ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ភូមិ​លើកគ្នា​ការពារ​ទួល​តា​ងិ​ល​ខ្លាច​បាត់បង់​​

3 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ ខណៈ​ហាងឆេង​ដី​កំពុង​ក្លាយជា​សាច់​ជ្រូក​៣​ជាន់​នោះ ធ្វើ​ឱ្យ​ក្រុម​ឈ្មួញ​ដែលជា​អ្នកមាន​លុយ​ឃុបឃិត​គ្នា​ជាមួយ​អ្នកមាន​អំណា​ច​មួយ​ចំនួន ប្រើ​រូបភាព​ទម្លាក់​លុយ​ឱ្យ​មេខ្យល់​ដើរ​កៀរគរ​ប្រជា​ពលរដ្ឋ​មក​ទទួលយក​លុយ ខ្លះ​៥០​ដុល្លារ ខ្លះ​១០០​ដុល្លារ ខ្លះ​ទៀត២០០​ដុល្លារ ៣០០​ដុល្លារ ដើម្បី​ក្លែង​បន្លំ​ឯកសារទិញ​-​លក់​រំលោភ​យក​ដី​បឹង​សាធារណៈ​របស់​រដ្ឋរាប់​ពាន់​ហិ​កតា…

ខេត្តកណ្តាល ៖ ខណៈ​ហាងឆេង​ដី​កំពុង​ក្លាយជា​សាច់​ជ្រូក​៣​ជាន់​នោះ ធ្វើ​ឱ្យ​ក្រុម​ឈ្មួញ​ដែលជា​អ្នកមាន​លុយ​ឃុបឃិត​គ្នា​ជាមួយ​អ្នកមាន​អំណា​ច​មួយ​ចំនួន ប្រើ​រូបភាព​ទម្លាក់​លុយ​ឱ្យ​មេខ្យល់​ដើរ​កៀរគរ​ប្រជា​ពលរដ្ឋ​មក​ទទួលយក​លុយ ខ្លះ​៥០​ដុល្លារ ខ្លះ​១០០​ដុល្លារ ខ្លះ​ទៀត២០០​ដុល្លារ ៣០០​ដុល្លារ ដើម្បី​ក្លែង​បន្លំ​ឯកសារទិញ​-​លក់​រំលោភ​យក​ដី​បឹង​សាធារណៈ​របស់​រដ្ឋរាប់​ពាន់​ហិ​កតា នៅ​ក្នុងស្រុក​លើក​ដែក ។

ទន្ទឹម​នឹង​ឈ្មួញ​ប្រើ​រូបភាព​យក​ប្រជាពលរដ្ឋ​ធ្វើ​ខែល ដើម្បី​រំលោភ​យក​ដី​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ ដែន​ព្រៃ​លិច​ទឹក​ជម្រក​ត្រី​ពង​កូន និង​ដី​អតីត​ឡូត៍​នេសាទ យ៉ាង​អនាធិបតេយ្យ ដោយ​កន្លែង​ខ្លះ​មាន​ឈ្មួញ​ទិញ​ជាន់​គ្នា​២​ទៅ​៣​នាក់​នោះ ទើប​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ ចាស់ព្រឹទ្ធាចារ្យ មានការ​ព្រួយបារម្ភ​ជា​ខ្លាំង ខ្លាច​ក្រុម​ឈ្មួញ​ដី​ទាំងនោះ មក​ឈូស​ឆាយ​រំលោភ​យក​ដល់​ដី​«​មរតក​ដូនតា អាស្រម​ទួល​តា​ងិ​ល ហៅ​ព្រែក​តា​មាន​» ដែល​ជាទួល​មាន​បារមី​ពូកែ​ស័ក្តិសិទ្ធិ ប្រជាពលរដ្ឋ​ទូទៅ​តែង​មាន​ជំនឿ​នាំ​គ្នា​មក​បន់ស្រន់​ជា​រៀង​រាល់​ឆ្នាំ ។

ជួប​ជាមួយ​លោកតា ឯក សា​ម៉ុ​ន អាយុ​៧៦​ឆ្នាំ និង​លោកតា វ៉ា ជន អាយុ​៦៨​ឆ្នាំ មានទីលំនៅ​ក្នុងភូមិ​រាំង​ដេក ឃុំ​គគីរ​ធំ ស្រុក​កៀនស្វាយ ពួក​គាត់​បាន​រៀបរាប់​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា ទួល​នេះ​គឺជា​ទួល​បុរាណ​មាន​បារមី​ពូកែ​ស័ក្តិសិទ្ធិ​ណាស់ មាន​ចម្ងាយ​ពី​ផ្លូវជាតិ​លេខ​១ ប្រហែល​៣​គីឡូម៉ែត្រ ស្ថិត​នៅ​ចំ​កណ្តាល​ទួល​ព្រែក​តា​មាន​(​អតីត​ឡូត៍​នេសាទ​លេខ​៦) ក្នុងភូមិ​ក្បាលជ្រោយ ឃុំ​កំពង់​ភ្នំ ស្រុក​លើក​ដែក ។

លោកតា​បន្ត​ថា ទួល​នេះ​កាលពី​សម័យ​សង្គ្រាម ប្រជាពលរដ្ឋ​រាប់​ពាន់​នាក់​បាន​នាំ​គ្នា​មក​រស់នៅ និង​បន់​ស្រន់​​លើ​ទួល​នេះ​ក៏​បាន​សេចក្តី​សុខ​សប្បាយ រួច​ផុត​ពី​ការ​ស្លាប់​នៃ​ការ​ទម្លាក់​គ្រាប់បែក​ពីលើ​យន្តហោះ ។ មិនតែប៉ុណ្ណោះ​ពេល​ពលរដ្ឋ​បាត់គោ​ក្របី និង​មាន​កូនចៅ​ឈឺ​ថ្កាត់ មក​បែ​បន់​ក៏​រក​ឃើញ​គោក្របី​វិញ និង​កូនចៅ​ក៏​ជា​សះស្បើយ​ដូច​បំណង​ដែរ ។ ហេតុ​ដូចនេះ ចាប់តាំងពី​ពេល​នោះ​មក​ប្រជាពលរដ្ឋ​នៅ​ស្រុក​កៀនស្វាយ ស្រុក​លើក​ដែក ស្រុក​កោះធំ និង​ស្រុក​ស្អាង ក៏​មាន​ជំនឿ​រហូត​មក និង​បាន​នាំ​គ្នា​ធ្វើ​អាស្រម​អំពី​ឈើ​សម្រាប់​គោរព​បូជា និង​ធ្វើបុណ្យ​១​ឆ្នាំ​ម្តង​រហូត​មក​ទល់​បច្ចុប្បន្ន​នេះ ។

ចំពោះ​ការ​ប្រារព្ធ​ធ្វើបុណ្យ​មួយ​ឆ្នាំ​ម្តងនេះ​គឺ​មានការ​និមន្ត​ព្រះសង្ឃ លោកតា​អាចារ្យ យាយជីតា​ជី ប្រជា​ពលរដ្ឋ និង​មាន​លេងភ្លេង​ពិណពាទ្យ​ចូល​រូប​ទៅ​តាម​ទំនៀមទម្លាប់​បុរាណ​និង​ព្រះពុទ្ធ​សាសនា​ផង​ដែរ ។លោកតា​ទាំង​២​នាក់​ដែល​ជា​តំណាង​ឱ្យ​ប្រជាពលរដ្ឋ សំណូមពរ​ឱ្យ​អាជ្ញាធរ​ជួយ​ទប់ស្កាត់ និងថែរក្សា​ការ​ពារ​ដី​មរតក​ដូនតា​«​អាស្រម​ទួល​តា​ងិ​ល ហៅ​ព្រែក​តា​មាន​»​នេះ​ផង បើ​មិន​បាន​ទាំងស្រុង ក៏​សូម​ឱ្យ​សល់​ត្រឹមតែ​១០០​ម៉ែត្រ​៤​ជ្រុង​ក៏​បាន​ដែរ គ្រាន់​ទុក​សម្រាប់​ឱ្យ​ប្រជាពលរដ្ឋ​គោរព​បូជា​ផង ។ ឥឡូវនេះ ពួក​គាត់​កំពុង​ព្រួយបារម្ភ​យ៉ាង​ខ្លាំង ខ្លាច​ដី​អាស្រម​ទួល​តា​ងិ​ល​នេះ​ធ្លាក់​ទៅ​លើ​ដៃ​បុគ្គល​ឯកជន ដោយសារ​មាន​ឈ្មួញ​ដី​អ្នកមាន​លុយ​មាន​អំណាច​ជា​ច្រើន​នាក់​មក​បោះបង្គោល ដាក់​គ្រឿងចក្រ​ឈូស​ឆាយ​លើក​ក្រវាត់​ព្រំ​ដី​ជិត​ដល់​ជើង​សសរ​អាស្រម​លោកតា​ហើយ ។

លោក​មេឃុំ​កំពង់​ភ្នំ នូវ ទូច បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​តាម​ទូរស័ព្ទ កាលពី​ថ្ងៃ​ទី​១៥ ខែឧសភា​ថា រូប​លោក​បាន​ណែនាំ​ដល់​ម្ចាស់​ដី​ជុំវិញ​រួច​ហើយ មិន​ឱ្យ​មានការ​រំលោភ​បំពាន​យក​ដី​ទួល​តា​ងិ​ល​ឡើយ គឺ​ទុក​សម្រាប់​ឱ្យ​ពលរដ្ឋ​គោរព​បូជា បើ​មិន​បាន​អី​ក៏​ឱ្យ​នៅ​សល់​ត្រឹម​១០០​ម៉ែត្រ​៤​ជ្រុង​ដែរ ហើយ​បើ​មាន​អ្នករំលោភ​បំពាន​យកមែន​នោះ សូម​ឱ្យ​ពលរដ្ឋ​ទូរស័ព្ទ​មក​ប្រាប់​រូប​លោក​ភ្លាម ។ថ្វីបើ​ពលរដ្ឋ​មាន​ជំនឿ​ទៅ​លើ​បារមី​ទួល​តាងិ​ល​ថា​ខ្លាំងពូកែ​ក្តី តែ​ការ​ប្រឈម​មុខ​នឹង​គ្រឿងចក្រ​ពួក​គាត់​មិន​ប្រថុយ​ទេ ៕

អត្ថបទសរសេរ ដោយ