ខេត្តរតនគិរី៖ ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ មន្ត្រីឧទ្យានុរក្ស បានប្រមូលម៉ាស៊ីនថតស្វ័យប្រវត្តិដែលក្រុមការងារដាក់ថតសត្វព្រៃក្នុងឧទ្យានជាតិវីរៈជ័យ ។ ម៉ាស៊ីនស្វ័យប្រវត្តិ ថតបានសត្វព្រៃកម្រជាច្រើនប្រភេទរួមមាន សត្វខ្ទីង ខ្លាពពក ខ្លាភ្ញីថ្មកែវ ប្រើស ឈ្លូស សត្វតេះ ឬកែះ សត្វសំពោច សត្វជ្រូកព្រៃ ខ្លាឃ្មុំ និងពពួកបក្សីកម្រដូចជាមាន់ទោពណ៌ប្រាក់ និងកេងកងជាដើមដែលចាំបាច់ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការការពារ និងអភិរក្ស ។
លោកនេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាននៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២០ ឱ្យដឹងថា នៅក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះវត្តមានសត្វព្រៃមានកំណើនឡើងរួមទាំងប្រភេទសត្វកម្រ និងជិតផុតពូជមួយចំនួនផង ដោយសារតែការខិតខំអភិរក្ស និងការពារជម្រកសត្វព្រៃរបស់កម្លាំងមានសមត្ថកិច្ច ។ វត្តមានសត្វព្រៃទាំងអស់នេះគឺពោរពេញដោយក្តីសង្ឃឹមសម្រាប់ប្រជាជនកម្ពុជា និងសម្រាប់ផលប្រយោជន៍ជីវៈចម្រុះរបស់ពិភពលោក ដោយសារតែប្រភេទសត្វមួយចំនួនដែលជិតផុតពូជពីលើពិភពលោក ប៉ុន្តែមានវត្តមាននៅក្នុងព្រៃនៃប្រទេសកម្ពុជា ។
លោករដ្ឋលេខាធិការបានមានប្រសាសន៍ថាយោងតាមការចាត់ថ្នាក់របស់អង្គការសហភាពអន្តរជាតិដើម្បីអភិរក្សធម្មជាតិ(IUCN) ខ្លាពពក ខ្លាឃ្មុំ តេះ ខ្ទីង និងសត្វកេងកង ដែលមានវត្តមាននៅក្នុងឧទ្យានជាតិវីរៈជ័យ ត្រូវបានចាត់ចូលជាប្រភេទងាយរងគ្រោះថ្នាក់(VU) ដែលមានន័យថាវាអាចឈានទៅរកការវិនាសផុតពូជក្នុងព្រៃធម្មជាតិ ។ ខ្លាភ្ញីថ្មកែវ ត្រូវបានចាត់ចូលជាប្រភេទ រងគ្រោះថ្នាក់ (NT) ដែលមានន័យថាវាអាចឈានទៅជាប្រភេទងាយរងគ្រោះថ្នាក់ ផងដែរ នៅពេលខាងមុខ ។
ដោយឡែកឈ្លូស ប្រើស ជ្រូកព្រៃ និងមាន់ទោពណ៌ប្រាក់ ត្រូវបានចាត់ចូលជាប្រភេទរងគ្រោះថ្នាក់តិចតួច(LC) ដែលមានន័យថាវាមិនទាន់ត្រូវបានចាត់ចូលជាប្រភេទរងគ្រោះថ្នាក់ដូចខាងលើនៅឡើយ ។ យោងតាមរបាយការណ៍ជាតិលើកទី៤ ស្តីពីជីវៈចម្រុះ ប្រទេសកម្ពុជាជាប្រទេសសម្បូរទៅដោយជីវៈចម្រុះដែលបានបង្ហាញវត្តមានប្រភេទថនិកសត្វ១២៣ប្រភេទ សត្វស្លាប៥៤៥ប្រភេទ ឧរង្គសត្វ៨៨ប្រភេទ រុក្ខជាតិ តូចៗ (vascular plants) ២៣០៨ប្រភេទ ត្រី៨៧៤ប្រភេទ ផ្កាថ្មរឹង២៤ប្រភេទ ផ្កាថ្មទន់១៤ប្រភេទ ស្មៅសមុទ្រ១០ប្រភេទ និងថលជលិក៦៣ ប្រភេទ។
នៅមានវត្តមានប្រភេទរុក្ខជាតិ និងសត្វមួយ ចំនួនទៀត ដែលមិនទាន់សិក្សាស្រាវជ្រាវ និងកំណត់អត្តសញ្ញាណនៅទ្បើយ ។ មានប្រភេទរុក្ខជាតិ និងសត្វដែលបានកំណត់ក្នុងបញ្ជីក្រហមរបស់អង្គការសហភាពអន្តរជាតិ ដើម្បីការអភិរក្សធម្មជាតិ (IUCN) ដូចជា ថនិកសត្វ៣៩ប្រភេទ ក្នុងនោះប្រភេទសត្វដែលជិតផុតពូជ និងងាយរងគ្រោះរួមមានដំរីអាស៊ី ខ្លាដំបង ខ្លាឃ្មុំធំ ខ្លាពពក ខ្លាត្រី ខ្លាលឿងមាស រមាំង កែះ ប្រើសស្បូវ ខ្ទីង ទន្សោង ពង្រូល ទោចម្កុដ ទោចផ្ពាល់លឿង រញីប្រផេះ ស្វាត្រោស ឆ្កែព្រៃ រីឯសត្វស្លាប៣៦ប្រភេទដែលជិតផុតពូជ និងងាយរងគ្រោះរួមមានត្រយងយក្ស ត្រដក់ធំ កេងកងធំ ត្មាតប្រផេះ ត្មោតត្នោត ត្មាតភ្លើង ក្រផលក្បាលក្រហម អង្កត់ខ្មៅជាដើម ឧរង្គសត្វ១៣ប្រភេទ រុក្ខជាតិ តូចៗ (vascular plants) ៣៨ប្រភេទនិងថលជលិក១២ប្រភេទ ។
លោករដ្ឋលេខាធិការបន្តថា ប្រភេទសត្វព្រៃ កំពុងទទួលរងការគំរាមកំហែងដោយ ការបរបាញ់ ការដាក់អន្ទាក់ ការបាត់បង់ទីជម្រកបណ្តាលមកពីការកាប់ព្រៃខុសច្បាប់ និងការទន្ទ្រានដីព្រៃដើម្បីយកជាកម្មសិទ្ធិជាដើម ដែលទាមទារឱ្យមាននូវការការពារមួយប្រកបដោយប្រសិទ្ធភាពខ្ពស់ ។ ហេតុដូចនេះហើយបានជាក្រុមមន្ត្រីឧទ្យានុរក្សនៃតំបន់ការពារធម្មជាតិនានាក្នុងប្រទេសកម្ពុជា បានខិតខំបំពេញការងារចុះល្បាតជាប្រចាំនៅតាមចំណុចគោលដៅក្នុងតំបន់ការពារធម្មជាតិ ស្ថិតក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដែលនេះមិនមែនត្រឹមតែជាកាតព្វកិច្ចការងារ តែជាការលះបង់ និងជាវីរភាព ឈរលើស្មារតីទទួលខុសត្រូវក្នុងការទប់ស្កាត់ បង្ក្រាបបទល្មើស ការពារធនធានធម្មជាតិ និងអភិរក្សជីវៈចម្រុះ ប្រកបដោយភាពអត់ធ្មត់ និងប្រុងប្រយ័ត្នខ្ពស់បំផុត ដើម្បីធានាបាននូវការការពារជីវៈចម្រុះរបស់ប្រទេសកម្ពុជាទាំងមូល ក៏ដូចជាសម្រាប់ពិភពលោក ។
ក្នុងការសង្គ្រោះសត្វព្រៃ និងអភិរក្សសត្វព្រៃ មន្ត្រីឧទ្យានុរក្សដែលបានឈរជើងការពារតំបន់ការពារធម្មជាតិនានាបានដោះអន្ទាក់ចេញពីក្នុងព្រៃបានចំនួន១៧,១៧៥ អន្ទាក់កាលពីឆ្នាំ២០១៩កន្លងទៅគឺមានការកើនឡើងជាងឆ្នាំ២០១៨ចំនួន៥០០០អន្ទាក់ ។ ខេត្តដែលបានដោះអន្ទាក់បានច្រើនជាងគេគឺខេត្ត កោះកុងដែលមានចំនួន៧០៧៤អន្ទាក់នៅឆ្នាំ ២០១៩។
ប្រភពដដែលថា សត្វព្រៃ និងសត្វស្លាបមួយចំនួនដែលពិភពលោកជិតផុតពូជ គឺមានវត្តមាននៅក្នុងប្រទេសកម្ពុជា ។ ក្នុងនាមក្រសួងបរិស្ថាន លោកបានជំរុញឱ្យប្រជាពលរដ្ឋចូលរួមការពារ និងអភិរក្សសត្វព្រៃនៅកម្ពុជា និងបានអំពាវនាវឱ្យប្រជាពលរដ្ឋឈប់បរបាញ់ សត្វចាប់សត្វព្រៃខុសច្បាប់ដែលត្រូវប្រឈមនឹងច្បាប់ ។
លោកបានថ្លែងថា តាមការសិក្សាស្រាវជ្រាវរបស់អ្នកជំនាញ ការបរិភោគសាច់សត្វព្រៃមិនមានប្រយោជន៍សម្រាប់សុខភាពទេ ប៉ុន្តែអាចប្រឈមនឹងជំងឺឆ្លង ផ្សេងៗ ក៏ដូចជាចម្លងមេរោគផងដែរ ។ លោកបន្តថា មន្ត្រីឧទ្យានុរក្ស និងអាជ្ញាធរពាក់ព័ន្ធនៅតាមបណ្តាខេត្តនានាបានចុះពិនិត្យជាប្រចាំនៅ តាមទីផ្សារនានា និងនៅតាមភោជនីយដ្ឋាន មិនអនុញ្ញាតឱ្យលក់សាច់សត្វព្រៃឡើយ ។ «ខ្ញុំសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ប្រសិនបើឃើញមានការលក់សាច់សត្វព្រៃ ការបរបាញ់សត្វព្រៃ សូមទាក់ទងមកមន្ត្រីជំនាញដើម្បីចាត់វិធានការតាមច្បាប់»។
កម្ពុជាបានរៀបចំយន្តការ ក៏ដូចជាមានច្បាប់ និងអនុវត្តជាប្រចាំដើម្បីបង្ការ ទប់ស្កាត់ និងប្រឆាំងការជួញដូចសត្វព្រៃខុសច្បាប់នេះ ហើយបានបង្ក្រាបលើបទល្មើសជាច្រើន ហើយរំដោះសត្វព្រៃជាច្រើនពីក្រញាំដៃនៃក្រុមជនល្មើស ព្រមទាំងបានចាប់ខ្លួន បញ្ជូនសំណុំរឿងទៅតុលាការផ្តន្ទាទោសតាមច្បាប់ ក៏ដូចជាការផាកពិន័យជាប្រាក់ និងការធ្វើកិច្ចសន្យាបញ្ឈប់សក្មភាពជាដើម ។
រូបភាពនៃវត្តមានសត្វព្រៃទាំងនោះ ជាព័ត៌មានដ៏សំខាន់សម្រាប់ក្រុមមន្ត្រីឧទ្យានុរក្ស ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការការពារ និងអភិរក្ស ៕
អត្ថបទសរសេរ ដោយ
អត្ថបទសរសេរ ដោយ
ចែករំលែកព័តមាននេះ