ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច ស ខេ​ង ៖ បើ​ផ្អាក​​រឹត​បន្តឹង​អនុវត្ត​ច្បាប់​ចរាចរណ៍​ប្រៀប​នឹង​​បណ្តោយ​ឲ្យ​ពលរដ្ឋ​ខ្មែរ​បន្ត​រង​របួស និងបាត់បង់ជីវិត

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​បញ្ជាក់​ថា បើ​ផ្អាក​ការ​រឹត​បន្តឹង​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​នេះ គឺ​ប្រៀប​បាន​នឹង​ការ​បណ្តែតបណ្តោយ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​យើង​នៅ​តែ​បន្ត​រង​របួស និង​ស្លាប់​អី​ញ្ចឹ​ង…

រាជធានី​ភ្នំពេញ ៖ សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​បញ្ជាក់​ថា បើ​ផ្អាក​ការ​រឹត​បន្តឹង​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​នេះ គឺ​ប្រៀប​បាន​នឹង​ការ​បណ្តែតបណ្តោយ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​យើង​នៅ​តែ​បន្ត​រង​របួស និង​ស្លាប់​អី​ញ្ចឹ​ង ។

សម្តេច ស ខេ​ង បាន​សរសេរ​លើ​បណ្តាញ​សង្គម នៅ​ថ្ងៃ​ទី​១៥ ឧសភា​យ៉ាង​ដូច្នេះ​ថា​«​ថ្ងៃនេះ​ខ្ញុំ​សូម​ជម្រាប​ជូន​បងប្អូន​ជនរួមជាតិ​អំពី​លទ្ធផល​ជា​វិជ្ជមាន​ប្រកបដោយ​និន្នាការ​ដ៏​ល្អ​ចំពោះ​ការ​រឹត​បន្តឹង​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ដែល​ធ្វើ​ឲ្យ​អត្រា​អ្នក​ស្លាប់ អ្នក​រង​របួស និង​គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​រយៈពេល​២​ស​ប្តា​ហ៍​ក្នុង​ខែឧសភា ឆ្នាំ​២០២០ មានការ​ថយ​ចុះ​គួរ​កត់សម្គាល់ បើ​ប្រៀបធៀប​នឹង​ពេល​មុន​មានការ​រឹត​បន្តឹង​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​នេះ​» ។

សម្តេច​បន្ត​ថា ទិន្នន័យ​ជា​ផ្លូវការ​បាន​បញ្ជាក់​ថា ចំនួន​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក ក្នុង​រយៈពេល​១៤​ថ្ងៃ គិត​ពី​ថ្ងៃ​ទី​១ រហូត​ដល់​ថ្ងៃ​ទី​១៤ ខែឧសភា ឆ្នាំ​២០២០​នេះ បើ​ប្រៀបធៀប​ពី​ថ្ងៃ​ទី​១ ដល់​ថ្ងៃ​ទី​១៤ ខែមេសា ឆ្នាំ​២០២០ ដូច​គ្នា គឺ​ចំនួន​គ្រោះថ្នាក់​ចរាចរណ៍​មានការ​ថយ​ចុះ​២៦​លើក អ្នក​រង​របួស​ថយ​ចុះ​៨១​នាក់​និង​អ្នក​ស្លាប់​ថយ​ចុះ​៤​នាក់ ។ ចំនួន​នេះ​បើ​ប្រៀបធៀប​ពី​ថ្ងៃ​ទី​១ រហូត​ដល់​ថ្ងៃ​ទី​១៤​ខែឧសភា​ឆ្នាំ​២០១៩​វិញ គឺ​មានការ​ថយ​ចុះ​កាន់តែ​ច្រើន​ដូច​ជា គ្រោះថ្នាក់​ចរាចរណ៍​ថយ​ចុះ​៦៨​លើក អ្នក​រង​របួស​ថយ​ចុះ​៩១​នាក់ និង​អ្នក​ស្លាប់​ថយ​ចុះ​២០​នាក់ ដែល​នេះ គឺ​បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា ប្រជាពលរដ្ឋ​យើង​ពិតជា​មានការ​យល់​ដឹង និង​បាន​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​កាន់តែ​ច្រើន ។

សម្តេច​គូសបញ្ជាក់​ថា​៖« ជា​ថ្មី​ម្តងទៀត ខ្ញុំ​សូម​ថ្លែងអំណរគុណ​ដល់​បងប្អូន​ជនរួមជាតិ​ទាំងអស់​ជា​ពិសេស​អ្នក​ប្រើប្រាស់​ផ្លូវថ្នល់​ដែល​បាន​ចូលរួម​គោរព​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​យ៉ាង​ខ្ជាប់ខ្ជួន និង​អរគុណ​ដល់​កងកម្លាំង​មាន​សមត្ថកិច្ច​ក៏​ដូច​ជា មន្ត្រី​ពាក់ព័ន្ធ​ទាំងអស់​ដែល​បាន​អនុវត្ត​ភារកិច្ច​របស់​ខ្លួន​បាន​ល្អ​ប្រសើរ »​។

សម្តេច​បន្ថែម​ថា ទោះជា​យ៉ាងណា​ក៏​ដោយ​ដើម្បី​កាត់​បន្ថយ ឬ​ក៏​លប់​បំបាត់​ឲ្យ​បាន​នូវ​បាតុភាព​អវិជ្ជមាន​ផ្សេង​ៗ​ក្នុង​យុទ្ធនាការ ការ​រឹត​បន្តឹង​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​នេះ​ខ្ញុំ​ក៏​សូម​ក្រើនរំលឹក​ថែម​ទៀត​ដល់​កងកម្លាំង​មាន​សមត្ថកិច្ច ក៏​ដូច​ជា មន្ត្រី​ពាក់ព័ន្ធ​ទាំងអស់ ដែល​បាន​ចូលរួម​អនុវត្ត​ភារកិច្ច​របស់​ខ្លួន ត្រូវ​តែ​បន្ត​ការ​គោរព​ក្រមសីលធម៌​វិជ្ជាជីវៈ និង​វិន័យ​ឲ្យ​បាន​ខ្ជាប់ខ្ជួន ក្នុង​ការ​អនុវត្ត​តួនាទី​ភារកិច្ច​របស់​ខ្លួន​ដើម្បី​បម្រើ​ផលប្រយោជន៍​ជាតិ និង​ប្រជាពលរដ្ឋ​យើង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ