ខេត្តប៉ៃលិន ៖ អាជីវករលក់បន្លែ ត្រី សាច់ ជាច្រើន បានប្រតិកម្មទៅនឹងម្ចាស់ផ្សារប៉ាហ៊ីជើង ដែលមានទីតាំងស្ថិតនៅក្នុងភូមិប៉ាហ៊ីជើង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខណៈម្ចាស់ផ្សារជួលតូបតម្លៃខ្ពស់ ។ ម្យ៉ាងទៀតដោយសារតែស្ងាត់ម៉ូយលក់ដូរអត់សូវដាច់ បណ្តាលឱ្យមានបញ្ហាខ្វះខាតក្នុងជីវភាពរស់នៅ ហើយពួកគាត់ស្នើសុំឱ្យអាជ្ញាធរក្រុង និងខេត្តជួយសម្រួល ដោយធ្វើយ៉ាងណាឱ្យម្ចាស់ផ្សារជួយបញ្ចុះតម្លៃដូចកាលពីដំបូងផងដែរ ។
សេចក្តីរាយការណ៍បន្តថា ហេតុការណ៍អាជីវករផ្សារប៉ាហ៊ីជើងខាងលើបានកើតឡើងកាលពីម៉ោង១១និង៣០នាទីព្រឹក នាថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ ស្ថិតនៅក្នុងផ្សារប៉ាហ៊ីជើង ។
បើតាមប្រភពព័ត៌មានពីក្រុមអាជីវករដូចជា ១-ឈ្មោះ ឆាយ ហាក់ ភេទស្រី អាយុ៤៧ឆ្នាំ លក់បបរ (តូបប្រវែង២ម៉ែត្របួនជ្រុង បង់១ខែ ចំនួន១០ម៉ឺនរៀល), ២-ឈ្មោះ ប៉ែន វី ភេទស្រី អាយុ៤៨ឆ្នាំ (តូប២ម៉ែត្រ បួនជ្រុង បង់១០ម៉ឺនរៀល ក្នុង១ខែ), ៣-ឈ្មោះ ណុប សូនី ភេទប្រុស អាយុ៥៣ឆ្នាំ លក់សាច់ជ្រូក,
៤-ឈ្មោះ ប្រាក់ សឿន ភេទស្រី អាយុ៥៨ឆ្នាំ លក់បន្លែ បង់១ខែ៦ម៉ឺនរៀល និង៥-ឈ្មោះ ម៉ៅ រែម ភេទស្រី អាយុ៤៥ឆ្នាំ លក់បន្លែ (តូប៤ម៉ែត្រ៤ជ្រុង បង់១ខែ១២ម៉ឺនរៀល) ដោយពួកគាត់បានឱ្យដឹងស្រដៀងគ្នាថា ការបង់ថ្លៃតូបនេះ ពិតជាមានតម្លៃខ្ពស់ ខណៈពួកគាត់លក់ដូរតែ១ព្រឹកប៉ុណ្ណោះ ហើយការលក់ដូរទៀត សោត អត់សូវមានម៉ូយចូលទិញបន្លែ ត្រីសាច់នោះទេ ពោលគឺតាំងពីកើតមានបញ្ហាជំងឺកូវីដ១៩មកម្ល៉េះ គឺអត់សូវមានម៉ូយចូលទិញបន្លែរបស់ខ្លួន ។
ក្រុមអាជីវករបន្តទៀតថា បើម្ចាស់ផ្សារយកថ្លៃតូបខ្ពស់បែបនេះ ពួកគាត់ពិតជាមិនអាចរកប្រាក់សម្រាប់បង់ថ្លៃតូបបានទាន់ពេលវេលានោះឡើយ ព្រោះការលក់ដូរក្នុង១ថ្ងៃៗ ជួនកាលបានប្រាក់ត្រឹមតែ២០០០០រៀលទៅ៣០០០០រៀលប៉ុណ្ណោះ ដោយណាមួយបង់ថ្លៃភាស៊ីរួចហើយ ម្ចាស់ផ្សារដើរយកប្រាក់ក្នុង១តូប២០០០០រៀលបន្ថែមទៀត ។
ចំណែកអ្នកខ្លះលើកឡើងថា ខ្លួនបានជួលតូបឱ្យទៅអ្នកផ្សេង បែរជាម្ចាស់ផ្សារទៅដើរទារលុយថ្លៃតូប ដែលជួលនោះពីលើបន្ថែមទៀត ជាហេតុធ្វើឱ្យបង់ត្រួតគ្នាអស់ប្រាក់ចំនួន២ដងទៅវិញ ។ ពួកគាត់សំណូមពរឱ្យអាជ្ញាធរក្រុង ក៏ដូចជាអភិបាលខេត្តប៉ៃលិន លោក ផាន់ ចាន់ធុល ជួយសម្របសម្រួលបញ្ហាថ្លៃតូបដែលខ្ពស់បែបនេះ ឱ្យចុះតម្លៃដូចអ្វីដែលម្ចាស់ផ្សារមុនបានកំណត់ផង ។
ចំណែកលោក រស់ លីអូន អាយុ៤៥ឆ្នាំ ជាអ្នកទារភាស៊ីផ្សារប៉ាហ៊ីជើងខាងលើ និងជាអតីតម្ចាស់ផ្សារបានឱ្យដឹងថា កាលពីលោកជាម្ចាស់ផ្សារមុន គឺកាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៤ ខាងលោកបានស្នើសុំគោលការណ៍ពីខេត្ត ឱ្យកំណត់តម្លៃតូបរួចរាល់អស់ហើយ ដោយតូប១ ដែលមានប្រវែង២ម៉ែត្រ៤ជ្រុង តម្រូវឱ្យអាជីវករបង់ត្រឹមតែ៣០០០០រៀលប៉ុណ្ណោះ ។ បើជួល២តូប តម្រូវឱ្យបង់៦០០០០រៀល ពោលគឺមិនមានការបង់ប្រាក់ថ្លៃខ្ពស់បែបនេះទេ ។
លោករស់ លីអូន បន្តថា ក្រោយពីលោកបានគ្រប់គ្រងរយៈពេល៥ឆ្នាំ ស្រាប់តែឈ្លោះបែកបាក់គ្នាជាមួយនឹងស្ត្រីអតីតប្រពន្ធដែលម្ចាស់ផ្សារបច្ចុប្បន្ន ទើបខាងលោកឈប់គ្រប់គ្រង ដោយដើរទារតែថ្លៃភាស៊ីប៉ុណ្ណោះ ។
លោកបញ្ជាក់ថា កាលពីមុន បើតូបចំកន្លែងជ្រុងផ្លូវ ឬកាច់កែង ប្រវែង២ម៉ែត្រ៤ជ្រុង តម្រូវឱ្យអាជីវករបង់ប្រាក់ក្នុងតម្លៃ៤០០០០ រៀលទៅ៥០០០០រៀលប៉ុណ្ណោះ ។ ប៉ុន្តែបច្ចុប្បន្ននេះ តម្លៃតូបមានការឡើងខ្ពស់ខ្លាំង ដោយតូប១ ម្ចាស់ផ្សារទារឱ្យបង់ក្នុងតម្លៃ១០០០០០រៀល ក្នុង១ខែ តូបខ្លះទៀតឡើងថ្លៃ រហូតដល់១៥០០០០រៀលឯណោះ ។
ពាក់ព័ន្ធទៅនឹងបញ្ហានេះ ម្ចាស់ផ្សារឈ្មោះ គង់ វណ្ណា ហៅមួង ភេទស្រី អាយុ៤០ឆ្នាំ បានឱ្យដឹងកាលពីរសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០នេះដែរថា ក្នុងនាមគាត់ជាម្ចាស់ផ្សារ គឺមិនបានតម្លើងថ្លៃតូបនោះឡើយ ដោយតូប១ប្រវែង២ម៉ែត្រ៤ជ្រុង តម្រូវឱ្យអាជីវករបង់ប្រាក់ចាប់ពី៣០០០០រៀល រហូតដល់១៥០០០០រៀល តាមកន្លែងកែង ឬកាច់ជ្រុង ។
ប្រភពបន្តទៀតថា ចំពោះការទារលុយពីអ្នកលក់ដូរចំនួន២០០០រៀល បើសិនជាម្ចាស់តូបមកលក់ដូរ គឺគាត់អត់យកប្រាក់នោះឡើយ បើម្ចាស់អត់មកអ្នកផ្សេងលក់ជំនួស ទើបគាត់ទារឱ្យបង់ក្នុងតម្លៃ៣០០០ទៅ៥០០០រៀល ។ គាត់បញ្ជាក់ថា តាំងពីដើមរៀងមក គឺ ឈ្មោះ រស់ លីអូន អតីតប្តី មិនដែលកាន់កាប់ផ្សារនោះឡើយ គឺគាត់ជាអ្នកគ្រប់គ្រងទាំងអស់ ។
បើតាមលោក ស៊ុន យី អភិបាលក្រុងប៉ៃលិន បានឱ្យភ្នាក់ងារយើងដឹងដែរថា ការកំណត់តម្លៃ គឺខាងក្រុងធ្លាប់ហៅអាជីវករ និងម្ចាស់ផ្សារ ទៅសម្របសម្រួលម្តងរួចមកហើយ ដោយព្រមទទួលយកតាមការកំណត់រៀងៗខ្លួន មិនឱ្យម្ចាស់ផ្សារមានការឡើងថ្លៃតូបតាមចិត្តនោះឡើយ ។
លោកបន្តទៀតថា បើសិនជាអាជីវករលើកឡើងបែបនេះថា ម្ចាស់ផ្សារបានតម្លើងតម្លៃតូប ខាងលោកនឹងហៅឱ្យទៅចរចា ដើម្បីតទល់គ្នានៅថ្ងៃខាងមុខឆាប់ៗនេះ នៅក្នុងសាលាក្រុងប៉ៃលិន ៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ