ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្តាយ​ណាស់​ម្ចាស់​ថ្លៃ ! ព្រាន​ប្រល័យ​ជីវិត​សត្វ​ទន្សោង

3 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្ត​ម​ណ្ឌល​គិរី ៖ សត្វ​ទន្សោង​ញី​ពីរ​ក្បាល ​ត្រូវ​គេ​ប្រទះ​ឃើញ​ងាប់​ហើម​ស្អុយ​ក្នុង​ព្រៃ​បរិវេណ​ដី​ក្រុមហ៊ុន​លឹ​ម​រ៉ូ​យ៉ា​ល់ ដែល​មា​នទី​តាំងនៅ​ឃុំ​ពូ​ជ្រៃ ស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី កាលពី​រសៀល​ថ្ងៃ​ទី​១៤ ​ឧសភា ឆ្នាំ​២០២០…

ខេត្ត​ម​ណ្ឌល​គិរី ៖ សត្វ​ទន្សោង​ញី​ពីរ​ក្បាល ​ត្រូវ​គេ​ប្រទះ​ឃើញ​ងាប់​ហើម​ស្អុយ​ក្នុង​ព្រៃ​បរិវេណ​ដី​ក្រុមហ៊ុន​លឹ​ម​រ៉ូ​យ៉ា​ល់ ដែល​មា​នទី​តាំងនៅ​ឃុំ​ពូ​ជ្រៃ ស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី កាលពី​រសៀល​ថ្ងៃ​ទី​១៤ ​ឧសភា ឆ្នាំ​២០២០ ។

នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តមណ្ឌលគិរី លោក អ៊ុ វណ្ណ​សុភៈ ឱ្យ​ដឹង​ថា ក្រុមហ៊ុន​លឹ​ម​រ៉ូ​យ៉ា​ល់ បាន​រាយ​ការណ៍​ថា មាន​សត្វ​ទន្សោង​ងាប់​នៅ​ក្នុង​ដី​ក្រុមហ៊ុន ។ លោក​ថា​ក្រោយ​ទទួល​ព័ត៌មាន​នេះ ក្រុមការងារ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ បាន​ចុះ​ទៅ​ពិនិត្យ​ដល់ទី​តាំង​កើតហេតុ​ដោយ​សហការ​ជាមួយ​ក្រុមហ៊ុន​លឹ​ម​រ៉ូ​យ៉ា​ល់ តាម​ការ​ពិនិត្យ​ជាក់ស្តែង​នៅ​នឹង​កន្លែង​កើតហេតុ ក្រុមការងារ​បានឃើញ​សត្វ​ទន្សោង​ញី​ចំនួន​២​ក្បាល​ងាប់​មាន​សភាព​ហើម​ស្អុយ​ប្រហែលជា​ងាប់​៣​ទៅ​៤​ថ្ងៃ​មក​ហើយ ។

បើ​តាម​លោកនាយ​ខណ្ឌ​ថា សត្វ​ទន្សោង​ញី​ដែល​ងាប់​នេះ ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​បាញ់​នៅ​ក្នុង​ព្រៃ​ការពារ​ភ្នំ​ព្រេច ហើយ​សត្វ​ទន្សោង​នេះ​បាន​រត់​មក​ដួល​ងាប់​នៅ​ក្នុង​ដី​ក្រុមហ៊ុន​ចំងាយ​ពី​ផ្លូវ​ធំ​ប្រហែល​៣០​ម៉ែត្រ ។ បច្ចុប្បន្ន​ក្រុមការងារ​បាន​ចាត់ចែង​កប់​សត្វ​ទន្សោង​ទាំង​ពីរ​នៅ​នឹង​កន្លែង​កើត​ហេតុតែ​ម្តង ។ លោកនាយ​ខណ្ឌ​បញ្ជាក់​ថា លោក​សោកស្ដាយ​យ៉ាង​ខ្លាំង ចំពោះ​ការ​បាត់បង់​ប្រភេទ​សត្វ​ដែល​កម្រ​បែប​នេះ ។ លោក​បាន​ចាត់​មន្ត្រី​ជំនាញ​ចុះ​ធ្វើការ​ស្រាវជ្រាវ​ជុំវិញ​ករណី​បាញ់​សត្វ​ទន្សោង​នេះ​ហើយ ដើម្បី​វែកមុខ​រក​ជន​ដែល​បាន​ប្រព្រឹត្ត​អំពើ​ល្មើសច្បាប់​នេះ ។

ឯកឧត្តម ស្វាយ សំ​អ៊ា​ង អភិបាលខេត្ត​មណ្ឌលគិរី​នៅ​ថ្ងៃ​ទី​១៥ ខែឧសភា ឆ្នាំ​២០២០​នេះ​បាន​បញ្ជា ទៅ​គ្រប់​កងឯកភាព​អង្គភាព​ទូ​ទាំង​ខេត្ត ត្រូវ​រួម​សហការ​គ្នា​ចុះ​ស្រាវជ្រាវ​ជា​បន្ទាន់ ជុំវិញ​ករណី​សត្វ​ទន្សោង​ញី​២​ក្បាល ដែល​ជនល្មើស​បាញ់​សម្លាប់​ថ្មី​ៗ​នៅ​ក្នុង​ដែនជម្រកសត្វព្រៃ «​ភ្នំ​ព្រេច​» ហើយ​ឈាន​ទៅ​វែកមុខ​រក​ជនល្មើស​ឱ្យ​ខាង​តែ​បាន​ដើម្បី​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់ ។ប្រធាន​មន្ទីរ​បរិស្ថាន ខេត្តមណ្ឌលគិរី​បាន​បង្ហើប​ថា កំពុង​មាន​តម្រុយ​ពី​ជនល្មើស ដែល​បាញ់​សម្លាប់សត្វ​ទន្សោង​២​ក្បាល​នេះ​ហើយ ។

អ្នកនាំពាក្យ​ក្រសួងបរិស្ថាន ៖ មន្ត្រី​ជំនាញ​កំពុង​ស្រាវជ្រាវ ករណី​បាញ់​សត្វ​ទន្សោង​ពីរ​ក្បាល​ងាប់​នៅ​ខេត្តមណ្ឌលគិរី

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​ជា​មន្ត្រី​នាំពាក្យ​ក្រសួងបរិស្ថាន​បានឱ្យ​ដឹង​ថា រហូត​មក​ដល់​ពេល​នេះ មន្ត្រី​ជំនាញ​ក្រសួងបរិស្ថាន បាន​និង​កំពុង​ស្រាវជ្រាវ​ចំពោះ​ករណី​បាញ់​សម្លាប់សត្វ​ទន្សោង​នោះ​ហើយ ។
សត្វ​ទន្សោង​ពីរ​ក្បាល ជា​សត្វព្រៃ​កម្រ​នៅ​ក្នុង​ប្រទេស​កម្ពុជា តែ​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ងាប់​ក្នុង​បរិវេណ​ដី​ក្រុមហ៊ុន​មួយ​ស្ថិត​នៅ​ឃុំ​ពូ​ជ្រៃ ស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី កាលពី​ថ្ងៃ​ទី​១៣ ខែឧសភា ឆ្នាំ​២០២០​ថ្មី​ៗ​នេះ ។

មាន​ព័ត៌មាន​ខ្លះ​ឱ្យ​ដឹង​ថា មួយ​រយៈ​នេះ​ក្រុម​ព្រានព្រៃ​ជំនាញ​ខាង​បរបាញ់​សត្វ បាន​ឈាន​ដល់​ការ​ប្រើ​កាំភ្លើង​ច្នៃ ប្រើ​គ្រាប់​ជាតិ​គីមី បាញ់​ពេល​ថ្ងៃ ហើយ​រក្សា​ទុក​សត្វ​ងាប់​ក្នុង​ព្រៃ ដោយ​មិន​ឱ្យ​ខូច​សាច់ ។ លុះ​ពេល​យប់​ទើប​ពួក​គេ​ចូល​ទៅ​យក ដើម្បី​បញ្ចៀស​ពី​ការ​ចាប់ខ្លួន​ពី​ក្រុម​សមត្ថកិច្ច​ជំនាញ ។

ការ​ភាន់ច្រឡំ​ព័ត៌មាន​២​ផ្សេង​គ្នា

ការ​បង្ហោះ​ព័ត៌មាន​តាម​ហ្វេ​ស​ប៊ុ​កមួយ​កាលពី​ព្រឹក​ថ្ងៃ​ទី​១៥ ឧសភា របស់​គណនី​ឈ្មោះ Vadthanak Preap បាន​បង្ហោះ​សារ​មួយ​រួម​ជាមួយនឹង​រូបភាព​ព្រះសង្ឃ រថយន្ត​លេខ​ខេមរភូមិន្ទ និង​សត្វ​ទ​ង្សោ​ង​ដែល​ងាប់​ក្នុង​ព្រៃ​ថា​ជា​រឿង​តែ​មួយ ។ គេ​សរសេរ​ថា មាន​ករណី​បាញ់​សម្លាប់សត្វ​ទន្សោង​ចំនួន​ពីរ​ក្បាល បណ្តាល​ឱ្យ​ងាប់​នៅ​ក្នុង​ព្រៃ​សង្ឃ​រុក្ខ​វ័​ន្ត ស្ថិត​នៅ​ចំណុច​ចំការ​ចេក​ភ្នំ​អណ្តូង ភូមិ​ចា​ថ្មី​ខាងកើត ។

គណនី Facebook នេះ​បាន​បង្ហោះ​សារ​របស់​ព្រះសង្ឃ​យ៉ាង​ដូច្នេះ​ថា «​ថ្ងៃ​ទី​១៤ ឧសភា ២០២០​នេះ គឺ​ឡាន​មន្ត្រី​យោធា ដែល​ចូល​មក​បាញ់​សត្វ​នៅ​ក្នុង​ព្រៃ​សង្ឃ​រុក្ខ​វ័​ន្ត នៅ​ត្រង់​ចំណុច​ចំការ​ចេក ភ្នំ​អណ្តូង​ភូមិ​ចា​ថ្មី​ខាងកើត ។ មន្ត្រី​បរិស្ថាន​នៅ​ប្រមាណ​ជាង​១០០​ម៉ែត្រ​សោះ​ហេតុ​អ្វី បានជា​គាត់​មិន​ឮ​កាំភ្លើង​បាញ់​សត្វ​អី​ុ​ចឹ​ង ? ក្រោយ​បាន​បាញ់ ហើយ​គាត់​បើក​គេច​ចង់​បំ​បុក​ហ្វូង​ពួក​អាត្មា​ទៀត ឆ្ងល់​ៗៗៗ ។

ពួក​អាត្មា​ជា​អ្នក​អភិរក្ស​ញោម ព្រះ​អង្គ​ស្នើ​ដល់​ក្រសួងការពារជាតិ​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ មេត្តា​ជួយ​អន្តរាគមន៍​ករណី​មន្ត្រី​យោធា ប្រើប្រាស់​រថយន្ត ម៉ាក​អុ​ី​ស៊ុ​យ​ហ្សុ​៊​យ ពណ៌​ត្រេ​អុ​ី ពាក់​ស្លាក​លេខ​ខេមរភូមិន្ទ តែង​មានគំនិត​ទុច្ចរិត​សត្វឃាត ក្នុង​តំបន់​ដែន​ព្រៃ​អភិរក្ស របស់​សង្ឃ​រុក្ខ​វ័​ន្ត ។ សំ​ណេ​រព្រះសង្ឃ​» ។ តាម​ការ​ពិត​ករណី​បាញ់​សម្លាប់សត្វ​ទាំង​២​ក្បាល​គឺ​ស្ថិត​នៅ​ឯ​ខេត្តមណ្ឌលគិរី​ឯណោះ​ទេ ឯ​ករណី​រថយន្ត​ពាក់​ស្លាក​លេខ​ខេមរភូមិន្ទ​ជា​របស់​យោធា ដែល​បើកបរ​ឆ្លងកាត់​ផ្លូវ​ក្នុង​ព្រៃ​សង្ឃ​រុក្ខ​វ័​ន្ត ៕​

អត្ថបទសរសេរ ដោយ