ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរសម្នាក់បើកត្រាក់ទ័រភ្ជួរដីប៉ះចំ​​មីនតោន​ផ្ទុះ​យ៉ាង​កក្រើក​ភូមិ​ (មានវីដេអូ)

3 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ៖ បុរស​ម្នាក់​បានបាត់បង់​ជីវិត​ភ្លាម​ៗ​នៅនឹង​កន្លែង​កើតហេតុ​ បន្ទាប់ពី​​ជនរងគ្រោះ​បើកត្រាក់ទ័រភ្ជួរដីចម្ការ​ប៉ះចំមីនតោន​ផ្ទុះយ៉ាង​កក្រើក​ បណ្តាល​ឱ្យប៉ើងខ្ទាតទាំង​ត្រាក់ទ័រ និង​ជនរងគ្រោះ​ជាច្រើនម៉ែត្រ ។ ​ហេតុការណ៍​​ខាងលើ​នេះ​កើតឡើងកាលពី​វេលា​ម៉ោង​២និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១៣​ ឧសភា ឆ្នាំ​​២០២០​នៅ​​ចំណុច​​ដីចំការ​ខាងក្រោយ​ផ្ទះរបស់ជនរងគ្រោះ​​ប្រមា​ណ​​៤០០​ម៉ែត្រ…

ខេត្តឧត្តរមានជ័យ ៖ បុរស​ម្នាក់​បានបាត់បង់​ជីវិត​ភ្លាម​ៗ​នៅនឹង​កន្លែង​កើតហេតុ​ បន្ទាប់ពី​​ជនរងគ្រោះ​បើកត្រាក់ទ័រភ្ជួរដីចម្ការ​ប៉ះចំមីនតោន​ផ្ទុះយ៉ាង​កក្រើក​ បណ្តាល​ឱ្យប៉ើងខ្ទាតទាំង​ត្រាក់ទ័រ និង​ជនរងគ្រោះ​ជាច្រើនម៉ែត្រ ។

​ហេតុការណ៍​​ខាងលើ​នេះ​កើតឡើងកាលពី​វេលា​ម៉ោង​២និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១៣​ ឧសភា ឆ្នាំ​​២០២០​នៅ​​ចំណុច​​ដីចំការ​ខាងក្រោយ​ផ្ទះរបស់ជនរងគ្រោះ​​ប្រមា​ណ​​៤០០​ម៉ែត្រ ស្ថិត​ក្នុងភូមិអូរ​តា​មេ​ង ឃុំ​អន្លង់​វែង ស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ​។

ជន​រង​គ្រោះ​ដែល​បាត់បង់ជីវិត​​​ខាងលើ​ឈ្មោះ​យ៉ា​ន់ ចាន់​ថុ​ល ​ភេទ​ប្រុស ​អាយុ​៣៣​ឆ្នាំ​ មានប្រពន្ធ​ឈ្មោះ​មាស ស្រី​លាប​ អាយុ​២៩​ឆ្នាំ​ មុខរបរ​កសិករ ។ គ្រួសារនេះ​មានកូន​២​នាក់ និង​មានស្រុក​កំណើត​នៅ​ភូមិ​ក្រាំង​ត្បែង ឃុំ​ត្រពាំង​ជូរ ស្រុកឱ​រាល់ ខេត្តកំពង់ស្ពឺ ហើយ​ប​ច្ចុ​ប្ប​ន្ន​​បាន​មក​ស្នាក់​នៅ​ក្នុងភូមិ​ឃុំ​កើតហេតុខាងលើ​ ដោយ​ចាំចំការ​ឱ្យ​បង​បង្កើត​ឈ្មោះ​យ៉ា​ន់ ចាន់​ថន​ ភេទ​ប្រុស​ អាយុ៤៦​ឆ្នាំ​ មាន​ទីលំនៅ​ក្នុងស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ​។

តាម​ប្រភពពី​ប៉ូ​លិស​អធិការ​ស្រុក​អន្លង់​វែង​បានឱ្យ​ដឹង​ថា គ្រាប់​មីន​ដែល​ផ្ទុះ​នេះជា​គ្រាប់​ដែល​សេសសល់​កាលពី​សម័យ​សង្គ្រាម​ ស្ថិត​នៅ​នឹង​មាត់ប្រឡាយ​អូរ​ ជាទី​កន្លែង​ផ្លូវ​ស្ពានឈើ​ចាស់​កាលពី​សម័យ​​សង្គ្រាម​ខ្មែរក្រហម ហើយ​សព្វ​ថ្ងៃជា​ចំការដែល​កសិករ​​ធ្វើ​ជា​រៀង​រាល់​ឆ្នាំ​ផង​ដែរ​។

តាម​ប្រភពដដែលបានបន្ត​ថា ​នៅ​​ថ្ងៃ​កើតហេតុ​ ជន​រង​គ្រោះ​បាន​បើកត្រាក់ទ័រ​ទៅ​ភ្ជួ​ជ្រោយ​ដី​នៅ​តាម​ជួរ​ដំណាំ ស្រាប់តែ​ជ្រុល​ទៅ​​ដល់​មាត់​អូរ​​ហើយ​​ប៉ះចំ​គ្រាប់​មីនតោន​ផ្ទុះ​ឡើងយ៉ាង​កក្រើក បណ្តាល​ឱ្យ​​ត្រាក់ទ័រ​ផ្លោង​ខ្ទាត​ចំងាយ​៥០ទៅ​៦០​មែ​ត្រ​​ពីរណ្តៅ​គ្រាប់​​ រងការ​ខូចខាត​ជា​បំណែកៗ​។

​តាម​ប្រភពដដែល​​បាន​បន្ត​ថា ក្រោយ​ពី​កើតហេតុ​ សមត្ថ​​កិច្ច​បាន​ចុះទៅពិនិត្យ​​កន្លែង​កើតហេតុ​ភ្លាម​ៗ ឃើញ​ត្រាក់ទ័រ​ខ្ទាត​ចេញពី​​រណ្តៅ​​គ្រាប់ប្រមាណ​៦០​ម៉ែត្រ​ ចំណែក​ជន​រង​គ្រោះ​ខ្ទាត​ចេញ​ប្រ​មាណ​​៥០​ម៉ែត្រ ។ ក្រោយ​ពី​ធ្វើការ​ចុះ​ពិនិត្យ​រួច​ សព​ជនរងគ្រោះ​ត្រូវ​បាន​ប្រគល់​ទៅ​ឱ្យ​ក្រុម​គ្រួសារ​និង​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ឯ​ស្រុកកំណើត​នៅ​ឯ​ខេត្តកំពង់ស្ពឺ​​នា​​ថ្ងៃ​កើតហេតុ​។

គួ​រ​រំលឹក​ថា ករណី​ផ្ទុះ​គ្រាប់​មីនតោន​នេះ​មិនមែន​ជា​លើក​ទី​១​ទេ​នៅក្នុង​ខេត្តឧត្តរមានជ័យ ខណៈ​​ហេតុការណ៍​បែបនេះ​​បាន​កើត​មាន​ជា​ច្រើន​លើក​មកហើយ ​ដែល​បាន​បំផ្លាញត្រាក់ទ័រ​ និង​ធ្វើ​ឱ្យ​មនុស្ស​ប្រុស​ស្រី​ចាស់​ក្មេង​ជា​ច្រើន​នាក់​​បាត់បង់ជីវិត​ផង​ដែរ ក៏ប៉ុន្តែ​ករណី​ខាងលើនេះជាលើកទី១ដែល​បានកើតឡើង​​នា​​ដើមឆ្នាំ​២០២០​នេះ​៕​ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ