ខេត្តសៀមរាប ៖ កម្លាំងនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន កាលពីរសៀលថ្ងៃទី១២ ឧសភា បានធ្វើការចុះបង្ក្រាបករណីបំរើសេវាផ្លូវភេទ ជ្រកក្រោមស្លាកម៉ាស្សា ដោយឃាត់ខ្លួនបានថៅកែហាងម្នាក់ និងរំដោះនារីបំរើសេវាផ្លូវភេទ៤នាក់ផងដែរ នៅក្នុងក្រុងសៀមរាប ។
បើតាមលោកវរសនីយ៍ឯក ជា ហេង ប្រធានការិយល័យនគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនខេត្តបានឱ្យដឹងថា ទីតាំងហាងម៉ាស្សាយីហោ «រស្មីរត័្ន១៦៨» ដែលបានចុះបង្ក្រាប គឺស្ថិតនៅភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប ។
ហាងម៉ាស្សានេះ បានរកសុីបង្កប់សេវាផ្លូវភេទជ្រកក្រោមស្លាកម៉ាស្សា ។ លោកបន្តថា ក្នុងពេលបង្ក្រាប យើងបានប្រមូលស្ត្រីរកសុីផ្លូវភេទបានចំនួន៤នាក់ ក្នុងនោះ មានអនីតិជន អាយុ១៧ឆ្នាំម្នាក់ និងចាប់បានថៅកែម្នាក់ឈ្មោះទន់ សារត្ន័ ភេទស្រី អាយុ៣២ឆ្នាំ បច្ចុប្បន្នស្នាក់នៅផ្ទះជួលភូមិសង្កាត់ខាងលើ។
ក្នុងនោះដែរ កម្លាំងជំនាញបានឆែកឆេររកឃើញវត្ថុតាងស្រោមអនាម័យប្រើរួច និងមិនទាន់ប្រើមួយចំនួនធំ ។ ជនសង្ស័យគឺបានឃាត់ខ្លួនតាមបញ្ជាលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប។ លោកនាយការិយាល័យបន្ថែមថា តាមចម្លើយសារភាពរបស់ស្ត្រីសង្ស័យថា ខ្លួនពិជាបានអនុញ្ញាតឱ្យស្រីៗរកសុីផ្លូវភេទ នៅក្នុងហាងម៉ាស្សារបស់ខ្លួន ដោយបំរើផ្លូវភេទជាមួយភ្ញៀវម្តងតំលៃចាប់ពី២៥$ ទៅ៣០$ ហើយខ្លួនដកយក១០០០០រៀល ។
ក្រោយពេលសាកសួរ ស្ត្រីរកសុីផ្លូវភេទទាំង៤នាក់គឺបានបញ្ជូនទៅមន្ទីរសង្គមកិច្ចខេត្ត ។ចំណែកស្ត្រីថៅកែហាងបានបញ្ជូនទៅតុលាការ នារសៀលថ្ងៃទី ១៣ខែឧសភានេះ ដោយចោទប្រកាន់ពីបទសញ្ចារកម្ម ៕
ចែករំលែកព័តមាននេះ