ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គណៈរដ្ឋមន្ត្រី​សម្រេច​អនុម័ត​សេចក្តីព្រាងច្បាប់​ស្តី​ពី​ការ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ផ្នែក​ច្បាប់​ក្នុង​វិស័យ​ព្រហ្មទណ្ឌ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គណៈរដ្ឋមន្ត្រី​បាន​សម្រេច​អនុម័ត «​សេចក្តីព្រាងច្បាប់​ស្តី​ពី​ការ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក ផ្នែក​ច្បាប់​ក្នុង​វិស័យ​ព្រហ្មទណ្ឌ​» ។ នេះ​បើ​យោង​តាម​ហ្វេ​ស​ប៊ុ​ក​លោក ផៃ ស៊ី​ផា​ន អ្នកនាំពាក្យ​រាជរដ្ឋាភិបាល…

រាជធានី​ភ្នំពេញ ៖ គណៈរដ្ឋមន្ត្រី​បាន​សម្រេច​អនុម័ត «​សេចក្តីព្រាងច្បាប់​ស្តី​ពី​ការ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក ផ្នែក​ច្បាប់​ក្នុង​វិស័យ​ព្រហ្មទណ្ឌ​» ។ នេះ​បើ​យោង​តាម​ហ្វេ​ស​ប៊ុ​ក​លោក ផៃ ស៊ី​ផា​ន អ្នកនាំពាក្យ​រាជរដ្ឋាភិបាល ។

កិច្ចប្រជុំ​ពេញអង្គ គណៈរដ្ឋមន្ត្រី ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​លើកយក​សេចក្តីព្រាងច្បាប់​ស្តី​ពី​ការ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ផ្នែក​ច្បាប់ ក្នុង​វិស័យ​ព្រហ្មទណ្ឌ​មក​ពិភាក្សា និង​សេចក្តីព្រាងច្បាប់​មួយ​ចំនួន​ទៀត ។

លោក ផៃ ស៊ី​ផា​ន បាន​លើក​ឡើង​ថា សេចក្តីព្រាងច្បាប់​នេះ គឺជា​ការ​ចាំបាច់​ដែល​មិន​ត្រឹមតែ​បង្កើត​ឱ្យ​មាន​នីតិវិធី​ផ្ទៃក្នុង​មួយ​ច្បាស់លាស់​បំពេញបន្ថែម​ឱ្យ​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ ដើម្បី​ធានា​ដល់​ការ​អនុវត្ត​សន្ធិសញ្ញា​នានា​ស្តី​ពី​ការ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ផ្នែក​ច្បាប់​ក្នុង​វិស័យ​ព្រហ្មទណ្ឌ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​បង្កើត ឱ្យ​មាន​មូលដ្ឋាន​គតិ​យុ​ត្ត​មួយ​ដែល​បម្រើ​ដល់​ការ​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ផ្នែក​ច្បាប់ ក្នុង​វិស័យ​ព្រហ្មទណ្ឌ ជាមួយនឹង​ប្រទេស​ជា​មិត្ត ដោយ​ឈរ​លើ​គោលការណ៍​នៃ​ការ​គោរព​អធិបតេយ្យ និង​ផលប្រយោជន៍​គ្នា​ទៅ​វិញ្ញ​ទៅ​មក​ទៀត​ផង​ដែរ ។

លោក​លើក​ឡើង​ទៀត​ថា ច្បាប់​នេះ​កំណត់​អំពី​ការ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ផ្នែក​ច្បាប់​ក្នុង​វិស័យ​ព្រហ្មទណ្ឌ រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​រដ្ឋ​បរទេស​ទាក់ទង​នឹង​ដំណើរការ​នីតិវិធី​នានា​ពាក់ព័ន្ធ​នឹង​បទល្មើស​ព្រហ្មទណ្ឌ ព្រមទាំង​ការ​បង្កក​ការ​ចាប់​យក និង​ការ​រឹបអូស​ទ្រព្យ​ក្នុង​គោលបំណង ដើម្បី​ពង្រឹង និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ ។

ច្បាប់​នេះ​មាន​វិសាលភាព​អនុវត្ត​ចំពោះ ៖ ការ​ជួយ​ផ្នែក​ច្បាប់​ក្នុង​វិស័យ​ព្រហ្មទណ្ឌ​ដែល​ត្រូវ​ផ្តល់​ដល់​រដ្ឋ​ធ្វើ​សំណើ​ទាំងអស់​ទោះបី​រដ្ឋ​ធ្វើ​សំណើ​នោះ​មិន​មាន​កិច្ចព្រមព្រៀង​ជាមួយនឹង​ព្រះរាជាណាចក្រ​កម្ពុជា​ក៏​ដោយ ការ​ស្វែងរក​ការ​ជួយ​ផ្នែក​ច្បាប់​ក្នុង​វិស័យ​ព្រហ្មទណ្ឌ​ពី​រដ្ឋ​ទទួល​សំណើរ​ទាំងអស់​ទោះបី​រដ្ឋ​ទទួល​សំណើ​នោះ​មិន​មាន​កិច្ចព្រមព្រៀង​ជាមួយនឹង​ព្រះរាជាណាចក្រ​កម្ពុជា​ក៏​ដោយ ។

ច្បាប់​នេះ​មិន​មាន​វិសាលភាព​អនុវត្ត​ចំពោះ​ការ​ជួយ​ទៅ​វិញ​ទៅ​មក​ផ្នែក​ច្បាប់​ក្នុង​វិស័យ​ព្រហ្មទណ្ឌ​ដែល​ធ្វើ​ឡើង​ស្រប​តាម​សន្ធិសញ្ញា ឬ​អនុសញ្ញា​ទេ្វ​ភាគី ឬ​ពហុភាគី ដែល​បាន​ទទួល​សច្ចាប័ន​ពី​ព្រះរាជាណាចក្រ​កម្ពុជា ។

នីតិវិធី​ផ្ទៃក្នុង​សម្រាប់​អនុវត្ត សំណើ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក ដែល​មាន​ចែង​ក្នុង​ច្បាប់​នេះ មាន​វិសាលភាព​អនុវត្ត​ចំពោះ​គ្រប់​ករណី​ទាំងអស់​នៃ​ការ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ផ្នែក​ច្បាប់​ក្នុង​វិស័យ​ព្រហ្មទណ្ឌ ដោយ​រួម​បញ្ចូល​ទាំង​ការ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ផ្នែក​ច្បាប់​ក្នុង​វិស័យ​ព្រហ្មទណ្ឌ​ដែល​ធ្វើ​ឡើង​ស្រប​តាម​សន្ធិសញ្ញា ឬ​អនុសញ្ញា​ទេ្វ​ភាគី ឬ​ពហុភាគី​ដែល​បាន​ទទួល​សច្ចាប័ន​ពី​ព្រះរាជាណាចក្រ​កម្ពុជា​ផង​លើក​លេង​តែ​មា​នប​ញ្ញាតិ​ផ្ទុយ ដែល​មាន​ចែង​ជាក់លាក់​ក្នុង​សន្ធិសញ្ញា ឬ​អនុសញ្ញា​នោះ ឬ​ច្បាប់​ផ្សេង​ទៀត​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។

យោង​តាម​ខ្លឹមសារ​ច្បាប់​នេះ​ក៏​មិន​រារាំង​ដល់​ការ​ធ្វើ​សំណើ ឬ​ទទួល​សំណើ​ទាក់ទង​នឹង​ការ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក ផ្នែក​ច្បាប់​ក្នុង​វិស័យ​ព្រហ្មទណ្ឌ ឬ​កិច្ច​សហប្រតិបត្តិការ​រវាង​ព្រះរាជាណាចក្រ​កម្ពុជា​ជាមួយ​រដ្ឋ​បរទេស​ណាមួយ​តាម​រយៈ​មធ្យោបាយ​ស្របច្បាប់​ផ្សេង​ទៀត​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ