ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ដាំ​ដំណាំ​ត្រសក់​រីកថ្លើម​ប្រ​ម៉ាត់​ ​​ពេល​​តំលៃ​ឡើង​ខ្ពស់​​​មិន​ធ្លាប់​​មាននោះ

3 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​៖ «តម្លៃត្រសក់​ពេល​នេះ ​ឡើង​ដល់១,៨០០​រៀល ទៅ១,៩០០​រៀលក្នុង​១​គីឡូក្រាម ហើយ​ដំណាំ​ត្រសក់​ខ្ញុំ​ ដែល​ដាំ​លើ​ផ្ទៃដី​សរុប​ជិត​៤​ហិកតា ក៏​នឹង​ត្រៀម​ប្រមូល​ផល​បណ្ដើរ​ៗនា​ប៉ុន្មាន​ថ្ងៃ​ខាង​មុន​នេះ ហើយ​ក៏​មាន​ម៉ូយ​ធំ​ៗ​កុម្ម៉ង់​ទិញ​ទុក​មុន​អស់ហើយ​ដែរ​»​។ នេះ​ជា​ការ​លើក​ឡើង​របស់​ម្ចាស់​ចំការ​ម្នាក់ ទាំង​ទឹកមុខ​ញញឹម​ពព្រាយ…

ខេត្តបាត់ដំបង​៖ «តម្លៃត្រសក់​ពេល​នេះ ​ឡើង​ដល់១,៨០០​រៀល ទៅ១,៩០០​រៀលក្នុង​១​គីឡូក្រាម ហើយ​ដំណាំ​ត្រសក់​ខ្ញុំ​ ដែល​ដាំ​លើ​ផ្ទៃដី​សរុប​ជិត​៤​ហិកតា ក៏​នឹង​ត្រៀម​ប្រមូល​ផល​បណ្ដើរ​ៗនា​ប៉ុន្មាន​ថ្ងៃ​ខាង​មុន​នេះ ហើយ​ក៏​មាន​ម៉ូយ​ធំ​ៗ​កុម្ម៉ង់​ទិញ​ទុក​មុន​អស់ហើយ​ដែរ​»​។ នេះ​ជា​ការ​លើក​ឡើង​របស់​ម្ចាស់​ចំការ​ម្នាក់ ទាំង​ទឹកមុខ​ញញឹម​ពព្រាយ លាយឡំ​នឹង​កាយវិការ ដែល​បង្ហាញ​ថា គាត់​កំពុង​សប្បាយ​ចិត្តខ្លាំង​បំផុត ជាមួយនឹង​តំលៃ​កសិផល​ដែល​ឡើង​ខ្ពស់​មិន​ធ្លាប់​មាន​ពី​មុន​មក​។

ចាត់​ទុក​ថា ជា​កសិករ​មួយ​រូប ​ដែល​មាន​ម​ហិ​ច្ឆិ​តា​ខ្ពស់​បំផុត ក្នុង​ការ​ស្ទុះស្ទារ​ច្បាម​ដាំ​ដំណាំ​ត្រសក់​នៅ​លើ​ផ្ទៃដី​រហូត​ដល់​ទៅ​ជិត​៤​ហិក​តា បន្ទាប់​ពី​បាន​ជ្រាបអំពី​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល ដែល​បាន​អំពាវនាវ​ថ្មី​ៗ ដល់​អាជ្ញាធរ ឬមន្ត្រី​ជំនាញ ឲ្យ​ជួយ​ជម្រុញ និង លើកទឹកចិត្ត​ដល់​ប្រជា​កសិករ​ឲ្យ​ងាក​ទៅ​ដាំ​ដំណាំ​កសិកម្ម​គ្រប់មុខ (បន្លែ) ដើម្បី​បំពេញ​តាម​តម្រូវការ​ទីផ្សារ​ក្នុង​ប្រទេស ខណៈ​បន្លែបង្ការ​គ្រប់​ប្រភេទ ដែល​នាំ​ចូល​ពី​ប្រទេស​ជិតខាង ត្រូវ​បាន​ផ្អាក​មួយ​រយៈ​សិន​។

លោក​សិន ឈឿ​ត ជា​កសិករ​រស់នៅ​ភូមិ​ត្រស់ ឃុំ​អូរ​តា​គី ស្រុក​ថ្មគោល តែ​លោក​និង​កូន​ៗ​ចំនួន​៣​គ្រួសារ​ទៀត បាន​មូលមតិ​គ្នា​ជួល​ដី​កសិកម្ម​មួយ​កន្លែង​នៅ​ឯ​ជាយក្រុង ដែល​មាន​ទំហំ​ជិត​៤​ហិក​តា ស្ថិត​ក្នុងភូមិ​ចំការ​សំរោង​១ សង្កាត់​ចំការ​សំរោង ក្រុង​បាត់ដំបង ដើម្បី​ដាំ​ដំណាំ​«​ត្រសក់​»​។ កសិករ​ដែល​មាន​វ័យ​៦៥​ឆ្នាំ រូប​នេះ​បាន​ផ្ដល់​បទ​សម្ភាស​ន៍​ខ្លី​មួយ ជាមួយ​កោះសន្តិភាព កាលពី​ល្ងាច​ថ្ងៃ​ទី​១០ ឧសភា ពេល​គាត់​កំពុង​បូមទឹក​ស្រោច​ដំណាំ​ត្រសក់​របស់​គាត់​ដែល​លាតសន្ធឹង​ដាច់​កន្ទុយភ្នែក​។

លោក​បាន​និយាយ​ដូច្នេះ​ថា «​បច្ចុប្បន្ន ផ្លែ​ត្រសក់​មាន​តំលៃ​ថ្លៃ​គួរសម​.! ពេល​នេះ​ត្រសក់​ខ្ញុំ មាន​ម៉ូយ​ធំ​ៗ​មក​កុម្ម៉ង់​ទិញ​ទុក​មុន​អស់ហើយ បើ​ទោះជា​មិន​ទាន់​ដល់​ថ្ងៃ​បេះ​ក្ដី ក្នុង​តំលៃ​១​គីឡូក្រាម​ពី ១,៨០០​រៀល ទៅ ១,៩០០​រៀល​។ ប៉ុន្តែ​ខ្ញុំ​នឹង​ចាប់ផ្ដើម​បេះ​លក់​បណ្ដើរ​ៗ នា​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ ព្រោះ​កន្លែង​ខ្លះ​ខ្ញុំ​អាច​បេះ​បាន​ហើយ​»​។

ចំការ​ត្រសក់​របស់​លោក​សិន ឈឿ​ត មាន​ផ្ទៃដី​ជិត​៤​ហិច​តា បែងចែក​ជា​២​ទីតាំង និង​លាតសន្ធឹង​ល្វឹង​ល្វើយ ជាមួយនឹង​ការ​រៀបចំ​យ៉ាង​មាន​របៀប​តាម​លក្ខណៈ​បច្ចេកទេស ដែល​មើលទៅ​ហាក់ដូចជា​សួន​ច្បារ​ដ៏​គួរ​ឲ្យ​ចាប់​អារ​ម្ម​ណ៍​បំផុត​។ គេ​ឃើញ​ទីតាំង​ខ្លះ​ ទើបនឹង​ចាប់ផ្ដើម​ដាំ ទីតាំង​ខ្លះ​ដើម​ត្រសក់​ទើប​លូតលាស់​ផុត​ពី​ដី​បន្តិច រីឯ​កន្លែង​ខ្លះ​ទៀត​មាន​ផ្កា​ផ្លែ ដែល​ម្ចាស់​ត្រៀម​ប្រមូល​ផល​ខាង​មុខ​នេះ​។ តាម​លក្ខណៈ​បែប​នេះ ម្ចាស់​ចំការ​នឹង​អាច​ប្រមូល​ផល​ត្រសក់​នេះ​លក់​ជា​បន្តបន្ទាប់​។

នៅ​ក្នុង​ដីចំការ​ដ៏​ល្វឹងល្វើយ លោក សិន ឈឿ​ត បាន​និយាយ​ទាំង​ទឹកមុខ​ញញឹម​មិន​ដាច់​ថា ដី​កសិកម្ម​ជិត​៤​ហិច​តា​នេះ មាន​២​កន្លែង​នៅ​ក្បែរ​គ្នា​។ ដី​នេះ​លោក​បាន​ជួល​គេ​ក្នុង​តំលៃ​៤០០​ដុល្លា ក្នុង​១​ហិច​តា និង​បាន​កុងត្រា​រយៈពេល​១​ឆ្នាំ ដើម្បី​ដាំ​ដំណាំ​ត្រសក់​។ គាត់​បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា «​ដំណាំ​ត្រសក់​ដែល​ដាំ​លើ​ផ្ទៃដី​ល្វឹងល្វើយ​នេះ មិនមែន​ខ្ញុំ​ធ្វើ​ម្នាក់ឯង​ទេ គឺ មាន​ចំនួន​៤​គ្រួសារ តែ​សុទ្ធ​សឹង​ជា​កូនចៅ​ខ្ញុំ​ទាំងអស់​»​។

លោក​ឈឿ​ត បាន​ប្រាប់​បន្ថែម​ថា « រាល់​ឆ្នាំ​ខ្ញុំ​មិន​ដែល​ធ្វើ​លើ​ទំហំ​ដី​ដ៏​ធំ​បែប​នេះ​ទេ តែ​ឆ្នាំ​នេះ​ខ្ញុំ​ប្រមូល​កូនចៅ​ធ្វើ​ជុំ​គ្នា​។ ព្រោះ​ឃើញ​ព័​ត៏​មាន​គេ​ផ្សព្វផ្សាយ​អំពី​ប្រសា​ស​ន៏​សម្ដេច​ហ៊ុន សែន ប្រកាស​ផ្អាក​ការ​នាំ​ចូល​បន្លែ​ពី​ប្រទេស​ជិតខាង ហើយ​ជម្រុញ​ឲ្យ​កសិករ​សម្រុក​ដាំ​បន្លែ ដើម្បី​លក់​ក្នុងស្រុក​វិញ ទើប​ខ្ញុំ​សម្រេច​ខ្ចីបុល​ប្រាក់​គេ ដើម្បី​ធ្វើ​ទុន​ពង្រីក​ដី​ដាំ​ដំណាំ​នេះ​តែ​ម្ដង​»​។

សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ប្រទេស​កម្ពុជា បាន​មាន​ប្រសា​ស​កាលពី​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ ដោយ​បាន​អំពាវនាវ​ដល់​ក្រសួង​ពាក់ព័ន្ធ និង អាជ្ញាធរ​ដែនដី ត្រូវ​ជម្រុញ និង លើកទឹកចិត្ត​ដល់​ប្រជាពល​រដ្ឋ​ឲ្យ​បង្កើន​ការ​ដាំ​ដុះ​នូវ​បន្លែ​គ្រប់មុខ ដើម្បី​តម្រូវការ​លើ​ទីផ្សារ​ក្នុង​ប្រទេស ខណៈ​តាម​បណ្ដា​ច្រក​ទ្វារ​ព្រំដែន ត្រូវ​បាន​សម្ដេច​ប្រកាស​ឲ្យ​ផ្អាក​នាំ​ចូល​បន្លែបង្ការ ពី​ប្រទេស​ជិតខាង​ជា​បណ្ដោះអាសន្ន ស្រប​ពេល​មានការ​ផ្ទុះ​ឡើង​នូវ​ជំងឺ​«​កូ​វី​ដ ១៩» ថ្មី ដែល​បាន​រីក​រាលដាល​ស្ទើរ​ពាសពេញ​ពិភពលោក រាប់​ទាំង​ប្រទេស​កម្ពុជា​ផង​។

ជុំវិញ​ការ​អំពាវនាវ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា នេះ គេ​បាន​សង្កេត​ឃើញ​ថា ប្រជា​កសិករ​មួយ​ចំនួន​ដែល​និយម​ដាំ​ដំណាំ​កសិកម្ម ហាក់​បាន​ប្រឹងប្រែង​យ៉ាង​ខ្លាំង ក្នុង​ការ​ដាំ​ដុះ រីឯ​តំលៃ​កសិផល​ខ្លះ (​បន្លែ​) ក៏​ហាក់​មាន​ទីផ្សារ​គ្រាន់បើ​ដែរ​។ មន្ត្រី​កសិកម្ម​ម្នាក់​បាន​និយាយ​ថា ពេល​នេះ ប្រជា​កសិករ​បាន​ស្ទុះស្ទារ​ដាំ​ដំណាំ​ស្ទើរ​គ្រប់កន្លែង ដែល​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​គោល​ការ​របស់​រដ្ឋាភិបាល តែ​ពួក​គាត់​ហាក់​ជួប​ផលវិបាក​បន្តិច គឺ ខ្វះខាត​ទឹក​ស្រោច​ស្រប​ដំណាំ ប៉ុន្តែ​យ៉ាងណា​ពួក​គាត់​នៅ​តែ​ព្យាយាម​។

ដោយឡែក​សម្រាប់ លោក សិន ឈឿ​ត វិញ គាត់​បាន​ប្រាប់​ថា ឆ្នាំ​នេះ​គ្រួសារ​កូនចៅ​របស់​គាត់​បាន​ចំណាយ​ទុន​ច្រើន​គួរសម​ទៅ​លើ​ដំណាំ​ត្រសក់​នេះ​។ គាត់​និយាយ​ទៀត​ថា ដំបូងដៃ​នេះ គាត់​ត្រូវ​ចំណាយ​ប្រាក់​ប្រហែល​៣,០០០​ដុល្លា ទៅ​លើ​ផ្ទៃដី​ក្នុង​១​ហិច​តា ដោយ​គិត​ចាប់ពី​ថ្ងៃ​ដាំ រហូត​ដល់​ថ្ងៃ​ប្រមូល​ផល​។ ប៉ុន្តែ​ជាមួយនឹង​ខ្ទង់ចំណាយ​ដ៏​សម្បើម​នេះ កសិករ​ដែល​មាន​ប្រវត្តិ​ដាំ​បន្លែ​ជាង​៥​ឆ្នាំ រូប​នេះ​ក៏​មិន​ស្ទាក់​ស្ទើរនឹង​ការ​បង្ហាញ​ពី​ផល​ចំណេញ​ដែរ​។

លោក​សិន ឈឿ​ត បាន​និយាយ​អំពី​ទិន្នផល​ដែល​ប្រមូល​បាន ដោយ​យោង​ទៅ​លើ​បទ​ពិសោធ​ន៏​កន្លង​មក​យ៉ាង​ដូច្នេះ​ថា «​ដំណាំ​ត្រសក់​លើ​ផ្ទៃដី​១​ហិច​តា អាច​ប្រមូល​ផល​បាន​ចន្លោះ​ពី​៣០​តោន​ទៅ​៤០​តោន ហើយ​បើ​ពិនិត្យ​លើ​ដំណាំ​ត្រសក់​ខ្ញុំ ពេល​នេះ​គឺ​ល្អ​គួរសម​ដែរ​។ ដូច្នេះ​ខ្ញុំ​រំពឹង​ថា អាច​នឹង​ទ​ទូល​បាន​ទិន្នផល​ប្រហាក់ប្រហែល​គ្នា​»​។ នៅ​ពេល​សួរ​ថា បើ​ប្រមូល​ទិន្នផល​បាន​ច្រើន​ម្លឹ​ង​ៗ ហើយ​ពេល​នេះ​ត្រសក់​មាន​តំលៃ​ខ្ពស់​ទៀត តើ​អាច​ចំណេញ​ច្រើន​ទេ ពេល​ទូទាត់​ថ្លៃ​ចំណាយ​រួច ? គាត់​សើច​យ៉ាង​កក្អឹក​.. ហើយ​ងក់ក្បាល​បន្តិច ទើប​ងើបមុខ​ឆ្លើយ​ទាំង​ញញឹម​ញ​ញេ​ម​ថា « បើ​លក់​បាន​ក្នុង​តំលៃ​ដូច​ខាងលើ​នេះ មែន​គឺ ខ្ញុំ​អាច​ទ​ទូល​បាន​ប្រាក់​ចំណេញ​ជាង​ពាក់កណ្ដាល​»​។

ប៉ុន្តែ​យ៉ាងណា លោក សិន ឈឿ​ត ហាក់​បាន​បង្ហាញ​ពី​ការ​គាំទ្រ​ពេញទំហឹង ចំពោះ​គោលនយោបាយ​របស់​សម្ដេច ហ៊ុន​សែន ដែល​បាន​ប្រកាស​ផ្អាក​ការ​នាំ​ចូល​បន្លែ​នានា ពី​ប្រទេស​ជិតខាង​ជា​បណ្ដោះអាសន្ន​នេះ ដើម្បី​ទុក​លទ្ធិ​ភាព​ឲ្យ​ផលិតផល​ក្នុងស្រុក​មាន​ទីផ្សារ​ល្អ​។ ព្រោះ​គាត់​មាន​ជំនឿ​ថា បច្ចុប្បន្ន​នេះ​កសិករ​ខ្មែរ​ក៏​មាន​បច្ចេកទេស​ដាំ​ដុះ​ដំណាំ​គ្រប់មុខ​បាន​ល្អ​ប្រសើរ និង មានគុណ​ភាពល្អ​ទៀត​ផង មិន​ចាញ់​បន្លែ​នាំ​ចូល​ពី​បរទេស​ឡើយ​៕

អត្ថបទសរសេរ ដោយ