ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សោកស្តាយ! ផ្ទះមេភូមិម្នាក់​ខ្ទេចអស់ទាំង​ស្រុង​ត្រឹម​មួយប៉ប្រិចភ្នែក​

3 ឆ្នាំ មុន
  • ត្បូងឃ្មុំ

ខេត្ត​ត្បូងឃ្មុំ​ ៖ ពិតជា​គួរ​ឱ្យ​សោកស្ដាយ​ណាស់ ​ដែល​​លំនៅ​ដ្ឋា​ន​សាងសង់​អំ​ពី​ឈើ​ ប្រក់​ក្បឿង​មួយ​ខ្នង​ជារបស់​លោក​មេ​ភូមិតាប៉ាង​ ត្រូវ​បាន​អគ្គី​ភ័យ​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​ បណ្តាល​ឱ្យ​ឆេះ​​ខ្ទេចអស់ទាំង​ស្រុង ​រួមទាំង​ទ្រព្យសម្បត្តិ​​ផងដែរ​ ប៉ុន្តែ​មិន​មាន​​មនុស្ស​​ណា​ម្នាក់​រងគ្រោះថ្នាក់ឡើយ ​ហើយ​ក្នុងហេតុការណ៍នេះដែរ…

ខេត្ត​ត្បូងឃ្មុំ​ ៖ ពិតជា​គួរ​ឱ្យ​សោកស្ដាយ​ណាស់ ​ដែល​​លំនៅ​ដ្ឋា​ន​សាងសង់​អំ​ពី​ឈើ​ ប្រក់​ក្បឿង​មួយ​ខ្នង​ជារបស់​លោក​មេ​ភូមិតាប៉ាង​ ត្រូវ​បាន​អគ្គី​ភ័យ​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​ បណ្តាល​ឱ្យ​ឆេះ​​ខ្ទេចអស់ទាំង​ស្រុង ​រួមទាំង​ទ្រព្យសម្បត្តិ​​ផងដែរ​ ប៉ុន្តែ​មិន​មាន​​មនុស្ស​​ណា​ម្នាក់​រងគ្រោះថ្នាក់ឡើយ ​ហើយ​ក្នុងហេតុការណ៍នេះដែរ ភ្លើង​មិន​បាន​ឆេះរាលដាល​​ទៅ​ដល់​ផ្ទះ​អ្នក​ជិតខាងឡើយ​ ដោយ​សារ​តែ​គម្លាតពី​​ផ្ទះ​​​មួយ​ទៅ​​ផ្ទះ​​​មួយ​នៅ​ឆ្ងាយពីគ្នា​​។

ហេតុការណ៍​​ខាងលើនេះ​បានកើតឡើង​កាលពី​​វេលា​ម៉ោង​២​និ​៥០​នាទី​រសៀល​ថ្ងៃ​ទី​១៣ ឧសភា ឆ្នាំ​២០២០ នៅ​ភូមិ​តា​ប៉ា​ង ឃុំ​ពាមជីលាំង ស្រុក​ត្បូងឃ្មុំ ​​ខេត្តត្បូងឃ្មុំ ។​

លោក​ឆ​យ វុ​ទ្ធី នាយ​ប៉ុស្តិ៍​ឃុំ​ពាមជីលាំង បាន​ប្រាប់​ឲ្យ​ដឹង​ថា​ ផ្ទះ​​កើតហេតុ​​មួយខ្នង​ខាងលើ​​​មាន​ម្ចាស់​ឈ្មោះ​សុ​ី​ន សយ​ ភេទ​ប្រុស​ អាយុ​៧៧​ឆ្នាំ ជា​មេ​ភូមិ​​តាប៉ាង និង​ប្រពន្ធ​ឈ្មោះ​ហួ​ន ថេ​ន​ អាយុ​៧៣​ឆ្នាំ​ ​។

លោក​នាយប៉ុស្តិ៍ឃុំពានជីលាំង​បានឱ្យ​ដឹង​​បន្ត​ថា ​ក្នុងហេតុការណ៍​ខាងលើ​បណ្តាល​ឱ្យ​រងការខូចខាតរួមមាន​ផ្ទះ​​ទំហំ​៨ម៉ែត្រគុណ​នឹង​​១២ម៉ែត្រ ធ្វេ​ី​​អំ​ពី​ឈេ​ី​ ប្រក់​ក្បឿង​ ជញ្ជាំង​ក្តា​រ ​ត្រូវ​ភ្លើងឆេះ​រង​ការ​​ខូចខាត​ខ្ទេច​អស់​ទាំងស្រុង​​ ។ ចំណែក​​ទ្រព្យសម្បត្តិដែល​បាត់បង់​​​រួម​មាន ​ខ្សែ​ក​​មាស​ទម្ងន់​២​តម្លឹង, ប្រាក់​​២,៥​លាន​រៀល, ស្រូវ​២៥​បេ និង​សំភារៈ​ផ្សេង​ៗ​ទៀ​តដូចជា​​សម្លៀក​បំពាក់ និង​ចានឆ្នាំង​ ត្រូវភ្លើងឆេះអស់​។

លោក​នាយ​ប៉ុស្តិ៍​ឃុំ​ពាមជីលាំងបាន​ប្រាប់​ឲ្យ​ដឹងបន្តទៀត​​ថា​ ​ក្រោយ​ពី​ប្រជាពលរដ្ឋ​បាន​រាយការណ៍​ថា មាន​​ករណី​គ្រោះ​អគ្គិភ័យ​កើតឡើង ​លោក​ក៏​បាន​រាយការណ៍​បន្ត​ទៅ​​កាន់​លោក​អធិការ​នគរបាល​ស្រុក​ត្បូងឃ្មុំ​ដើម្បី​សុំ​ឱ្យ​រថយន្ត​ពន្លត់អគ្គីភ័យ​ចេញ​ទៅជួយអន្តរាគមន៍​​បាញ់​ទឹក​ពន្លត់ ។ ​បន្ទាប់​មក ​លោក​បាន​ដឹកនាំ​​​កម្លាំង​​ចុះ​ទៅ​កាន់​ផ្ទះ​មេ​ភូមិ​តា​ប៉ា​ង​ដែល​រង​គ្រោះ​ដោយ​អគ្គី​ភ័យ​ ខណៈ​ពេល​ចុះ​ទៅ​ដល់​ ភ្លើង​បាន​ឆាបឆេះ​អស់​ប្រ​ហែ​ល​ជា​៨០​ភាគរយ​ទៅ​ហើយ​ ដោយ​សសរផ្ទះ​​ចាប់ផ្ដើម​រលំ​។

​តាម​ប្រភព​ពី​ម្ចាស់ផ្ទះ​​បាន​ប្រាប់​​​សមត្ថកិច្ច​​ឱ្យ​ដឹង​ថា ​ដំបូងឡើយ​ គាត់​​ឃើញ​ភ្លើង​បាន​ឆាបឆេះ​ចេញពី​ក្នុង​បន្ទប់​កូន​នៅ​លើ​ផ្ទះ ​ដោយសារ​តែ​ទុស្សេ​ខ្សែភ្លើង​ ​ភ្លាមៗនោះ​បាន​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​នៅ​ក្នុងភូមិ និង​អ្នក​ជិតខាង​បាន​ដង​ទឹក​មក​ជួយ​ពន្លត់​ដែរ​ ​ប៉ុន្តែ​មិន​អាច​​ទប់ស្កាត់​បានឡើយ ​ដោយ​សារ​តែ​ភ្លើង​ឆេះ​ខ្លាំង​យ៉ាង​ពេញបន្ទុក​ទៅ​ហើយ​។ ​

លោក​គង់ សុ​ី​ហុង អធិការរង​នគរបាល​ស្រុក​ត្បូងឃ្មុំ​បាន​ប្រាប់​ឲ្យ​ដឹង​ដែរ​ថា ក្នុង​ពេល​​មាន​អគ្គី​ភ័យ​ឆាបឆេះ​ផ្ទះ​លោកមេភូមិ​ខាងលើនោះ ​លោកនាយ​ប៉ុស្តិ៍​បាន​រាយការណ៍​មក​រូប​លោក​ដើម្បី​សុំ​អន្តរាគមន៍​ឱ្យ​រថយន្ត​ពន្លត់អគ្គីភ័យ​ចុះទៅ​ជួយ​បាញ់​ទឹក​ពន្លត់​​ដែរ ​ប៉ុន្តែ​ដោយសារ​តែ​​ទីតាំង​កើតហេតុ​នៅឆ្ងាយពេក​ ទំរាំ​រថយន្តពន្លត់អគ្គិភ័យចុះមកដល់ ផ្ទះកើតហេតុ​ខាងលើ​​ត្រូវ​​អគ្គី​ភ័យ​លេប​ត្របាក់​អស់​ទាំងស្រុង​ទៅហើយ ។ ​ចំពោះ​មាស​ដែល​បាត់បង់​ដោយសារ​ភ្លើង​ឆេះ​ខាងលើ​ ត្រូវ​បាន​រក​ឃើញ​១​​តម្លឹង​វិញ​។​

ក្រោម​ការ​ណែនាំ​ពី​សំណាក់​លោក​ឧត្តមសេនីយ៍ទោ​បែន រ័​ត្ន​ ស្នងការ​នគរបាល​ខេត្ត ដោយ​បាន​​ឲ្យ​កម្លាំង​ពន្លត់អគ្គីភ័យ​របស់​អធិការដ្ឋាន​គ​របាល​ស្រុក​ត្បូងឃ្មុំ​ត្រូវ​យាម​ប្រចាំការ​២៤​ម៉ោង​លើ​២៤​ម៉ោង ដើម្បី​ចេញ​ទៅជួយ​អន្តរាគមន៍​​ឱ្យទាន់ពេលវេលា​នៅ​ពេល​​មាន​ករណីអគ្គិភ័យ​​កើតឡើង ​ប៉ុន្តែ​ករណី​ខាងលើ​នេះ​មិនអាចចុះ​ទៅ​ជួយទាន់ពេលវេលា ព្រោះ​ដោយ​សារ​តែ​ផ្លូវ​ឆ្ងាយ​ពេក​៕ (​កែសម្រួលដោយ ៖ ធីតា​​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ