រាជធានីភ្នំពេញ ៖ មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកាលពីព្រឹកថ្ងៃពុធ ទី២ មីនា បានរៀបចំបើកវគ្គស្តីពីការរៀបចំផែនការបង្ហាត់ និងទ្រឹស្តីហាត់ហ្វឹកហ្វឺនមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៤ មីនា ក្នុងគោលបំណងពង្រឹង និងពង្រីកសមត្ថភាពគ្រូបង្វឹក គ្រូជំនួយ និងអនុរក្ស ក្នុងការដឹកនាំគ្រប់គ្រង និងវាយតម្លៃការហាត់ និងបង្ហាត់ដល់ក្រុមកីឡាករ-កីឡាការិនីជំរើសជាតិឱ្យបានល្អ ។ សិក្ខាកាមដែលបានមកចូលរួមនាឱកាសនោះមានចំនួន៧៧នាក់ ជាគ្រូបង្វឹក និងគ្រូជំនួយមកពីសហព័ន្ធកីឡាជាតិចំនួន២១ និងអនុរក្សជាមន្ត្រីមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាផងដែរ ។
លោកអ៊ុក សិទ្ធិជាតិ ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា បានមានប្រសាសន៍ថា វគ្គបំប៉ននេះ ធ្វើឡើងក្នុងគោលបំណងពង្រឹងគុណភាព និងប្រសិទ្ធភាពនៃការបង្ហាត់ និងការហ្វឹកហាត់របស់ក្រុមជម្រើសជាតិឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស និងឈានទៅរកលទ្ធផលល្អក្នុងការចូលរួមប្រកួតកីឡាស៊ីហ្គេម និងការប្រកួតជាលក្ខណៈអន្តរជាតិផ្សេងទៀត នាពេលខាងមុខនេះ។ គួររំលឹកថា ការប្រកួតកីឡាស៊ីហ្គេមលើកទី២៦ ដែលឥណ្ឌូណេស៊ីធ្វើជាម្ចាស់ផ្ទះ នឹងចាប់ផ្តើមនៅខែវិច្ឆិកា ខាងមុខ ដូច្នេះការហ្វឹកហាត់ត្រូវទាមទារបច្ចេកទេសខ្ពស់ បទពិសោធន៍ថ្មីៗ សម្រាប់ផ្តល់ឱ្យកីឡាករ-កីឡាការិនីជម្រើសជាតិដើម្បីឈានទៅដណ្តើមមេដាយជូនជាតិឱ្យបានច្រើន ។
លោកប៊ុន សុខ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានធ្វើការដាស់តឿនដល់មន្ត្រីកីឡាជាគ្រូបង្វឹកទាំងអស់ ត្រូវតែមានការទទួលខុសត្រូវខ្ពស់ រៀបចំផែនការហ្វឹកហ្វឺនឱ្យបានច្បាស់លាស់ ជាពិសេសរាល់ប្រភេទកីឡានីមួយៗប្រកបដោយប្រសិទ្ធភាពខ្ពស់ ។ វគ្គបំប៉ននេះមានសារសំខាន់ និងផលប្រយោជន៍ក្នុងការរៀបចំផែនការ និងទ្រឹស្តីហ្វឹកហ្វឺនឱ្យបានច្បាស់លាស់។ ដូច្នេះលោកបានធ្វើការផ្តាំផ្ញើយ៉ាងទទូច សំណូមពរដល់មន្ត្រីកីឡាដែលជាគ្រូបង្វឹកក្តី គ្រូជំនួយក្តី ក៏ដូចជាអនុរក្សផងដែរ ត្រូវតែតាមដានយកចិត្តទុកដាក់បំផុត ដើម្បីសម្រេចគោលដៅជ័យជំនះចុងក្រោយរបស់យើង ៕
ចែករំលែកព័តមាននេះ