រាជធានីភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌លោក កើត រិទ្ធនឹងធ្វើសន្និសីទសារព័ត៌មានពីការដោះស្រាយការកកស្ទះអ្នកទោសនៅពន្ធនាគារ។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងយុត្តិធម៌បានឲ្យដឹងថាលោកកើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មការដឹកនាំយុន្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី នឹងធ្វើសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃទី១៨ខែឧសភា ឆ្នាំ២០២០ក្នុងគោលបំណងដោះស្រាយការកកស្ទះសំណុំរឿងដែលមាននៅតាមសាលាដំបូងរាជធានី ខេត្ត ក៏ដូចជាដើម្បីចូលរួមចំណែកដោះស្រាយការចង្អៀតណែននៃអ្នកជាប់ពន្ធនាគារ ព្រមទាំងលើកកម្ពស់សមត្ថភាពស្ថាប័នតុលាការក្នុងការផ្តល់សេវាយុត្តិធម៌ ជូនប្រជាពលរដ្ឋបានកាន់តែប្រសើរ តាមរយៈការពន្លឿនចំណាត់ការសំណុំរឿង ក្រសួងយុត្តិធម៌នឹងប្រកាសបើកយុទ្ធនាការដោះស្រាយកាតកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី ខេត្តនៅថ្ងៃទី១៨ឧសភាតទៅ។
សូមជម្រាបថាបច្ចុប្បន្នសំណុំរឿងនៅតាមសាលារាជធានី ខេត្តមានការកកស្ទះជាច្រើន។
ក្រសួងយុត្តិធម៌បានសម្រេចបង្កើតគណៈកម្មការថ្មីមួយ ដើម្បីដឹកនាំយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី-ខេត្ត ខណៈអ្នកជាប់ឃុំនៅតាមពន្ធនាគារកំពុងមានភាពចង្អៀតណែន ពិសេសអ្នកជាប់ឃុំរឿងគ្រឿងញៀន។
ប្រធានគណៈកម្មការនេះ គឺដឹកនាំដោយ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដែលទើបឡើងកាន់តំណែងថ្មី និងមានអនុប្រធានចំនួន២រូប ព្រមទាំងសមាជិក៥រូបបន្ថែមទៀត ដែលជារដ្ឋលេខាធិការ។ រដ្ឋលេខាធិការម្នាក់ៗ គឺត្រូវដឹកនាំក្រុមការងារមួយ ដែលមានសមាជិកជាង១០រូបផ្សេងទៀត។
យោងតាមការចាត់តាំងរបស់ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក គឹម សន្តិភាព ត្រូវដឹកនាំក្រុមការងារទីមួយ ដែលគ្រប់ដណ្តប់លើសាលាដំបូងចំនួន៤ គឺរាជធានីភ្នំពេញ កណ្តាល ព្រៃវែង និងស្វាយរៀង។ ចំណែក លោក ឡុង នរិន្ទ ត្រូវដឹកនាំក្រុមការងារទីពីរ ដែលគ្រប់ដណ្តប់លើសាលាដំបូងចំនួន៨ គឺកំពង់ចាម កំពង់ធំ រតនៈគិរី មណ្ឌលគិរី ព្រះវិហារ ស្ទឹងត្រែង ក្រចេះ និងត្បូងឃ្មុំ។ រីឯក្រុមការងារទី៣ គឺដឹកនាំដោយ លោក ជីវ សុងហាក់ ដែលគ្រប់ដណ្តប់លើសាលាដំបូងចំនួន៧គឺ សៀមរាប បាត់ដំបង បន្ទាយមានជ័យ កំពង់ឆ្នាំង ពោធិ៍សាត់ ឧត្តរមានជ័យ និងប៉ៃលិន។
ដោយឡែក ក្រុមការងារទីបួនចុងក្រោយគឺដឹកនាំដោយ លោក ជិន ម៉ាលីន ដែលគ្រប់ដណ្តប់លើសាលាដំបូងចំនួន៥ គឺកោះកុង ព្រះសីហនុ កំពត តាកែវ និងកំពង់ស្ពឺ។
គណៈកម្មការថ្មីនេះ មានភារៈកិច្ច ដឹកនាំ និងសម្របសម្រួលការងាររួមលើការអនុវត្ត យុទ្ធនាការ ដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូង និងអយ្យការ អមសាលាដំបូងរាជធានី-ខេត្ត។ ជាយុទ្ធនាការមួយដើម្បីលើកម្ពស់សមត្ថភាព ស្ថាប័នក្នុងការបម្រើសេវាយុត្តិធម៌ឲ្យបានល្អ ជាពិសេសកាត់បន្ថយភាពចង្អៀតណែននៅពន្ធនាគារ។
បើតាមអគ្គនាយកដ្ឋានពន្ធនាគារ បច្ចុប្បន្ននៅកម្ពុជាមានអ្នកកំពុងជាប់ឃុំសរុបជិត៤ម៉ឺននាក់(៣៨.៩១១) ក្នុងនោះ ១ភាគ៣ គឺជាអ្នកជាប់ឃុំដែលពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន ៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ