ ស៊ឹម ស៊ីភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិព្រៃគ្រី ឃុំព្រៃគ្រី ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង, ៤-ឈ្មោះ ពៅ ម៉េងហុង ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិរវាង ឃុំខ្នុរដំបង ស្រុកជើងព្រៃ ខេត្តកំពង់ចាម, ៥-ឈ្មោះ សួន ឈឿន ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិតាពរ ឃុំត្រពាំងពរ,
៦-ឈ្មោះ យ៉ាន យ៉ាត ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិក្រដាស ឃុំតាំងត្រពាំង ស្រុកបាធាយ ខេត្តកំពង់ចាម, ៧-ឈ្មោះ ពុត ពេជ្រ ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិត្របែក ឃុំជើងព្រៃ ស្រុកបាធាយ ខេត្តកំពង់ចាម,
៨-ឈ្មោះ លី សុខអាន ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិស្រះស្រឹង ឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម, ៩-ឈ្មោះ សួស សុភ័ក្ត្រ ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិងូង ឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម និង១០-ឈ្មោះ ណៃ ផានិត ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិរវាង ឃុំខ្នុរដំបង ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។
ចំណែកវត្ថុតាងមួយចំនួនដែលដកហូតរួមមាន មាន់ងាប់២ក្បាល កន្ត្រកដាក់មាន់១ ម៉ូតូចំនួន១៣គ្រឿង កញ្ចក់បាំងមាន់១ ហាន់តោអាប៉ោង១រថយន្ត៤គ្រឿង ប្រាក់ចំនួន៣.៥១០.០០០រៀល និង១.០០០ដុល្លារ និងសម្បកស្កុតរុំជើងមាន់មួយចំនួន ។
ទាំងមនុស្សនិងវត្ថុតាង ត្រូវបានបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីសាកសួរនិងកសាងសំណុំរឿងតាមនីតិវិធី ។
លោកស្នងការមានប្រសាសន៍ថា កន្លងមក ក្រុមអ្នកញៀនល្បែងតែងតែលួចលេងនៅកន្លែងស្ងាត់មិនមានមនុស្ស ហើយក៏ធ្លាប់បានបង្ក្រាបជាបន្តបន្ទាប់ដែរ ៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ