ខេត្តបាត់ដំបង ៖ កាលពីព្រឹកថ្ងៃទី៧ មីនា នៅសាលាបឋមសិក្សាជ្រចាប់ផេះ កុម៉ាតស៊ុ ស្ថិតក្នុងភូមិជាមន្ត្រី ឃុំត្រែង ស្រុករតនៈមណ្ឌល មានប្រារព្ធពិធីសម្ពោធផ្លូវ និងសមិទ្ធផលគម្រោងស្ថាបនាភូមិសុវត្ថិភាព ដោយកិច្ចសហប្រតិបត្តិការរវាង CMAC និងអង្គការ JMAS ក្រោមអធិបតីភាពលោកប្រាក់ សុខុន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអនុប្រធានអាជ្ញាធរមីនកម្ពុជា ។ ចូលរួមក្នុងពិធីនោះមាន លោក KAWAMURA HIROSHI ភារធារីស្តីទីស្ថានទូតជប៉ុនប្រចាំកម្ពុជា លោកប្រាជ្ញ ច័ន្ទ អភិបាលខេត្ត លោកអភិបាលរងខេត្តប៉ៃលិន ពោធិ៍សាត់ និងបន្ទាយមានជ័យ មន្ត្រីរាជការពាក់ព័ន្ធនានាជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ មន្ត្រី CMAC អភិបាល អភិបាលរងស្រុក លោកមេឃុំ មេភូមិ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ។
លោកហេង រតនា អគ្គនាយកស៊ីម៉ាក់ បានមានប្រសាសន៍រាយការណ៍ឱ្យដឹងថា ក្នុងកិច្ចសហប្រតិបត្តិការនេះមានថវិកាសរុប៨០ម៉ឺនដុល្លារ ក្នុងនោះមួយផ្នែកគឺជាការងារបោសសំអាតមីន និងមួយផ្នែកធំទៀត គឺជាការងារអភិវឌ្ឍន៍សហគមន៍សម្រាប់គម្រោងឆ្នាំ២០០៩-២០១០ ។ ជាមួយនេះ បានធ្វើការបោសសំអាតជាដីសម្បទានសង្គមកិច្ចសម្រាប់សាងសង់លំនៅឋានចំនួន៦២ហិកតា ក្នុងលទ្ធផលសរុបសម្រាប់គាំទ្រការអភិវឌ្ឍចំនួន៧៤ហិកតា ដើម្បីជួយគាំទ្រដល់ប្រជាពលរដ្ឋខ្វះខាតដីធ្លី ចំនួន៥៥០គ្រួសារ ក្នុងភូមិសាស្ត្រភូមិជាមន្ត្រី និងភូមិគីឡូ ស្រុករតនមណ្ឌល ដែលយើងធ្វើពិធីប្រគល់នៅថ្ងៃនេះ។ ក្នុងនោះស៊ីម៉ាក់បានរុករកឃើញគ្រាប់មីនគ្រប់ប្រភេទចំនួន១៤៧គ្រាប់ និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះចំនួន៣៦គ្រាប់ ។ ដោយឡែក ឆ្នាំ២០១០-២០១១ ដែលត្រូវបញ្ចប់នៅខែកក្កដា ឆ្នាំ២០១១ ខាងមុខ ហើយដែលបាននិងកំពុងធ្វើការបោសសំអាតផ្ទៃដីកសិកម្មសម្រាប់ប្រជាពលរដ្ឋទូទៅចំនួន៨០ហិកតា រហូតមកដល់ពេលនេះយើងរុករកឃើញគ្រាប់មីនគ្រប់ប្រភេទជាង១០០គ្រាប់ និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះជាង២០គ្រាប់។ លើសពីនេះទៀត គឺការកសាងអគារសិក្សាបានចំនួន៣ខ្នង មាន១២បន្ទប់ ព្រមទាំងបំពាក់សម្ភារ ខ្លោងទ្វារ បង្គន់អនាម័យ និងទង់ជាតិ ។ ធ្វើផ្លូវក្រាលក្រួសក្រហមបានចំនួន៣ខ្សែមានប្រវែង១០គីឡូម៉ែត្រ ព្រមទាំងដាក់លូបង្ហូរទឹកចំនួន២៣កន្លែង ធ្វើស្ពានប្រវែង១២ម៉ែត្រ ជីកស្រះទឹកសហគមន៍ទំហំ២៥ម៉ែត្រគុណ៣០ម៉ែត្រ បានចំនួន១៤កន្លែង អណ្តូងស្នប់ចំនួន១១ និងស៊ីទែនទឹកចំណុះ៥.០០០លីត្រចំនួន១ ។
លោកភារធារីស្តីទីស្ថានទូតជប៉ុន បានមានប្រសាសន៍ថា អង្គការ JMAS បានចាប់ផ្តើមសកម្មភាពការងាររបស់ខ្លួននៅប្រទេសកម្ពុជា ចាប់តាំងពីឆ្នាំ២០០២ ហើយមានសកម្មភាពសហប្រតិបត្តិការរួមជាមួយស៊ីម៉ាក់ ដូចជាការបោសសំអាតគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងដោះមីនសហគមន៍មូលដ្ឋាន ។ ចាប់តាំងពីឆ្នាំ២០០៨មក មានការចាប់ផ្តើមគម្រោងថ្មីមួយទៀត ដែលយើងបាននិងកំពុងសហការការងារបច្ចុប្បន្ន គឺជាគម្រោងស្ថាបនាភូមិសុវត្ថិភាព ដោយមានការគាំទ្រឧបត្ថម្ភពីរដ្ឋាភិបាលជប៉ុន និងក្រុមហ៊ុន KOMATSU រួមមានការឧបត្ថម្ភជាថវិកា គ្រឿងចក្រ និងម៉ាស៊ីនផ្សេងៗ។ គម្រោងនេះបានទទួលការគាំទ្រ និងសហការគ្នាយ៉ាងសកម្មពីសំណាក់បងប្អូនប្រជាពលរដ្ឋ និងមន្ត្រីបុគ្គលិកស៊ីម៉ាក់ទាំងអស់ ហើយក្នុងរយៈពេល៣ឆ្នាំកន្លងមកនេះ យើងបោសសំអាតមីនរួចបានលើផ្ទៃដីប្រមាណ២០០ហិកតា ធ្វើផ្លូវជីកប្រឡាយសងខាងផ្លូវ ជីកអណ្តូង និងជីកស្រះស្តុកទឹកចំនួន៣កន្លែង ព្រមទាំងសាងសង់អគារសិក្សា ។ យើងនៅតែជួយគាំទ្រការកសាងភូមិសុវត្ថិភាព៣កន្លែង ហើយបច្ចុប្បន្នក៏ដូចអនាគត យើងនៅតែបន្តធ្វើការអភិវឌ្ឍទៅមុខជានិច្ច ។
លោកប្រាក់ សុខុន បានថ្លែងអំណរគុណដល់កិច្ចសហប្រតិបត្តិការភាពជាដៃគូរវាងស្ថាប័ន CMAC និងអង្គការ JMAS ដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ប្រកបដោយឆន្ទៈរបស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ជាមួយបណ្តាប្រទេសជាដៃគូអភិវឌ្ឍន៍ ។ កិច្ចសហប្រតិបត្តិការផ្ទាល់របស់មន្ត្រី បុគ្គលិក CMAC បានដើរតួនាទីយ៉ាងសំខាន់ក្នុងការទប់ស្កាត់ និងកាត់បន្ថយអត្រាគ្រោះថ្នាក់ដោយសារមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ដែលនៅរាយប៉ាយលើទីលានសមរភូមិប្រយុទ្ធ បន្សល់ទុកពីសម័យសង្គ្រាមដ៏រ៉ាំរៃ ។ យើងបានប្រែក្លាយផ្ទៃដីដ៏មានសក្តានុពលទាំងនេះសម្រាប់ការស្តារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធ អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឆ្លើយតបទៅនឹងតម្រូវការចាំបាច់ និងលើកស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋស្របតាមគោលនយោបាយកាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាល ។
ក្នុងឱកាសនោះដែរ ក៏មានការប្រគល់ប័ណ្ណដីតាំងទីលំនៅថ្មីចំនួន៥៥០គ្រួសារ និងបំពាក់មេដាយអ្នកមានស្នាដៃល្អ និងឧបត្ថម្ភដល់សិស្សានុសិស្សចំនួន៣០០នាក់ ក្នុងម្នាក់ៗទទួលបានសៀវភៅ១ក្បាល ប៊ិច១ដើម ខ្មៅដៃ១ដើម និងថវិកា២.០០០រៀល យុវជនកាយឫទ្ធិ ៧០នាក់ យុវជនកាកបាទក្រហម៧០នាក់ ម្នាក់ៗទទួលបានថវិកា១០.០០០រៀល តាជី យាយជី ៣០នាក់ ម្នាក់ៗទទួលបានកំណាត់ស១ដុំ ថវិកា១០.០០០រៀល ជនពិការ២០នាក់ ម្នាក់ៗទទួលបានអាវយឺត១ និងថវិកា៤ម៉ឺនរៀល និងប្រជាពលរដ្ឋ៥០០នាក់ ក្នុងម្នាក់ៗទទួលបានអាវយឺត១ និងថវិកា១០.០០០រៀល ៕





ចែករំលែកព័តមាននេះ