ខេត្តកណ្តាល ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា ជនសង្ស័យម្នាក់ត្រូវកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលគគីរធំ ធ្វើការឃាត់ខ្លួនតាមពាក្យបណ្តឹងរបស់ពលរដ្ឋ ពាក់ព័ន្ធនឹងករណីគំរាមសម្លាប់ និងបង្កឱ្យខូចខាតទ្រព្យសម្បត្តិដោយចេតនា កាលពីម៉ោង១០យប់ ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២០ នៅចំណុចភូមិគគីរធំ (ហៅភូមិសំបុកចាប) ឃុំគគីរធំ ស្រុកកៀនស្វាយ ហើយជនសង្ស័យរូបនេះធ្វើឱ្យអ្នកភូមិមានការភ័យខ្លាច ថែមទាំងធ្លាប់មានប្រវត្តិជាមេខ្លោងធំជួញដូរគ្រឿងញៀនទៀតផង ។
សេចក្តីរាយការណ៍បន្តថា ជនសង្ស័យដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនខាងលើនេះឈ្មោះ ឃុន ហ៊ីម ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ និងជាមុខសញ្ញាចាស់ជួញដូរថ្នាំញៀន មានទីលំនៅភូមិគគីរធំ ឃុំគគីរធំ ស្រុកកៀនស្វាយ ។ ចំណែកជនរងគ្រោះឈ្មោះ ព្រហ្ម សានី ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបរគ្រូបង្រៀន មានទីលំភូមិគគីរធំ(ហៅភូមិសំបុកចាប) ឃុំគគីរធំ ។
បើតាមជនរងគ្រោះបានរៀបរាប់ប្រាប់សមត្ថកិច្ចថា នៅថ្ងៃកើតហេតុ ខណៈពេលក្រុមគ្រួសារគាត់កំពុងសម្ងំដេកលង់លក់នៅលើផ្ទះរបស់ខ្លួន ស្រាប់តែជនសង្ស័យម្នាក់នេះ បានបែកថ្នាំ រួចដើរឡើងមកលើផ្ទះគាត់ និងស្រែកឡូឡាគំរាមកំហែងរកសម្លាប់គាត់ទាំងគ្រួសារទៀតផង។ មិនតែប៉ុណ្ណោះជនសង្ស័យបំរុងធាក់ទាត់ទម្លុះទ្វារផ្ទះចូលធ្វើសកម្មភាព ប៉ុន្តែជនរងគ្រោះបានខ្ទប់ខ្ទាស់ទ្វារជាប់ ទើបជនសង្ស័យដើរចុះពីលើផ្ទះជនរងគ្រោះវិញ។
ជនរងគ្រោះបន្តថា បន្ទាប់មករូបគាត់មានការភ័យខ្លាច ក៏នាំប្រពន្ធ និងកូនរត់ចុះតាមទ្វារក្រោយទៅសំរាកនៅផ្ទះម្តាយក្នុងឃុំគគីរធំ ជាមួយគ្នា១យប់ទៅ។ លុះព្រឹកឡើងថ្ងៃទី៨ ខែឧសភា រូបគាត់ជាជនរងគ្រោះក៏ទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលគគីរធំតែម្តង។
ក្រោយពីទទួលបានពាក្យបណ្តឹងភ្លាម កម្លាំងនគរបាលប៉ុស្តិ៍គគីរធ៏ ក៍ចុះទៅដល់កន្លែងកើតហេតុ និងនាំខ្លួនជនសង្ស័យយកមកប៉ុស្តិ៍ ដើម្បីធ្វើការសាកសួរ។ ហើយនៅចំពោះមុខសមត្ថកិច្ចនគរបាលប៉ុស្តិ៍ ជនសង្ស័យរូបនេះឆ្លើយសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តបទល្មើសដូចខាងលើប្រាកដមែន។ ដោយយោងតាមពាក្យបណ្តឹងជនរងគ្រោះ និងចម្លើយសារភាពរបស់ជនសង្ស័យ នារសៀលថ្ងៃទី៨ ខែឧសភា សមត្ថកិច្ចប៉ុស្តិ៍ក៏បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីចាត់ការបន្តរតាមនិតិវិធីច្បាប់។
គួរបញ្ជាក់ថា ស្របពេលនោះដែរ ក៏មានប្រជាពលរដ្ឋរស់នៅភូមិគគីរធំ (ហៅភូមិសំបុកចាប) ជាច្រើននាក់ បាននាំគ្នាផ្តិតមេដៃ សូមសំណូមពរឱ្យប្រព័ន្ធតុលាការជួយផ្តន្ទាទោសជននេះឱ្យសមទៅតាមទោសដែលគេបានប្រព្រឹត្តផង។ ព្រោះថា ជននេះគឺជាមុខសញ្ញាចាស់មេខ្លោងធំជួញដូរគ្រឿងញៀននៅក្នុងឃុំគគីរធំនេះ ហើយត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន រឹបអូសបានទាំងវត្ថុតាងសម្ភារៈ ជញ្ជីងថ្លឹងថ្នាំ និងថ្នាំញៀនជាច្រើន បញ្ជូនទៅតុលាការជាញឹកញ៉ាប់ដែរ ប៉ុន្តែទៅចូលគុកបានមួយដង្ហើមចង្រិត ឃើញចេញមកវិញដដែល និងប្រព្រឹត្តធ្វើសកម្មភាពបង្វក់ស្វារតីឱ្យកូនចៅពួកគាត់ឱ្យញៀនថ្នាំខូចអនាគតសឹងគ្រប់ៗគ្នាផងដែរ៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ