ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាយ រតនៈ ខឹង​វេជ្ជបណ្ឌិត​ម្នាក់​បង្ហោះ​រូប​ភាព​លោក​ក្រិន​ថ្លើម

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖​តារា​សម្តែង និង​ជា​ពិធីករ​នៅ​ស្ថានីយទូរទស្សន៍​CTN លោក​សាយ រតនៈ បាន​ប្រតិកម្ម​តប​វេជ្ជបណ្ឌិត​មួយ​រូប​ដែល​បាន​ភ្ជាប់​រូបភាព​សម្រាក​ព្យាបាល​របស់​លោក ជាមួយនឹង​រូបភាព​ថ្លើម​ក្រិន និង​រលួយ ដោយ​លោក​ចាត់​ទុក​ថា វា​មិន​សមរម្យ…

រាជធានី​ភ្នំពេញ ៖​តារា​សម្តែង និង​ជា​ពិធីករ​នៅ​ស្ថានីយទូរទស្សន៍​CTN លោក​សាយ រតនៈ បាន​ប្រតិកម្ម​តប​វេជ្ជបណ្ឌិត​មួយ​រូប​ដែល​បាន​ភ្ជាប់​រូបភាព​សម្រាក​ព្យាបាល​របស់​លោក ជាមួយនឹង​រូបភាព​ថ្លើម​ក្រិន និង​រលួយ ដោយ​លោក​ចាត់​ទុក​ថា វា​មិន​សមរម្យ និង​នាំ​ឲ្យ​មានការ​រើសអើង​រូប​លោក ។ ដ្បិត​ការ​ភ្ជាប់​រូប​លោក​ជាមួយ​រូប​ថ្លើម​នោះ​ជា​មួ​យ​សារ​ដែល​វេជ្ជបណ្ឌិត​បាន​បង្ហោះ​នោះ​មាន​ន័យ​អប់រំ​ដល់​មនុស្ស​ទូទៅ​ឲ្យ​បន្ថយ​ការ​ផឹក ដ្បិត​វា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព ជា​ពិសេស​ធ្វើ​ឲ្យ​មាន​បញ្ហា​ដល់​ប្រព័ន្ធ​ការពារ​នៅ​ក្នុង​ខ្លួន​របស់​យើង ។

យ៉ាងណា​ក្ដី​លោក​សាយ រតនៈ ហាក់​មិន​យល់​ស្រប​ការ​ភ្ជាប់​រូប​លោក​ជាមួយនឹង​បញ្ហា​នេះ​ឡើយ បើ​ទោះបីជា​លោក​បាន​ចូល​ពិនិត្យ​ព្យាបាល​ជំងឺ និង​បាន​បង្ហោះ​សារ​អំពាវនាវ​កុំ​ឲ្យ​ផឹកស្រា​ច្រើន​ពេក​ក៏​ដោយ ប៉ុន្តែ​ធាតុ​ពិត​លោក​មិន​មាន​ជំងឺថ្លើម​ដូច​អ្វី​ដែល​លោក​វេជ្ជបណ្ឌិត​នោះ​បាន​ភ្ជាប់​នោះ​ឡើយ ។ លោក សាយ រតនៈ បាន​បង្ហោះ​សារ​តាម​ហ្វេ​ស​ប៊ុ​កថា «​សុំ​សួរ​មតិយោបល់​ពី​បងប្អូន អ្នក​ច្បាប់ និង បងប្អូន​អ្នក​វេជ្ជសាស្ត្រ​បន្តិច អំពី​ក្រមសីលធម៌​និង​វិជ្ជាជីវៈ​របស់​គ្រូពេទ្យ ។

តើ​ពេទ្យ​ម្នាក់​នេះ​ធ្វើត្រូវ​តាម​ក្រមសីលធម៌ និង​វិជ្ជាជីវៈ​ដែរ ឬទេ? ដោយ​បាន​យក​រូប​របស់ខ្ញុំ​ទៅ​ភ្ជាប់​ជាមួយ​រូប​ដូចដែល​បាន​ឃើ​ញ​ស្រាប់? វា​ពិតជា​ធ្វើឱ្យ​ប៉ះពាល់​កិត្តិយស​របស់ខ្ញុំ​ខ្លាំង​ណាស់ និង​ធ្វើ​ឲ្យ​បងប្អូន​ដែល​បាន​ឃើញ​ប្រាកដជា​មានការ​ភ័ន្ត​ច្រឡំ​មក​លើ​រូប​ខ្ញុំ​ជាក់​ជា​មិន​ខាន​។ លោក​ពេទ្យ​ម្នាក់​នេះ​បាន​យក​រូប​របស់ខ្ញុំ​ទៅ​ភ្ជាប់​ជាមួយ​រូប​ថ្លើម​រលួយ ខណៈ​ដែល​ខ្ញុំ​គ្មាន​បញ្ហា​អ្វី​ទាក់ទង​នឹង​ថ្លើ​ម​សោះ​ឡើយ ។

អ្នក​មើ​ល​មួយ​ចំនួន​អាច​គិត​ថា​ខ្ញុំ​រលួយ​ថ្លើម​ខ្ទេចខ្ទី​អស់​ហើ​យ អ្នក​មើល អ្នក​ខម​មិន និង​អ្នក share ប៉ុន្មាន​នាក់ គេ​មើល​ងាយ​ខ្ញុំ ក្នុង​នាម​ខ្ញុំ​ជា​សិល្បករ​មួយ​រូប​ផង​នោះ ? ប៉ះពាល់​កិត្ត​យស និង​កេរ្តិ៍ឈ្មោះ​ខ្ញុំ​ទេ ? ប៉ះពាល់​ការងារ និង​មុខរបរ​ប្រចាំ​ថ្ងៃ​របស់ខ្ញុំ​ទេ ? ខ្ញុំ​អាច​នឹង​ត្រូវ​បាន​មនុស្ស​មួយ​ចំនួន​រើស​អើ​ង ដោយ​គេ​គិត​ថា​ខ្ញុំ​មាន​ជម្ងឺ​ថ្លេ​ី​ម​ដំណាក់កាល​ចុង​ក្រោយ លោក​ទទួល​បាន​ការ​អនុញាតិ​ពី​ម្ចាស់​រូប​ទេ ?​

លោក​យក​រូប​ខ្ញុំ​ពី​ស្ថាប័ន​សារព័ត៌មាន តើ​ស្ថាប័ន​នោះ​មាន​ភ្ជាប់​រូប​ខ្ញុំ​ជាមួយ​ថ្លើម​រលួយ​អ៊ីចឹង​ដែរ​ឬទេ? ខ្ញុំ​យល់​ថា​លោក​មាន​បំណង​ល្អ តែ​លោក​បាន​ធ្វើឲ្យ​ប៉ះពាល់ និង​ជាន់ពន្លិច​ខ្ញុំ​ខ្លាំង​ណាស់​! ខ្ញុំ​ជា​មនុស្ស​ម្នាក់​ទប់​សេចក្តី​ក្រោធ ស្ងប់ស្ងាត់ មិន​ចង់​ដឹង​រឿង​អ្នក​ដទៃ មិន​ដែល​មាន​បញ្ហា​ជាមួយ​អ្នក​ផ្សេង តែ​លោក​ធ្វើនេះ​ពិតជា​ប៉ះពាល់​ខ្ញុំ​ខ្លាំង​ណាស់ ។ នេះ​ឬ​ជា​ក្រមសីលធម៌​និង​វិជ្ជាជីវៈ​របស់​លោក ? បើ​លោក​ពេទ្យ​ម្នាក់​នេះ​ខុស តើ​គួរ​មាន​ចំណាត់​អ្វី​ចំពោះ​គាត់ ?​»​។

បន្ទាប់​ពី​មាន​ប្រតិកម្ម​ពី​លោក​សាយ រតនៈ មក នៅ​លើ​ហ្វេ​ស​ប៊ុ​ក​របស់​វេជ្ជបណ្ឌិត​រូប​នោះ​បាន​លុប​ចោល​រូបភាព​នាំ​ឲ្យ​មាន​ប្រតិកម្ម​នោះ​វិញ ប៉ុន្តែ​សម្រាប់​រូបភាព​ថ្លើម​ដែល​ខូច និង​សារ​ដែល​បាន​សរសេរ​បង្ហោះ គឺ​នៅ​រក្សា​ទុក​ដដែល ៕ (កែ​សម្រួល​ដោយ ៖ បុប្ផា)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ