ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រឹម​១សប្តាហ៍ គ្រោះថ្នាក់​​ថយ​ចុះ​៥៤​% ក្រោយរឹតបន្តឹងច្បាប់ចរាចរណ៍​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អគ្គស្នងការ​រង​នគរបាល​ជាតិ ​លោក​​នាយ​ឧត្តមសេនីយ៍ ហ៊ឹ​ម យ៉ា​ន បាន​លើក​ឡើង​ថា ៖ ១​ស​ប្តា​ហ៍​នៃ​ការ​រឹត​បន្តឹង​ការ​អនុវត្តន៍​ចរាចរណ៍​ផ្លូវគោក​កន្លង​មកនេះ ស្ថានភាព​ចរាចរណ៍​មាន​ភាពល្អ​ប្រសើរ​ជាង​មុន…

រាជធានី​ភ្នំពេញ ៖ អគ្គស្នងការ​រង​នគរបាល​ជាតិ ​លោក​​នាយ​ឧត្តមសេនីយ៍ ហ៊ឹ​ម យ៉ា​ន បាន​លើក​ឡើង​ថា ៖ ១​ស​ប្តា​ហ៍​នៃ​ការ​រឹត​បន្តឹង​ការ​អនុវត្តន៍​ចរាចរណ៍​ផ្លូវគោក​កន្លង​មកនេះ ស្ថានភាព​ចរាចរណ៍​មាន​ភាពល្អ​ប្រសើរ​ជាង​មុន ដោយសារ​បងប្អូន​ប្រជាពលរដ្ឋ​យ៉ាងច្រើន​លើសលប់​បាន​ចូលរួម​គោរព​ច្បាប់​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក និង​គាំទ្រ​ការ​រឹត​បន្តឹង​ការ​អនុវត្ត​ច្បាប់ ។ នេះ​ជា​ការ​ប្រសាសន៍​របស់ នាយ​ឧត្តមសេនីយ៍ ហ៊ឹ​ម យ៉ា​ន ក្នុង​សន្និសីទ​សារព័ត៌មាន​ស្តី​ពី​កា​រឹត​បន្តឹង​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក កាល​ថ្ងៃ​ទី​៩ ខែឧសភា ឆ្នាំ​២០២០​នេះ នៅ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​។

នាយ​ឧត្តមសេនីយ៍ ហុ​ឹ​ម យ៉ា​ន អគ្គស្នងការ​រង​នគរបាល​ជាតិ បាន​បញ្ជាក់​ថា ៖ ក្នុង​រយៈពេល ១​ស​ប្តា​ហ៍​កន្លង​ទៅ សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ផ្លូវគោក បាន​ត្រួតពិនិត្យ​ឃើញ​នូវ​បទល្មើស និង​ធ្វើការ​ពិន័យ​ចំពោះ​យានយន្ត​ល្មើសច្បាប់​សរុប​ចំនួន ១៣,៩៦៨​ករណី ក្នុង​នោះ​មាន​ទោចក្រយានយន្ត និង​ត្រីចក្រយានយន្ត​ចំនួន ១០,៨១៥​ករណី ស្មើនឹង​៧៧% និង​រថយន្ត​គ្រប់​ប្រភេទ​ចំនួន ៣,១៥៣​ករណី ស្មើនឹង​២៣%​។

ជាមួយ​គ្នា​នេះ ស្ថានភាព​ចរាចរណ៍​មាន​ភាពល្អ​ប្រសើរ​ជាង​មុន ដោយ​គ្រោះថ្នាក់​ចរាចរណ៍​បាន​កើតឡើង​ចំនួន ៤៣/៩៥​លើក ថយ​៥២​លើក ស្មើ​៥៤% ស្លាប់ ២៤/៤០​នាក់ ថយ​១៦​នាក់ ស្មើ​៤០% របួស ៥៦/១១៥​នាក់ ថយ ៥៩​នាក់ ស្មើ​៥១,៣០% ប្រៀបធៀប​រយៈពេល​ដូច​គ្នា នៃ​ខែឧសភា ឆ្នាំ​២០១៩​។

ចំ​ណុច​កត់សម្គាល់​នោះ​គឺ អ្នក​ប្រើប្រាស់​ផ្លូវ​ច្រើន​លើសលប់​នៅ​ទូ​ទាំង​ប្រទេស​បាន​ចូលរួម​អនុវត្តន៍​ច្បាប់​ស្តី​ពី​ចរាចរណ៍​ផ្លូវគោក​យ៉ាង​ផុលផុស ដែល​បាន​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ អំពី​ការ​គោរព​ច្បាប់ និង​ជា​ប្រភព​លើកទឹកចិត្ត ដល់​កងកម្លាំង​អនុវត្តន៍​ច្បាប់ មាន​ស្មារតី​បន្ត​អនុវត្តន៍​ភារកិច្ច កាន់តែ​សកម្ម​ខ្លាំងក្លារ​ជាង​មុន​។ ហើយ​នគរបាល​ចរាចរណ៍​បាន​កំណត់​យក​បទល្មើស​អាទិភាព​តែ​១៦​ប៉ុណ្ណោះ ដើម្បី​មក​អនុវត្ត ក្នុង​នោះ​មាន​បទល្មើស​ម៉ូតូ​ចំនួន​៧ និង​បទល្មើស​បើកបរ​រថយន្ត​ចំនួន​៩​។

បទល្មើស​ម៉ូតូ​ចំនួន​៧ ដែល​នឹង​អនុវត្ត​រួម​មាន​៖ ទី​១-មិន​ពាក់មួក​សុវត្ថិភាព​, ទី​២-ស្រវឹង​, ទី​៣-មិន​គោរព​ភ្លើង និង​ស្លាក​សញ្ញា​, ទី​៤-ល្មើស​ការ​បត់ និង​វ៉ា​ជែង​, ទី​៥-ដឹក​លើ​ចំណុះ​, ទី​៦៖ គ្មាន​ស្លាក​លេខ និង​ទី​៧- ប្រើប្រាស់​ទូរស័ព្ទ​ដោយ​គ្មាន​កាស​។ ដោយឡែក​បទល្មើស​រថយន្ត​ទាំង​៩ រួម​មាន​៖ ទី​១-ល្បឿន​, ទី​២-ស្រវឹង​, ទី​៣-គ្មាន​បណ្ណ​បើកបរ​, ទី​៤-មិន​គោរព​ភ្លើង​សញ្ញា​, ទី​៥-ល្មើស​ក្នុង​ការ​បទ និង​វ៉ា​ជែង​, ទី​៦-មិន​ពាក់​ខ្សែ​ក្រ​វ៉ា​ត់​, ទី​៧-ដឹក​លើស​ចំណុះ​, ទី​៨-គ្មាន​ស្លាក​លេខ និង​ទី​៩-និយាយ​ទូរស័ព្ទ​ដោយ​គ្មាន​ឧក​រណ៍​ភ្ជាប់​សំឡេង​។ ឆ្លៀត​ក្នុង​ឱកាស​នេះ អគ្គស្នងការ​រង ក៏​បាន​ថ្លែងអំណរគុណ និង​កោតសរសើរ​ដល់​សាធារណជន​គ្រប់​រូប ដែល​បាន​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍ ធ្វើ​ឲ្យ​អា​ត្រា​គ្រោះថ្នាក់​មានការ​ថយ​ចុះ​គួរ​ឲ្យ​កត់សម្គាល់​។

ជាមួយនឹង​ការ​ថ្លែង​អំ​គុណ និង​កោតសរសើរ នាយ​ឧត្តមសេនីយ៍​ក៏​បាន​បញ្ជាក់​ជូន​សាធារណជន​ដែរ​ថា កងកម្លាំង​អនុវត្តន៍​ច្បាប់​ស្តី​ពី​ចរាចរណ៍​ផ្លូវគោក​នឹង​បន្ត​ការ​រឹត​បន្តឹង​អនុវត្ត​ច្បាប់​ស្តី​ពី​ចរាចរណ៍​ផ្លូវគោក​ប្រកប​ទៅ​ដោយ​ភាព​ម៉ឺងម៉ាត់ និង​សិ​ល​ធម៌​វិជ្ជាជីវៈ​បន្ត​ទៀត​។ ដូចនេះ ដើម្បី​បន្ត​ពង្រឹង​ការ​អនុវត្ត​ច្បាប់ និង​លើកកម្ពស់​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក គណកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក (​គ​.​ស​.​ច​.​គ​) សូម​អំពាវនាវ​យ៉ាង​ទទូច​ដល់​សាធារណជន​គ្រប់​រូប​ដែ​ើ​ប្រើប្រាស់​យានយន្ត សូម​យកចិត្តទុកដាក់​ទៅ​ធ្វើ​បណ្ណ​បើកបរ យក​យានយន្ត​ទៅ​ធ្វើការ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស និង​បំពេញ​កាតព្វកិច្ច​ផ្សេង​ទៀត​ដែល​ច្បាប់​បាន​កំណត ប្រកបដោយ​ស្មារតី​ភ្ញាក់រលឹក​ខ្ពស់​។

ពាក់ព័ន្ធ​នឹង​ការ​រឹង​បន្តឹង​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវ​នេះ​ដែរ នាយ​ឧត្តមសេនីយ៍ អគ្គស្នងការ​រង​នគរបាល​ជាតិ បាន​បញ្ជាក់​ទៀត​ថា ចំពោះ​កងកម្លាំង​នគរបាល​ចរាចរណ៍​រូប​ណា ដែល​ប្រព្រឹត្ត ឬ​អនុវត្តន៍​ច្បាប់ ខុស​ពី​ក្រមសីលធម៌​វិជ្ជាជីវៈ ក្នុង​ពេល​បំពេញភារកិច្ច​របស់​ខ្លួន អគ្គស្នងការ​នគរបាល​ជាតិ នឹង​ដាក់​ពិន័យ​ទៅ​តាម​ច្បាប់​កងកម្លាំង ឬ​ចាត់វិធានការ​តាម​ផ្លូវច្បាប់ ព្រោះថា​ច្បាប់​ចរាចរណ៍​ក៏​មាន​ចែង​ច្បាស់ ប្រសិនបើ​នគរបាល​ចរាចរណ៍​ណា​ប្រព្រឹត្ត​ខុសឆ្គង ក្នុង​ការ​បំពេញភារកិច្ច គឺ​ត្រូវ​ទទួលទោស​តាម​ច្បាប់​ជា​ធរមាន​។ ហើយ​ដើម្បី​ឆ្លើយ​តប​ព័ត៌មាន ក៏​ដូច​ជា​ច​ម្ង​ល់​របស់​ប្រជាពលរដ្ឋ ពាក់ព័ន្ធ​នឹង​ការ​រឹត​បន្តឹង​ការ​អនុវត្តន៍​ច្បាប់​ចរាចរណ៍​ផ្លូវគោក អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ បាន​រៀបចំ​ប្រព័ន្ធ​ព័ត៌មាន​ទាន់​ហេតុការណ៍ ១១៧ (Hotline 117) ដែល​មាន​មន្ត្រី​ជំនាញ​ប្រចាំការ ២៤​ម៉ោង លើ ២៤​ម៉ោង​។

ឯកឧត្តម បញ្ជាក់​ទៀត​ថា រយៈពេល​៤​ថ្ងៃ ដែល​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ បើក​ឲ្យ​ប្រើ​ប្រព័ន្ធ Hotline 117 ពាក់ព័ន្ធ​នឹង​ការ​រឹត​បន្តឹង​ការ​អនុវត្តន៍​ច្បាប់​ចរាចរណ៍​ផ្លូវគោក មាន​ប្រជា​ពលរ​ដ្ឋា​ទាក់ទង​មក​ចំនួន ២៣០​ករណី ហើយ​រាល់​ករណី​ទាំង​អស់នេះ មន្ត្រី​ជំនាញ​បាន​ឆ្លើយ​តប​បំភ្លឺ​វិញ​ទាំងអស់ ករណី​ដែល​ប្រជាពលរដ្ឋ​ទាក់ទង​មក​មាន​ដូច​ជា​៖ ១-​ការ​ធ្វើ​ប័ណ្ណ​បើកបរ​, ២-​ការ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​, ៣-​ការ​ធ្វើ​បណ្ណ​សម្គាល់​យានយន្ត​។

ជាមួយ​គ្នា​នោះ​ដែរ អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ នៅ​ថ្ងៃ​ទី​៩ ខែ ឧសភា ឆ្នាំ​២០២០​នេះ សូម​ធ្វើការ​បដិសេធ​ទាំងស្រុង ចំពោះ​ការ​ចុះ​ផ្សាយ​ព័ត៌មាន​ក្នុង​បណ្តា​ណ​សង្គម ដែល​បាន​សរសេរ​ថា នគរបាល​ចរាចរណ៍​នឹង​ផ្អាក​ការ​ត្រួត​ពិ​និ ឯកសារ​យានយន្ត​។ អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ សូម​បញ្ជាក់​ថា ព័ត៌មាន នេះ គឺជា​ព័ត៌មាន​មិន​ពិត និង​បំ​ភ្លើ​ស ដែល​បាន​យក ព័ត៌មាន​ចាស់​យក​មក​ផ្សព្វផ្សាយ ពាក់ព័ន្ធ​នឹង​នគរបាល ​ព័ត៌មាន​នេះ តាំងពី​ខែមករា ឆ្នាំ​២០១៦ មក​ម្លេះ​។

ដោយឡែក​ព័ត៌មាន​ដែល​សរសេរ​ថា អគ្គស្នងការ​នគរបាល​ជាតិ​ប្រកាស លើក​ពេល​ផាកពិន័យ​ឡាន​ម៉ូតូ ដែល​គ្មាន​បណ្ណ​បើកបរ ក៏​ជា​ព័ត៌មាន​ចាស់ តាំ​ពី​ឆ្នាំ​២០១៥​។ ដែល​ព័ត៌មាន​ទាំងនេះ នាំ​អោយ​មានកា​រ​យល់​ច្រឡំ​ចំពោះ​ការ​រឹត​បន្ដឹង​ការ​អនុវត្ត​ច្បាប់​ស្តី​ពី ចរាចរណ៍​ផ្លូវគោក នៅ​ថ្ងៃ​ទី​១ ខែឧសភា ឆ្នាំ​២០២០​នេះ​៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ