ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​សម្រេច​យក​អ្នកជំងឺ​កូ​វី​ដ​១៩ នៅ​សល់​២​នាក់​មក​ព្យាបាល​នៅ​ពេទ្យ​មិត្តភាព ខ្មែរ​សូ​វៀត

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​បាន​សម្រេច​បញ្ជូន​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ដែល​មិន​ទាន់​ជា​សះស្បើយ​មក​កាន់​មន្ទីរពេទ្យ​មិត្តភាព ខ្មែរ​សូ​វៀត ដើម្បី​ព្យាបាល​ឲ្យ​ជា​សះស្បើយ ។ នេះ​បើ​តាម​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល ។ លោកស្រី​វេជ្ជបណ្ឌិត​ឱ…

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​បាន​សម្រេច​បញ្ជូន​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ដែល​មិន​ទាន់​ជា​សះស្បើយ​មក​កាន់​មន្ទីរពេទ្យ​មិត្តភាព ខ្មែរ​សូ​វៀត ដើម្បី​ព្យាបាល​ឲ្យ​ជា​សះស្បើយ ។ នេះ​បើ​តាម​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល ។

លោកស្រី​វេជ្ជបណ្ឌិត​ឱ វណ្ណ​ឌី​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៨ ខែឧសភា ឆ្នាំ​២០២០ បន្ទាប់​ពី​អ្នក​សារព័ត៌មាន​សួរ​តាម​ប្រព័ន្ធ​តេ​ឡេ​ក្រាម​យ៉ាង​ដូច្នេះ ៖«​មិន​ធ្ងន់​ទេ តាម​សភាព​ទូទៅ​របស់​អ្នកជំងឺ តែ​វីរុស​នៅ​មាន​ក្នុង​ខ្លួន​គាត់​នៅឡើយ ។ ថ្ងៃនេះ​ក្រសួង​បាន​សម្រេច​ឲ្យ​បញ្ជូន​មក​បន្ត​ការ​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​ទាំង​ពីរ​នាក់​ហើយ​» ។

លោកស្រី​បន្ត​ថា ៖ វីរុស​នេះ យើង​ពិបាក​នឹង​ដឹង​ណាស់ ដោយសារ​អ្នក​ទាំង​ពីរ ម្នាក់​ជា​បុរស​វ័យ​៧៥​ឆ្នាំ មាន​បញ្ហា​សុខភាព​ប្រចាំ​កាយ និង​ម្នាក់​ទៀត​ជា​ស្ត្រី​វ័យ​៣៦​ឆ្នាំ មាន​បញ្ហា​ប៉ះពាល់​ផ្លូវចិត្ត តម្រូវ​ឲ្យ​មានការ​ពិនិត្យ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ថ្នាក់​ជាតិ​បន្ត​ទៀត ។

ជាមួយ​គ្នា​នោះ​ដែរ អ្នកនាំពាក្យ​ក៏​បាន​ជូនពរ​ពួក​គាត់​ឲ្យ​បាន​ឆាប់​ជា​សះស្បើយ ពេល​មក​ដល់​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ។ ដូច្នេះ​ហើយ សូម​បងប្អូន​ប្រជាពលរដ្ឋ​បន្ត​ការ​ប្រុង​ប្រយ័ត្ន​ការពារ​ការ​ចម្លង រលក​ទី​ពីរ​នៃ​វីរុស​កូ​វី​ដ​-១៩ នេះ​ជា​ចាំបាច់​ត្រូវ​ចង​ចាំ​ថា​៖«​យើង​អាច​ភ្លេច​វីរុស​កូ​វី​ដ​-១៩ តែ​វីរុស​កូ​វី​ដ​-១៩ មិន​ដែល​ភ្លេច​យើង​នោះ​ទេ​» ។

គិត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​៨ ខែឧសភា ឆ្នាំ​២០២០ នេះ នៅ​សល់​អ្នកជំងឺ​កូ​វី​ដ​១៩ ចំនួន ២​នាក់​ទៀត មិន​ទាន់​ជា​សះស្បើយ ។ អ្នកជំងឺ​ទាំង​ពីរ​នោះ ជា​ជនជាតិ​ខ្មែរ នៅ​ខេត្តកំពង់ឆ្នាំង និង​នៅ​ខេត្ត បន្ទាយ​មាន​ជ័យ ត្រូវ​បាន​ក្រសួងសុខាភិបាល សម្រេច​បញ្ជូន​អ្នកជំងឺ​ទាំង​ពីរ មក​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ មិត្តភាព​ខ្មែរ​-​សូ​វៀត ក្នុង​រាជធានី​ភ្នំពេញ ។

សូម​ជម្រាប​ថា នៅ​ក្នុង​ស​ន្នី​សី​ទ​សារព័ត៌មាន​កាល​ពេល​កន្លង​មកនេះ លោក​ម៉​ម ប៊ុ​ន​ហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​បាន​ឲ្យ​ដឹង​ថា ក្នុង​ករណី​ដែល​បញ្ជូន​អ្នកជំងឺ​កូ​វី​ដ​១៩​ទាំង​២​នាក់​នេះ​មក​មន្ទីរពេទ្យ​រាជធានី​ភ្នំពេញ​ដោយសារ​នៅ​រាជធានី​ភ្នំពេញ​មាន​គ្រូពេទ្យ​ជំនាញ​ច្រើន ហើយ​មាន​ឧបករណ៍​បច្ចេកទេស​ទំនើប​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ