ខេត្តកំពង់ធំ ៖ លោកវរសេនីយ៍ឯក រុំ សុវិជ្ជា នាយការិយាល័យចរាចរផ្លូវគោកនៃស្នងការនគរបាលខេត្តកំពង់ធំ ស្រវឹងស្រាធ្លាក់ភ្នែកបើករថយន្តបុកខឿនរូបសំណាកលោកតាអាចារ្យលាក់ ហើយបានស្រែកជេរប្រមាថលោកសុខ លូ អភិបាលខេត្តកំពង់ធំថែមទៀត ។ ហេតុការណ៍នេះ បានកើតឡើងកាលពីលោកពីវេលាម៉ោង៩ និង១២នាទីយប់ថ្ងៃទី១៥ ឧសភា ស្ថិតនៅក្នុងសង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ។
មន្ត្រីនគបាលចរាចរណ៍ជាន់ខ្ពស់រូបនេះ បានស្រែកជេរប្រមាថទៅអភិបាលខេត្តកំពង់ធំលោក សុខ លូ ដោយសង្កត់ធ្ងន់ថា នៅទីតាំងកើតហេតុខាងលើ មិនមានដាក់ភ្លើងបំភ្លឺ និងដាក់ចំណាំងផ្លាតនោះឡើយ ដែលជាហេតុនាំឱ្យរូបគាត់បើកបរជួបគ្រោះថ្នាក់បែបនេះ ។ សម្តីដែលមើលងាយរបស់លោកនាយការិយាល័យរូបនេះ ផ្ទុយនឹងការពិត ដោយសារតែនៅទីតាំងកើតហេតុខាងលើនោះ ខេត្តបានរៀបចំមានដាក់ចំណាំងផ្លាត និងភ្លើងបំភ្លឺគ្រប់គ្រាន់ មិនដូចជាការនិយាយជេរប្រមាថ ដោយមិនបានបើកគ្រាប់ភ្នែករបស់មន្ត្រីចរាចរខាងលើនេះឡើយ ។
ពាក់ព័ន្ធករណីខាងលើនេះ នៅរសៀលថ្ងៃទី១៦ ឧសភា លោកវរសេសេនីយ៍ឯក ប៉ែន ចាន់ដារ៉ា នាយរងផែនសណ្តាប់ធ្នាប់ចរាចរ និងជាស្នងការរងស្តីទីខាងសណ្តាប់ធ្នាប់ប្រាប់ថា លោកបានធ្វើរបាយការណ៍ជូនទៅថ្នាក់លើរបស់លោករួចអស់ហើយត្រង់ថា ថ្នាក់លើមានចំណាត់ការយ៉ាងណានោះ ស្រេចតែលើថ្នាក់
លើ ។
ចំណែកលោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបានខេត្តកំពង់ធំបានប្រាប់កោះសន្តិភាពឲ្យដឹងនៅរសៀលថ្ងៃទី១៦ ឧសភា ថា លោកទទួលស្គាល់ថា ពិតជាមានករណីគ្រោះថ្នាក់ចរាចរណ៍ ដែលបង្កឡើងដោយ លោកវរសេនីយឯក រុំ សុវិជ្ជា ខាងលើនេះពិតប្រាកដមែន តែវាជារឿងរបស់បុគ្គល មិនមែនជារឿងរបស់អង្គភាពទាំងមូលនោះឡើយ សូមកុំយល់ច្រលំ ដូចជាសារព័ត៌មានខ្លះខ្វះវិជ្ជាជីវៈ មកសរសេរវាយប្រហាអង្គភាពរបស់លោកទៅវិញ ។
លោកស្នងការបន្តរថា ករណីខាងលើ វាជារឿងបុគ្គលអ្នកប្រព្រឹត្ត ក្នុងនាមខ្លួនមន្ត្រីនគរបានចរាចរជាន់ខ្ពស់១រូប នឹងជាអ្នកដឹកនាំគេទៀតផង បែរជាទៅធ្វើអញ្ចឹង ហើយក្នុងនាមលោកជាមេកើយមែន តែលោកមិនកាន់ជើងនោះទេ លោកនឹងធ្វើរបាយការណ៍ជូនថ្នាក់លើចាត់ការតាមច្បាប់។
មហាជនរិះគន់ថា លោកនាយការិយាល័យចរាចរខាងលើនេះ នៅពេលដែលដឹកនាំកម្លាំងចុះអនុវត្តច្បាប់ចរាចរផ្លូវគោកម្តងៗតែងតែផាកពិន័យ នៅពេលពលរដ្ឋនិយាយតវ៉ា លោកនាយការិយាល័យខាងលើតែងតែប្រើពាក្យត្មឹះដៀលទៅលើពួកគេ ហាក់បីដូចជាគ្មានចេះច្បាប់ទំលាប់អ្វីសោះឡើយ ។
ចែករំលែកព័តមាននេះ