យុទ្ធនាការដោះស្រាយកកស្ទះសំណុំរឿងត្រូវអនុវត្តន៍តាមច្បាប់ និងមិនធ្វើជាត្រីងៀតឆ្លៀតពងទេ


រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ លោក កើត រិ​ទ្ធ នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ខែឧសភា​បាន​ប្រកាស​បើក​យុទ្ធនាការ​ដោះស្រាយ​ការ​កកស្ទះ​សំណុំរឿង​នៅ​តាម​សាលាដំបូង​រាជធានី​ខេត្ត ។

ការ​ប្រកាស​ធ្វើ​នៅ​ទីស្តីការក្រសួង​យុត្តិធម៌ ដោយ​មានការ​ចូលរួម​ពី​តំណាង​ប្រ​ធានា​តុលាការ ព្រះរាជអាជ្ញា អយ្យការ​នៅ​តាម​បណ្តា​រាជធានី​ខេត្ត សរុប​១៧០​នាក់ ។

លោក គឹ​ម សន្តិភាព រដ្ឋលេខាធិការ​ក្រសួងយុត្តិធម៌​បាន​លើក​ថា យុទ្ធនាការ​ដោះស្រាយ​ការ​កកស្ទះ​សំណុំរឿង​នី​តាម​រាជធានី ខេត្ត មាន​គោលការណ៍​ពី​សំខាន់​២​គឺ អនុវត្តន៍​តាម​បទបញ្ញត្តិ​ច្បាប់ និង​អនុវត្តន៍​ផ្អែក​លើ​ភាព​យុត្តិធម៌ មិន​ត្រូវធ្វើ​ជា​ត្រីងៀត​ឆ្លៀត​ពង​នោះ​ទេ ។

សូម​ជម្រាប​ថា បន្ទាប់​ពី​ប្រកាស​រួច​លោក​រដ្ឋមន្ត្រី និង​ធ្វើ​សន្និសីទ​សារព័ត៌មាន​ក្នុង​គោលបំណង​ដោះស្រាយ​ការ​កកស្ទះ​សំណុំរឿង​ដែល​មាននៅ​តាម​សាលាដំបូង​រាជធានី ខេត្ត ក៏​ដូច​ជា ដើម្បី​ចូលរួម​ចំណែក​ដោះស្រាយ​ការ​ចង្អៀត​ណែន​នៃ​អ្នក​ជាប់​ពន្ធនាគារ ព្រមទាំង​លើកកម្ពស់​សមត្ថភាព​ស្ថាប័ន​តុលាការ​ក្នុង​ការ​ផ្តល់​សេវា​យុត្តិធម៌ ជូន​ប្រជាពលរដ្ឋ​បាន​កាន់តែ​ប្រសើរ តាម​រយៈ​ការ​ព​ន្លឿ​ន​ចំណាត់ការ​សំណុំរឿង ក្រសួងយុត្តិធម៌​នឹង​ប្រកាស​បើក​យុទ្ធនាការ​ដោះស្រាយ​កាត​កកស្ទះ​សំណុំរឿង​នៅ​តាម​សាលាដំបូង​រាជធានី ខេត្ត​នៅ​ថ្ងៃ​ទី​១៨​ឧសភា​តទៅ ។

បច្ចុប្បន្ន​សំណុំរឿង​នៅ​តាម​សាលា​រាជធានី ខេត្ត​មានការ​កកស្ទះ​ជា​ច្រើន ។ ក្រសួងយុត្តិធម៌ បាន​សម្រេច​បង្កើត​គណៈកម្មការ​ថ្មី​មួយ ដើម្បី​ដឹកនាំ​យុទ្ធនាការ​ដោះស្រាយ​ការ​កកស្ទះ​សំណុំរឿង​នៅ​តាម​សាលាដំបូង​រាជធានី​-​ខេត្ត ខណៈ​អ្នក​ជាប់​ឃុំ​នៅ​តាម​ពន្ធនាគារ​កំពុង​មាន​ភាព​ចង្អៀត​ណែន ពិសេស​អ្នក​ជាប់​ឃុំ​រឿង​គ្រឿងញៀន ។

ប្រធាន​គណៈកម្មការ​នេះ គឺ​ដឹកនាំ​ដោយ លោក កើត រិ​ទ្ធ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ដែល​ទើប​ឡើង​កាន់​តំណែង​ថ្មី និង​មាន​អនុប្រធាន​ចំនួន​២​រូប ព្រមទាំង​សមាជិក​៥​រូប​បន្ថែម​ទៀត ដែល​ជា​រដ្ឋលេខាធិការ ។ រដ្ឋលេខាធិការ​ម្នាក់​ៗ គឺ​ត្រូវ​ដឹកនាំ​ក្រុមការងារ​មួយ ដែល​មាន​សមាជិក​ជាង​១០​រូប​ផ្សេង​ទៀត ។

យោង​តាម​ការ​ចាត់តាំង​របស់ លោក កើត រិ​ទ្ធ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ លោក គឹ​ម សន្តិភាព ត្រូវ​ដឹកនាំ​ក្រុមការងារ​ទី​មួយ ដែល​គ្រប់​ដណ្តប់​លើ​សាលាដំបូង​ចំនួន​៤ គឺ​រាជធានី​ភ្នំពេញ កណ្តាល ព្រៃវែង និង​ស្វាយ​រៀង ។

ចំណែក លោក ឡុ​ង នរិន្ទ ត្រូវ​ដឹកនាំ​ក្រុមការងារ​ទី​ពីរ ដែល​គ្រប់​ដណ្តប់​លើ​សាលាដំបូង​ចំនួន​៨ គឺ​កំពង់ចាម កំពង់ធំ រតនៈគិរី មណ្ឌលគិរី ព្រះ​វិហារ ស្ទឹង​ត្រែង ក្រចេះ និង​ត្បូងឃ្មុំ​។ រីឯ​ក្រុមការងារ​ទី​៣ គឺ​ដឹកនាំ​ដោយ លោក ជីវ សុង​ហាក់ ដែល​គ្រប់​ដណ្តប់​លើ​សាលាដំបូង​ចំនួន​៧​គឺ សៀមរាប បាត់ដំបង បន្ទាយ​មាន​ជ័យ កំពង់ឆ្នាំង ពោធិ៍សាត់ ឧត្តរមានជ័យ និង​ប៉ៃលិន ។

ដោយឡែក ក្រុមការងារ​ទី​បួន​ចុង​ក្រោយ គឺ​ដឹកនាំ​ដោយ លោក ជិន ម៉ា​លី​ន ដែល​គ្រប់​ដណ្តប់​លើ​សាលាដំបូង​ចំនួន​៥ គឺ​កោះកុង ព្រះ​សីហ​នុ កំពត តាកែវ និង​កំពង់ស្ពឺ ។ ។ បើ​តាម​អគ្គនាយកដ្ឋាន​ពន្ធនាគារ បច្ចុប្បន្ន​នៅ​កម្ពុជា​មាន​អ្នក​កំពុង​ជាប់​ឃុំ​សរុប​ជិត​៤​ម៉ឺន​នាក់​(៣៨.៩១១) ក្នុង​នោះ ១​ភាគ​៣ គឺជា​អ្នក​ជាប់​ឃុំ​ដែល​ពាក់ព័ន្ធ​នឹង​បទល្មើស​គ្រឿងញៀន ៕

ព័ត៌មាន​ជាតិ

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ