រាជធានីភ្នំពេញ ៖ កម្លាំងនគរបាលផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញបានឃាត់ខ្លួនស្ត្រីសង្ស័យជួញដូរថ្នាំញៀន២នាក់ នៅចំណុចជាប់របងវិហារចាមប្លុកបឹងកក់ ស្ថិតក្នុងភូមិទី២២ សង្កាត់ស្រះចក ខណ្ឌដូនពេញ កាលពីវេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី៣ មីនា ២០១១ ក្រោយពីសមត្ថកិច្ចរកឃើញថ្នាំញៀន ហើយការបង្ក្រាបជួញដូរថ្នាំញៀនដ៏ក្តៅគគុកនេះមិនរំខានដល់នគរបាលប៉ុស្តិ៍រដ្ឋបាលស្រះចកនោះទេ ។
ស្ត្រីសង្ស័យជួញដូរថ្នាំញៀនដែលនគរបាលឃាត់ខ្លួនមាន ១-ឈ្មោះប៊ូ ណេត អាយុ៤៨ឆ្នាំ ស្នាក់នៅក្នុងវិហារចាម សង្កាត់ស្រះចក ខណ្ឌដូនពេញ ២-ឈ្មោះរឿន ធី អាយុ២៥ឆ្នាំ ស្នាក់នៅជាមួយស្ត្រីខាងលើ ។ ប៉ូលិសខណ្ឌដូនពេញបានឱ្យដឹងថា យោងតាមការចង្អុលបង្ហាញពីលោកអធិការនគរបាលខណ្ឌដូនពេញត្រូវតែអនុវត្តបង្ក្រាបជាប្រចាំបទល្មើសជួញដូរថ្នាំញៀន ជាក់ស្តែងនៅថ្ងៃទី៣ មីនា វេលាម៉ោង៥និង៣០នាទីល្ងាច កម្លាំងនគរបាលផ្នែកព្រហ្មទណ្ឌអធិការដ្ឋាននគរបានខណ្ឌដូនពេញបានឃាត់ខ្លួនស្ត្រីចំនួន២នាក់ជាប់របងវិហារចាម ស្ថិតក្នុងភូមិទី២២ សង្កាត់ស្រះចក បន្ទាប់ពីរកឃើញថ្នាំញៀនប្រភេទយ៉ាម៉ាចំនួន២គ្រាប់ ។
ប្រជាពលរដ្ឋរស់នៅក្បែរវិហារចាម (ប្លុកបឹងកក់) បាននិយាយថា មិនថា ពេលយប់ ឬពេលថ្ងៃនោះទេ សកម្មភាពជួញដូរថ្នាំញៀនពួកគេតែងតែឈរលក់ដូចលក់ស្ករគ្រាប់ មិនរំខានដល់នគរបាលប៉ុស្តិ៍រដ្ឋបាលស្រះចកនោះ ទេ បើទោះបីជាសាលាខណ្ឌដូនពេញ បានយកសង្កាត់ស្រះចក ជាសង្កាត់ដកពិសោធន៍ក៏ដោយ គេសង្កេតឃើញ ក្រុមជួញដូរថ្នាំញៀន នៅតែបន្តសកម្មភាពដដែល៕
ចែករំលែកព័តមាននេះ