ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្នុង​ការ​រឹត​បន្តឹង​​ច្បាប់​ចរាចរណ៍ផ្លូវគោកថ្មី គឺធ្វើដោយសីលធម៌និងមានវិជ្ជាជីវៈ

3 ឆ្នាំ មុន
  • សៀមរាប

ខេត្ត​សៀម​រា​ប៖ ​ក្នុង​ការ​រឹត​បន្តឹង​ការ​អនុវត្តន៍​អនុក្រឹត្យ​ថ្មីស្តី​ពី​ច្បាប់​ចរាចរណ៍​ផ្លូវគោកនោះ គឺ​ត្រូវ​ប្រព្រឹត្ត​ទៅ​ប្រកប ​ដោយ​ស្មារតី​ទទួលខុសត្រូវ តម្លាភាព ស្មើភាព គ្មាន​ការ​លើកលែង និង​មាន​សីលធម៌ និង​មាន​ប្រកបដោយ​វិជ្ជាជីវៈ ។​​…

ខេត្ត​សៀម​រា​ប៖ ​ក្នុង​ការ​រឹត​បន្តឹង​ការ​អនុវត្តន៍​អនុក្រឹត្យ​ថ្មីស្តី​ពី​ច្បាប់​ចរាចរណ៍​ផ្លូវគោកនោះ គឺ​ត្រូវ​ប្រព្រឹត្ត​ទៅ​ប្រកប ​ដោយ​ស្មារតី​ទទួលខុសត្រូវ តម្លាភាព ស្មើភាព គ្មាន​ការ​លើកលែង និង​មាន​សីលធម៌ និង​មាន​ប្រកបដោយ​វិជ្ជាជីវៈ ។​​ ​នេះ​បើតាម​លោក​វរសេនីយ៍ឯក ជឹ​ម សុវណ្ណ ប្រធាន​ការិយាល័យ​នគរបាល​ចរា​ចរណ៍​ផ្លូវគោក​នៃ​ស្នងការ​ដ្ឋាន​​នគរបាល​ខេត្តសៀមរាប ។

លោក​​បន្ត​ថា ​ក្នុង​រយៈពេល២​អាទិត្យ​នៃ​ការ​អនុវត្តន៍​អនុក្រឹត្យ​ថ្មី ស្តី​ពី​ច្បាប់​ចរាចរណ៍​ផ្លូវគោក​នេះ នគរ​បាល​ចរាចរណ៍​ខេត្តសៀមរាបឃាត់​រថយន្ត និង​ម៉ូតូ ឥត​មាន​ស្លាក​លេខ ចំនួន១៣៣​ករណី , ជិះ​ម៉ូតូ​អត់​ពាក់មួក​សុវត្ថិភាពចំនួន​៥៩០ករណី និង បើកបរ​ក្នុង​ភាព​ស្រវឹង១​ករណី​ផង​ដែរ ។ លោក​វរសេនីយ៍ឯក​អះអាង​ថា រហូត​មក​ដល់​ថ្ងៃ​ទី​១១​ខែឧសភា​នេះ ប្រជាពលរដ្ឋ​នៅ​ខេត្តសៀមរាប មានការ​គោរព​ច្បាប់​ច្រើន ជាង​មុន ដោយ​មានការ​ពាក់មួក​សុវត្ថិភាព​ប្រមាណ​៩៨%​គួ​ឲ្យ​កត់សម្គាល់ ។

តាម​ការ​បញ្ជាក់​របស់​លោក សិ​ដ្ឋ ពិសី ប្រធាន​សាខា​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត (​ឆៀក​) ខេត្ត​សៀម រាប បាន​ឲ្យ​ដឹង​ថា នៅ​ពេល​ដែល​ឧសា​នុ​វាទ រឹត​បន្តឹង​ក្នុង​ការ​អនុវត្តន៍​អនុក្រឹត្យ​ថ្មី ស្តី​ពី​ច្បាប់​ចរាចរណ៍​ផ្លូវគោក បាន​ធ្វើ​ឲ្យ​បងប្អូន​អ្នក​ប្រើប្រាស់​យានយន្ត​គ្រប់​ប្រភេទ បាន​ចូល​មក​ធ្វើ​ឆៀករថយន្ត​របស់​ខ្លួន មានការ​ទ្វេរ​ឡើង ជា​រៀងរាល់ថ្ងៃ ប្រមាណ​ជាង​៣​ពាន់​គ្រឿង ដែល​មក​ពី​បណ្តា​ខេត្ត​ក្នុង​ភូមិភាគ​ទី​៤ ហើយ​ក្នុង​មួយ​ថ្ងៃ​ក្រុមការងារ​ធ្វើការ​ឆៀក​បាន​ប្រមាណ​ជាង​២០០​គ្រឿង ហើយ​មុខការ​អនុវត្ត​ច្បាប់ រថយន្ត​ដែល​ចូល​មក​ធ្វើ​ឆៀក​មាន​ប្រមាណ​ពី ៩០​ទៅ​១០០ គ្រឿង​តែ​ប៉ុណ្ណោះ​ក្នុង​មួយ​ថ្ងៃ ។

ក្នុង​នោះ​ដែរ​លោក​ក៏​បាន​ធ្វើការ​អំពាវនាវ​គ្រប់​បងប្អូន​អ្នក​ប្រើប្រាស់​យានយន្ត​ទាំង ត្រូវ​ធ្វើការ​ត្រួតពិនិត្យ​ទៅ​លើ​ថ្ងៃខែ​ឆ្នាំ​កាល​បរិ​ច្ឆេ​ត​ប័ណ្ណ​ឆៀក កុំ​ឲ្យ​មាន​លើស​ពេលវេលា ដែល​នាំ​ឲ្យ​សមត្ថកិច្ច​ធ្វើការ​ផាកពិន័យ និង​កកស្ទះ​ក្នុង​ការ​ធ្វើ​ឆៀក ហើយ​ក៏​ដើម្បី​សុវត្ថិភាព​របស់​បងប្អូន​ផង​ដែរ ។ តាម​ការ​បញ្ជាក់​របស់​​លោក ប៉ែន សូ​នី ប្រធាន​ការិយាល័យ​ដឹក​ជញ្ជូន នៃ​មន្ទីរ​សាធារណការ​និង​ដឹក​ជញ្ជូន​ខេត្ត និង ជា​ប្រធាន​គណៈ​កម្មការ​ប្រឡង​យក​ប័ណ្ណ បើកបរ​យានយន្ត​នៅ​ខេត្តសៀមរាប បាន​ឲ្យ​ដឹង​ថា ចាប់ពី​រាជរដ្ឋាភិបាល បាន​ធ្វើការ​រឹត​បន្តឹង​ក្នុង​ការ​អនុវត្តន៍​អនុក្រឹត្យ​ថ្មី ស្តី​ពី​ច្បាប់​ចរាចរណ៍​ផ្លូវគោក ឃើញ​ថា​មាន​បងប្អូន​ជា​អ្នក​ប្រើប្រាស់​យាន យន្ត​គ្រប់​ប្រភេទ បាន​ចូល​មក​ទទួល​សេវា​ធ្វើការ​ប្រឡង​យក​ប័ណ្ណបើកបរ ទៅ​តាម​ប្រភេទ​មានការ​កើនឡើង ជាង​ពី​ពេល​មុន​ការ​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍ ។

លោក​បាន​បន្ត​ទៀត​ថា ក្នុង​រយៈពេល​២​ស​ប្តា​ហ៍​មកនេះ បងប្អូន​ដែល​ចូល​មក ទទួល​សេវា​ផ្នែក​ប័ណ្ណ​បើកបរ​យានយន្ត​គ្រប់​ប្រភេទ ប្រមាណ​ជាង​២​ពាន់​នាក់ ។ ក្នុង​ការ ប្រឡង​យក​ប័ណ្ណបើកបរ​នេះ ភាគ​ច្រើន​បងប្អូន​អ្នក​ប្រើប្រាស់​ម៉ូតូ​ដែល​មាន​កម្លាំង​លើស​ពី​១២៥​សេ​សេ និង អ្នក​បើក​រ៉ឺ​ម៉ក់​កង់​បី អ្នក​ប្រើ​ប្រាស់​រថយន្ត​ប្រភេទ (​ខ​) រថយន្ត​ទេ​ចរណ៍ ហើយ​រថយន្ត​ប្រភេទ​ធំ​ៗ មាន​ចំនួន​តិច ។ ក្នុង​នោះ​ដែរ​លោក​ក៏​បាន​អំពាវ​ដល់​បងប្អូន​អ្នក​ប្រើប្រាស់​ផ្លូវ​ទាំងអស់ នៅ​ពេល​បើកបរ​ត្រូវ​គោរព​ច្បាប់​ចរាចរណ៍​ឲ្យ បានជា​ប្រចាំ ដើម្បី​សុវត្ថិភាព​ក្នុង​ការ​បើកបរ និង ត្រូវ​មាន​ប័ណ្ណបើកបរ ,​ប័ណ្ណ​សម្គាល់​យានយន្ត និង ធ្វើ​អាជីវកម្ម​នៅ​ជាប់​នឹង​ខ្លួន​ជា​និច្ច ។

តាម​ការ​រឹត​បន្តឹង​ការ​អនុវត្តន៍​អនុក្រឹត្យ​ថ្មី ស្តី​ពី​ច្បាប់​ចរាចរណ៍​ផ្លូវគោក លោក ខៀវ ប្រសើរ អនុប្រធាន​មន្ទីរ​សាធារណការ និង ដឹក​ជញ្ជូន​ខេត្ត បាន​ឲ្យ​ដឹងផង​ដែរ​ថា ចំពោះ​សកម្មភាព​ក្នុង​ការ​ចុះបញ្ជី​យានយន្ត និង ផ្តល់​ប័ណ្ណ បើកបរ​យានយន្ត​ផ្លូវគោក ចាប់ពី​ថ្ងៃ​ទី​១​ឧសភា ដល់ទី​១១​ឧសភា​នេះ បាន​អនុវត្ត​ចុះបញ្ជី​ម៉ូតូ​ថ្មី បាន​២៥៩​គ្រឿង ចុះបញ្ជី​រថយន្ត​ថ្មី ៩៥​គ្រឿង , ផ្នែក​ត្រួត ពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត (​ឆៀក​)​សរុប ៣​ពាន់​១៥០​គ្រឿង , រថយន្ត​ធ្វើ​អាជីវកម្ម ៦៨៨​គ្រឿង , ប្រឡង​បើកបរ​រថយន្ត​ធំ មានចំនួន​៩៥៤​នាក់ , ប្រឡង​បើកបរ​រថយន្ត​តូច ១​ពាន់​៨១០ នាក់ ,​ប្រឡង​យក​ប័ណ្ណបើកបរ​ម៉ូតូ ៤៧៣​នាក់ , ប្តូរ​ប័ណ្ណបើកបរ ៧០០ ប័ណ្ណ ,​ទុតិយតា​ប័ណ្ណបើកបរ ១២៩ ប័ណ្ណ ,​ទុតិយតា​ប័ណ្ណ​.​ផ្លា​ក​ម៉ូតូ ១២ , ផ្ទេរ​ប័ណ្ណ​.​ផ្លា​ក​ម៉ូតូ ០៤​គ្រឿង ,​ប្តូរ​ប័ណ្ណ​.​ផ្លា​ក​ម៉ូតូ ៣​គ្រឿង ទុតិយតា​ប័ណ្ណ​.​ផ្លា​ក​រថយន្ត​ចំនួន​១៣ប័ណ្ណ , ផ្ទេរ​ប័ណ្ណ​.​ផ្លា​ក​រថយន្ត ២៦​គ្រឿង និង ប្តូរ​ប័ណ្ណ​.​ផ្លា​ក​រថយន្ត ចំនួន​០៣ គ្រឿង​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ