ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​អា​មេ​រិ​ក CDC ត្រូវ​នៅ​ដាច់​ដោយឡែក​២​ស​ប្តា​ហ៍

3 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ អ្នកនាំពាក្យ​របស់​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​អា​មេ​រិ​ក CDC បាន​ប្រាប់​មក CNN ថា លោក Robert Redfield…

សហរដ្ឋអាមេរិក ៖ អ្នកនាំពាក្យ​របស់​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​អា​មេ​រិ​ក CDC បាន​ប្រាប់​មក CNN ថា លោក Robert Redfield ដែល​ជានា​យក​នៃ​នាយកដ្ឋាន​នេះ នឹង​ត្រូវ​បំពេញការងារ​ពី​ផ្ទះ​ក្នុង​កំឡុង​ពេល​២​ស​ប្តា​ហ៍​ខាង​មុខ​នេះ ក្រោយ​ពី​បាន​ប៉ះពាល់​ជាមួយនឹង​មនុស្ស​ដែល​នៅ​សេត​វិមាន ដែល​ទើបតែ​រក​ឃើញ​ថា​មាន​ជំងឺ​កូ​វី​ដ​១៩​។

ទូរទស្សន៍​ស៊ី​អ៊ិ​ន​អ៊ិ​ន​បាន​ទៅ​ដល់ CDC ដើម្បី​សុំ​ការ​អត្ថាធិប្បាយ​។ អ្នកនាំពាក្យ​បាន​ប្រាប់​ថា​៖ «​លោកនាយក Redfield បាន​ប៉ះពាល់​ក្នុង​កម្រិត​ប្រឈម​ទាប កាលពី​ថ្ងៃ​ទី​៦ ខែឧសភា ជាមួយនឹង​មនុស្ស​ម្នាក់​នៅ​សេត​វិមាន White House ដែល​មាន​ផ្ទុក​កូ​វី​ដ​១៩​។ លោក​មាន​សុខភាព​ធម្មតា​ទេ​នៅ​ពេល​នេះ ហើយ​ក៏​មិន​មាន​រោគ​សញ្ញា​ដែរ​»​។

ការ​សម្រេចចិត្ត​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​រដ្ឋបាល​ចំណីអាហារ និង​ឪ​ស​ថ (FDA) ប្រកាស​ថា នាយក​របស់​ខ្លួន គឺ​លោក Stephen Hahn គ្រោង​នឹង​នៅ​ដាច់​ដោយឡែក បន្ទាប់​ពី​បាន​ទាក់ទង​ជាមួយនឹង​មនុស្ស​ដែល​ត្រូវ​បាន​គេ​ធ្វើតេស្ត​រក​ឃើញ​ថា មាន​ជំងឺ​កូ​វី​ដ​១៩​។

ទីភ្នាក់ងារ​ទាំង​ពីរ​មិន​បាន​ប្រាប់​ឈ្មោះ​មនុស្ស ឬ​មនុស្ស​ដែល​លោក Redfield និង​លោក Hahn បាន​ទាក់ទង​នោះ​ទេ​។ លោក​ទាំង​ពីរ គឺជា​សមាជិក​នៃ​ក្រុមការងារ​របស់​សេត​វិមាន ដែល​មាន​តួនាទី​ការពារ​ជំងឺ​កូ​វី​ដ​១៩ ហើយ​បាន​ចូល​ប្រជុំ​ក្នុង​ពេល​ថ្មី​ៗ​នេះ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​។

អនុ​លេខាធិការ​សារព័ត៌មាន​សេត​វិមាន លោក Judd Deere បាន​បដិសេធ​មិន​បញ្ជាក់​ពី​របាយការណ៍​ដែល​ថា លោក Redfield នឹង​ដាក់ខ្លួន​នៅ​ដោយឡែក​នោះ​ទេ ប៉ុន្តែ​លោក​បាន​និយាយ​ថា វេជ្ជបណ្ឌិត​សម្រាប់​ប្រធានាធិបតី និង​មន្ត្រី​ប្រតិបត្តិការ​សេត​វិមាន នឹង​បន្ត​ធ្វើការ​ជិត​ស្និទ្ធ ដើម្បី​ធានា​រាល់​ការ​ប្រុង​ប្រយ័ត្ន ដើម្បី​រក្សា​សុវត្ថិភាព​ប្រធានាធិបតី ក្រុម​គ្រួសារ និង មនុស្ស​ក្នុង​សេត​វិមាន​ទាំងមូល​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ cnn (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ