ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​មិន​ទទួល​បាន​ព័ត៌មាន​ផ្លូវការ​ពី​ភាគី​​វៀតណាម​ករណី​ថា ​មាន​អ្នក​ពី​កម្ពុជា​​កើត​កូ​វី​ដ​​១៩

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ថ្នាក់ដឹកនាំ​ក្រសួងសុខាភិបាល​នៅ​រសៀល​ថ្ងៃ​ទី ១៧ ខែឧសភា​នេះ​បាន​ឲ្យ​ដឹង​ថា ​កម្ពុជា​នៅ​មិន​ទាន់​បាន​ទទួល​ព័ត៌មាន​ផ្លូវការ​ពី​ភាគី​វៀតណាម​ជុំវិញ​ការ​ចុះ​ផ្សាយ​របស់​សារ​ព័ត៌​មាន​វៀតណាម​ដែល​ថា​ មាន​ជនជាតិ​វៀតណាម​ចេញពី​ខេត្តសៀមរាប​នៃ​ប្រទេស​កម្ពុជា​រក​ឃើញ​ផ្ទុក​កូ​វី​ដ​-១៩ នៅ​វៀត​ណា​នៅឡើយ​ទេ ។ លោក​ជំទាវ ឱ…

រាជធានី​ភ្នំពេញ​៖ ថ្នាក់ដឹកនាំ​ក្រសួងសុខាភិបាល​នៅ​រសៀល​ថ្ងៃ​ទី ១៧ ខែឧសភា​នេះ​បាន​ឲ្យ​ដឹង​ថា ​កម្ពុជា​នៅ​មិន​ទាន់​បាន​ទទួល​ព័ត៌មាន​ផ្លូវការ​ពី​ភាគី​វៀតណាម​ជុំវិញ​ការ​ចុះ​ផ្សាយ​របស់​សារ​ព័ត៌​មាន​វៀតណាម​ដែល​ថា​ មាន​ជនជាតិ​វៀតណាម​ចេញពី​ខេត្តសៀមរាប​នៃ​ប្រទេស​កម្ពុជា​រក​ឃើញ​ផ្ទុក​កូ​វី​ដ​-១៩ នៅ​វៀត​ណា​នៅឡើយ​ទេ ។

លោក​ជំទាវ ឱ វណ្ណ​ឌី​ន រដ្ឋលេខាធិការ​និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​បាន​ថ្លែង​ថា «​ខ្ញុំ​​សុំ​អនុញ្ញាត​គោរព​ជម្រាប​ជូន​សាធារណជន​ទាំងអស់​ឲ្យ​បាន​ជ្រាប​ថា មក​ទល់​ពេល​នេះ យើង​មិន​ទទួល​បាន​ព័ត៌មាន​ផ្លូវការ​ណាមួយ​ពី​ភាគី​វៀតណាម​ចំពោះ​ករណី​ដែល​បាន​លើក​ឡើង​នៅ​ក្នុង​សារព័ត៌មាន​ចុះ​ផ្សាយ​នោះ​ទេ​។ ម្យ៉ាងទៀត ក្រុមការងារ​របស់​ក្រសួងសុខាភិបាល ក៏​បាន​ស្រាវ​ជ្រាវ​ដោយ​យកចិត្តទុកដាក់​បំផុត ក៏​ប៉ុន្តែ​មិន​ទទួល​បាន​នូវ​ព័ត៌មាន​ជាក់លាក់​ណាមួយ​ស្ដី​អំពី​​ករណី​​ដូច​ការ​ចុះ​ផ្សាយ​នោះ​ដែរ »​។

លោក​ជំទាវ​បាន​បន្ត​ថា «​តាម​ការ​ចុះ​ផ្សាយ​នោះ​ទៀត គឺ​យើង​ក៏​មិន​អាច​ដឹង​បាន​ដែរ​ថា តើ​ការ​ដែល​​ចម្លង​នេះ វា​អាច​ឆ្លង​នៅ​ប្រទេស​ណាមួយ​ដែរ​ទេ ? ដោយសារ​ការ​ចម្លង​វីរុស​នេះ វា​អាច​កើត​មាន​​ឡើង​គ្រប់​ទីកន្លែង គ្រប់​កាលៈទេសៈ និង​គ្រប់ពេលវេលា ទាំងអស់ ជា​ពិសេស​ទៅ​ទៀត​នោះ គឺ​នៅ​ពេល​ដែល​បុគ្គល​ធ្វើ​ដំណើរ​ចល័ត​តែ​ម្តង​»​។

លោក​ជំទាវ​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​បាន​បន្ថែម​ថា «​គ្រប់​ព័ត៌មាន ដែល​ទទួល​បាន យើង​តែង​តែ​ធ្វើការ​ស្រាវជ្រាវ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​របស់​យើង ដោយ​បាន​ធ្វើការ​រុករក​ឲ្យ​អស់​លទ្ធ​ភាព ហើយ​ថ្ងៃនេះ ខ្ញុំ​សូម​ជម្រាប​ជូន​ថា យើង​នៅ​តែ​មិន​ទាន់​រក​ឃើញ​មាន​ករណី​វិជ្ជមាន​ថ្មី​ណា​មួយ​នោះ​ទេ​តាម​រយៈ​ប្រព័ន្ធ​ស្រាវជ្រាវ​តាមដាន​របស់​យើង​នេះ​។

អ​ញ្ចឹ​ង​ខ្ញុំ​គ្រាន់តែ​សូម​ជម្រាប​ជូន​ថា ករណី​នេះ​មិន​មាន​ភាព​ជាក់លាក់ ហើយ​ក៏​មិន​អាច​នឹង​វាយ​តម្លៃ​ថា ការ​ចម្លង​នេះ គឺ​កើត​ចេញពី​ព្រះរាជាណាចក្រ​កម្ពុជា​យើង​ដែរ ដោយសារ​បុគ្គល​នោះ​បាន​ទៅ​ដល់​ប្រទេស​វៀតណាម បើ​គិត​ទៅ​ហួស​ពី​១៤​ថ្ងៃ​ទៅ​ហើយ​មក​ទល់​ពេល​ដែល​ចុះ​ផ្សាយ​ថា​ រក​ឃើញ​វិជ្ជមាន​នោះ ។ ក្រសួងសុខាភិបាល នៅ​តែ​ប្រកាន់​ជំហរ​សហប្រតិបត្តិការ ល្អ មាន​តម្លា​ភាព ជា​និច្ច និង​បន្ត​ការ​យកចិត្តទុកដាក់​ស្រាវជ្រាវ​ជា​បន្ត​ទៀត ហើយ​ប្រសិនបើ​យើង​មាន​ព័ត៌​មាន ឬ​ក៏​មានការ​វិវឌ្ឍន៍​ថ្មី​ណាមួយ​ដែល​ពាក់ព័ន្ធ​ទៅ​នឹង​ជំងឺ​កូ​វី​ដ​-១៩ នេះ ក្រសួងសុខាភិបាល នឹង​​ជម្រាប​ជូន​សាធារណ​ជន​ឲ្យ​បាន​ជ្រាប​ជា​មិន​ខាន​ឡើយ​» ។

លោក​ជំទាវ​ក៏​បាន​បញ្ជាក់​ជូន​សារ​ជា​ថ្មី​ថា មក​ទល់​ថ្ងៃនេះ ក្រសួងសុខាភិបាល​កម្ពុជា មិន​ទាន់​រក​ឃើញ​មាន​ករណី​ចម្លង​វីរុស​កូ​វី​ដ​-១៩ ថ្មី នោះ​ទេ ។ អាស្រ័យ​ហេតុនេះ សូម​សាធារណជន​ទាំង​អស់ មេត្តា​ជ្រាប​ជា​ព័ត៌មាន ហើយ​ចូលរួម​បន្ត​ការពារ​ខ្លួន​កុំ​មានការ​ឆ្លង​វីរុស​នេះ ប្រសិនបើ​មាន​ព័ត៌មាន ឫ​មាន​បញ្ហា​សុខភាព សូម​ទាក់ទង​ទៅ​លេខ ១១៥ ឫ​ទៅ​ស្វែងរក​ការ​ពិនិត្យ​ព្យាបាល​ពី​ក្រុម​គ្រូពេទ្យ​នៅ​តាម​បណ្តា​មន្ទីរពេទ្យ​រដ្ឋ​ដែល​នៅ​ជិត​លោក​អ្នក ៕ (កែ​សម្រួលដោយ ៖ បុប្ផា)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ