ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

IOC នឹង​ត្រូវ​​ចំណាយ​​៨០០​លាន​ដុល្លារ​លើ​ការ​រៀបចំ​កីឡា​អូ​ឡាំ​ពិ​ក​ឆ្នាំ​ក្រោយ

3 ឆ្នាំ មុន

គណៈកម្មាធិការ​អូ​ឡាំ​ពិ​ក​អន្តរជាតិ (IOC) រំពឹង​ថា ​ខ្លួន​នឹង​ត្រូវ​ចំណាយ​ថវិកា​រហូត​ដល់​ទៅ ៨០០​លាន​ដុល្លារ​អា​មេ​រិ​ក ក្នុង​ការ​រៀបចំ​ព្រឹត្តិការណ៍​អូ​ឡាំ​ពិ​ក​ទីក្រុង​តូ​ក្យូ​ឆ្នាំ​២០២០ ដែល​ត្រូវ​បាន​ពន្យារពេល ដោយ​លើក​ទៅ​ធ្វើ​នៅ​ឆ្នាំ​ក្រោយ ។ សូម​រំលឹក​ថា…

គណៈកម្មាធិការ​អូ​ឡាំ​ពិ​ក​អន្តរជាតិ (IOC) រំពឹង​ថា ​ខ្លួន​នឹង​ត្រូវ​ចំណាយ​ថវិកា​រហូត​ដល់​ទៅ ៨០០​លាន​ដុល្លារ​អា​មេ​រិ​ក ក្នុង​ការ​រៀបចំ​ព្រឹត្តិការណ៍​អូ​ឡាំ​ពិ​ក​ទីក្រុង​តូ​ក្យូ​ឆ្នាំ​២០២០ ដែល​ត្រូវ​បាន​ពន្យារពេល ដោយ​លើក​ទៅ​ធ្វើ​នៅ​ឆ្នាំ​ក្រោយ ។

សូម​រំលឹក​ថា កាលពី​ខែមីនា IOC និង​រដ្ឋាភិបាល​ជប៉ុន បាន​សម្រេចចិត្ត​ពន្យា​ពេល​ការ​ប្រកួត​ព្រឹត្តិការណ៍​កីឡា​នេះ រយៈពេល​មួយ​ឆ្នាំ​ដោយសារ​តែ​ការ​រាតត្បាត​ពី​វីរុស​កូ​វី​ដ​-១៩ នៅ​ក្នុង​ប្រទេស​ជប៉ុន និង​ក៏​ដូច​ជា​ទូ​ទាំង​ពិភពលោក​ផង​ដែរ ។

លោក Thomas Bach បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​មួយ ក្រោយ​បញ្ចប់​ការ​ប្រជុំ​ក្រុមប្រឹក្សា​ប្រតិបត្តិ​ថា «​យើង​រំពឹង​ថា​យើង​នឹង​ត្រូវ​ចំណាយ​រហូត​ដល់​ទៅ ៨០០​លាន​ដុល្លារ សម្រាប់​ផ្នែក​មួយ​ចំនួន និង​ការ​ទទួលខុសត្រូវ​របស់​យើង​ក្នុង​ការ​រៀបចំ​ព្រឹត្តិការណ៍​អូ​ឡាំ​ពិ​ក ដែល​ត្រូវ​បាន​ពន្យារពេល​» ។

បុរស​ជនជាតិ​អា​ល្លឺ​ម៉​ង់​រូប​នេះ បាន​បញ្ជាក់​ថា ទឹកប្រាក់​ចំនួន ៦៥០ លាន​ដុល្លារ​អា​មេ​រិ​ក​នឹង​ត្រូវ​ចំណាយ សម្រាប់​ការ​រៀបចំ​ព្រឹត្តិការណ៍​កីឡា​នៅ​ឆ្នាំ​ក្រោយ និង ១៥០​លាន​ដុល្លារ​ផ្សេង​ទៀត ដើម្បី​គាំទ្រ​ដល់​សហព័ន្ធ​អន្តរជាតិ និង​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក ។

តួលេខ​ដែល​បាន​ប្រកាស​ដោយ​លោក Thomas Bach មិន​រាប់​បញ្ចូល​ថ្លៃដើម ដែល​អ្នក​រៀបចំ​ព្រឹត្តិការណ៍​កីឡា​ទីក្រុង​តូ​ក្យូ និង​រដ្ឋាភិបាល​ជប៉ុន ដែល​ទទួល​រង​ប៉ះពាល់​ដោយសារ​ការ​ពន្យារពេល ១២ ខែ​នៃ​ព្រឹត្តិការណ៍​នេះ​ទេ ។

ជាមួយ​គ្នា​នេះ​ផង​ដែរ លោក​បាន​បដិសេធ​មិន​ធ្វើការ​ប៉ាន់ស្មាន អំពី​ការ​ពន្យារពេល​ថ្មី​ដែល​អាច​កើត​មាន ប្រសិនបើ​វីរុស​កូ​វី​ដ​-១៩ នៅ​តែ​ជា​ក្តី​បារម្ភ​ដ៏​ធំ​មួយ​នៅ​ឆ្នាំ​ក្រោយ ។

សូម​បញ្ជាក់​ថា វីរុស​កូ​វី​ដ​-១៩ មាន​ចម្លង​លើ​មនុស្ស​ប្រមាណ​ជាង ៤,៥ លាន​នាក់ ហើយ​ជាង ៣០​ម៉ឺន​នាក់​បាន​ស្លាប់​ដោយសារ​វីរុស​នេះ​នៅ​ទូ​ទាំង​ពិភពលោក​នា​ពេល​បច្ចុប្បន្ន ៕ (ដកស្រង់​ចេញពី Reuters)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ