រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានសម្រេចអនុញ្ញាតឲ្យនាំចេញអង្ករសរឡើងវិញ និងគាំទ្រឲ្យរោងចក្រផលិតម៉ាស់ សម្ភារពេទ្យសម្រាប់នាំទៅក្រៅប្រទេស ។
ការសម្រេចអនុញ្ញាតនេះ បន្ទាប់ពីផ្អាកមួយរយៈ ហើយរាជរដ្ឋាភិបាលក៏បានគាំទ្រឲ្យរោងចក្រនៅក្នុងប្រទេសកម្ពុជាផលិតម៉ាស់ និងសម្ភារពេទ្យសម្រាប់ការផ្គត់ផ្គង់ តម្រូវការក្នុងស្រុក និងការនាំចេញទៅក្រៅប្រទេស ។
យោងតាមសេចក្ដីជម្រាបជូនរបស់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី១៣ ឧសភា ថា «តាមសំណើររបស់សហព័ន្ធស្រូវអង្ករកម្ពុជា រាជរដ្ឋាភិបាល សម្រេចផ្ដល់ការអនុញ្ញាតឲ្យធ្វើ ការនាំចេញអង្ករសជាបណ្ដើរៗឡើងវិញតាមកិច្ចសន្យាបញ្ជាទិញពីក្រៅប្រទេសដោយគិត ចាប់ពីថ្ងៃទី២០ ឧសភាតទៅ» ។
នៅថ្ងៃដដែល ក្រសួងសេដ្ឋកិច្ចក៏បានចេញសេចក្ដីជម្រាបជូនប្រធានសមាគមរោងចក្រកាត់ ដេរ នៅកម្ពុជាថា ក្នុងបរិកាលនៃការរាតត្បាតជំងឺកូវីដ-១៩ ដែលកម្ពុជា និងសកលលោកកំពុងមានតម្រូវការម៉ាសគ្រប់ប្រភេទ សម្ភារពេទ្យ និងសម្លៀកបំពាក់សម្រាប់ការពារជំងឺឆ្លង ។
ជាមួយគ្នានោះដែរ រាជរដ្ឋាភិបាលកម្ពុជាគាំទ្រ និងលើកទឹកចិត្តឲ្យបណ្ដារោងចក្រកាត់ដេរនៅកម្ពុជាចូលរួមធ្វើការផលិតម៉ាសគ្រប់ប្រភេទ សម្ភារពេទ្យ និងសម្លៀកបំពាក់សំរាប់ការពារជំងឺឆ្លងសម្រាប់ផ្គត់ផ្គង់តម្រូវការក្នុងស្រុក និងបម្រើការនាំចេញ ។
សូមរឮកថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចជោ ហ៊ុន សែន បានបញ្ជាក់ថា កម្ពុជាមានរោងចក្រផលិតសម្ភារពេទ្យ ដែលមានទីតាំងនៅខេត្តកំពង់ចាម និងស្វាយរៀង ។
ជាពិសេសនោះ កម្ពុជាបានត្រៀមរោងចក្រផលិតម៉ាសខ្លួនឯង ដែលមានលទ្ធភាពផលិតចាប់ពី ១លា២សែនម៉ាស ផលិតទឹកអាល់កុលសម្លាប់មេរោគ (SKD) ជាង៥ពាន់លីត្រ និងសម្ភារពេទ្យដូចជា ខោ អាវ មួក ។ នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ សហព័ន្ធស្រូវអង្ករកម្ពុជា (ស.អ.ក) បានជូនដំណឹងដល់សមាជិក សមាជិកា ជាពិសេសរោងម៉ាស៊ីនកិនស្រូវ និងក្រុមហ៊ុននាំចេញថា តបតាមសំណើរបស់ ស.អ.ក រាជរដ្ឋាភិបាលបានសម្រេចផ្ដល់ការអនុញ្ញាតឲ្យធ្វើការនាំចេញអង្ករសជាបណ្ដើរៗឡើងវិញ តាមកិច្ចសន្យាបញ្ជាទិញពីក្រៅប្រទេស ដោយគិតចាប់ពីថ្ងៃទី២០ ឧសភាតទៅ ។
សូជម្រាបថា ក្នុងសន្និសីទសារព័ត៌មាននាពេលថ្មីៗនេះរាជរដ្ឋាភិបាលបានបញ្ជាឲ្យផ្អាកការនាំចេញអង្ករស និងស្រូវទៅក្រៅប្រទេស ដើម្បីផ្គត់ផ្គង់ក្នុងស្រុកដោយបញ្ហាកូវីដ-១៩ ដែលកើតមានឡើងនៅកម្ពុជា ប៉ុន្ដែរាជរដ្ឋាភិបាលអនុញ្ញាតឲ្យនាំចេញអង្ករក្រអូបដោយអនុវត្តកាលពីថ្ងៃទី៥ មេសា ៕
ចែករំលែកព័តមាននេះ