ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អុឹង និមល វិល​មក​កម្ពុជា​វិញ ក្រោយ​ជាប់​​គាំង​នៅ​អូស្ត្រាលី

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖​អ្នក​នាង​អ៊ឹង និមល វិល​ត្រឡប់​មក​កាន់​ប្រទេស​កម្ពុជា​វិញ​បាន​ហើយ បន្ទាប់​ពី​ជាប់កុន​ដំណើរ​នៅ​ប្រទេស​អូស្ត្រាលី​ប្រមាណ​៣​ខែ ដោយសារ​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩ ។ តារា​រូប​នេះ​ទើប​ដែល​មក​ដល់​មាតុភូមិ​វិញ​កាលពី​ថ្ងៃ​ទី​១ ខែឧសភា ឆ្នាំ​២០២០…

រាជធានី​ភ្នំពេញ ៖​អ្នក​នាង​អ៊ឹង និមល វិល​ត្រឡប់​មក​កាន់​ប្រទេស​កម្ពុជា​វិញ​បាន​ហើយ បន្ទាប់​ពី​ជាប់កុន​ដំណើរ​នៅ​ប្រទេស​អូស្ត្រាលី​ប្រមាណ​៣​ខែ ដោយសារ​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩ ។ តារា​រូប​នេះ​ទើប​ដែល​មក​ដល់​មាតុភូមិ​វិញ​កាលពី​ថ្ងៃ​ទី​១ ខែឧសភា ឆ្នាំ​២០២០ តាម​ជើង​ហោះ​ហើរ​ពិសេស​មួយ បន្ទាប់​ពី​ជើងហោះហើរ​ពី​អូស្ត្រាលី​មក​កាន់​កម្ពុជា​ត្រូវ​បាន​បិទ​មួយ​រយៈ ។

អុឹ​ង និមល ប្រាប់​កោះសន្តិភាព​តាម​សារ​អេ​ឡិច​ត្រូ​និក​ថា នាង​បាន​មក​ដល់​ប្រទេស​កម្ពុជា​វិញ​តាម​ជើងហោះហើរ​ពិសេស​មួយ​របស់​កូរ៉េ ។ «​ជើង​យន្តហោះ​នោះ​គឺ​មាន​តែ​មួយ​គត់ ហើយ​យើង​បាន​ជ្រែ​ទិញ​សំបុត្រ​យន្តហោះ​ស្ទើរ​មិន​បាន ប៉ុន្តែ​ដោយសារ​អ្នក​ដែល​ទៅ​កូរ៉េ​គេ​លុប​ចោល​មិន​ទៅ​វិញ ទើប​យើង​អាច​ទិញ​បាន »​។

បើ​តាម​អុឹ​ង និមល ជើងហោះហើរ​នៅ​អូស្ត្រាលី​គឺ​នៅ​បន្ត​បិទ ហើយ​ជើងហោះហើរ​ដែល​នាង​ជិះ​នេះ​គឺជា​ជើង​ចុង​ក្រោយ​បំផុត ហើយ​សំណាង​មាន​គេ​លុប​ចោល​ទើប​គេ​យក​មក​លក់​ឲ្យ​នាង ។
ពាក់ព័ន្ធ​ការ​ត្រួតពិនិត្យ​សុខភាព​វិញ អុ​ឹ​ង និមល អះអាង​ថា ពេល​ធ្វើ​ដំណើរ​មក​ដល់​ប្រទេស​កូរ៉េ​គឺ​គេ​ពិនិត្យ​យ៉ាង​ត្រឹមត្រូវ ខណៈ​ពេល​ដែល​នាង​ក៏​មានការ​ប្រយ័ត្នប្រយែង​ខ្ពស់​ផង​ដែរ​សម្រាប់​ខ្លួនឯង ។

នៅ​ពេល​មក​ដល់​ស្រុក​ខ្មែរ​នាង​បាន​ពិនិត្យ និង​តាមដាន​សុខភាព​ជា​បន្តបន្ទាប់ ហើយ​មក​ទល់​ពេល​នេះ​សុខភាព​របស់​នាង​គឺ​មាន​ភាពល្អ​ប្រសើរ មិន​មាន​អ្វី​ប្លែក​នោះ​ឡើយ ។

អាច​វិល​មក​ប្រទេស​កម្ពុជា​វិញ​បាន​នា​ពេល​នេះ អុឹ​ង និមល បាន​សម្តែង​ក្ដី​សប្បាយ​រីករាយ​យ៉ាង​ខ្លាំង ដោយសារ​នាង​នឹករឭក​បងប្អូន​ដែល​នៅ​ស្រុក​កំណើត ។

ពេល​កំពុង​ស្នាក់​នៅ​ប្រទេស​អូស្ត្រាលី​នោះ អុឹង និមល បាន​អះអាង​ថា នាង​មិន​ទាន់​ច្បាស់​ទេពី​ការ​វិល​មក​កាន់​ប្រទេស​កម្ពុជា​វិញ​នា​ពេល​ណា​នោះ ដោយសារ​អូស្ត្រាលី​មិន​ទាន់​បាន​បើក​ជើងហោះហើរ​វិញ​នៅឡើយ ។ មូលហេតុ​នេះ​បាន​ធ្វើ​ឲ្យ​នាង​សម្រេច​ស្នើ​សុំ​វី​សា ដើម្បី​បន្ត​ស្នាក់​នៅ​អូស្ត្រាលី ដោយ​ត្រូវ​រង់ចាំ​ជើងហោះហើរ​គេ​បើក​វិញ ក្នុង​ពេល​ដែល​នាង​អន្ទះសា​យ៉ាង​ខ្លាំង ដោយសារ​ចង់​វិល​មក​ស្រុក​ខ្មែរ​វិញ​ឲ្យ​បាន​ឆាប់ ។

បើ​តាម​អុឹ​ង និមល ការ​ស្នាក់​នៅ​ប្រទេស​អូស្ត្រាលី​រយៈពេល​យូរ​នោះ គឺ​នាង​មិន​មាន​បញ្ហា​អ្វី​ចោទ​ឡើយ ទាំង​ការ​រស់នៅ និង​ការ​ហូប​ចុក គ្រាន់តែ​មិន​អាច​ដើរទៅ​ណា​បាន​ឆ្ងាយ​ប៉ុណ្ណោះ​។ ប៉ុន្តែ​ទោះជា​បែប​នេះ​ក្តី នាង​ចង់​វិល​មក​កាន់​ប្រទេស​កំណើត​វិញ​ឆាប់ ដោយសារ​តែ​នាង​នឹក​បងប្អូន និង​មិត្តភក្តិ ហើយ​ពួក​គេ​មានការ​បារម្ភ​ពី​សុខទុក្ខ​របស់​នាង ។

អុឹ​ង និមល គឺជា​តារា​មួយ​រូប​ក្នុង​ចំណោម​តារា​២​នាក់​ទៀត​គឺ​លោក​អ៊ែន ឌី និង​លោក ហេង នរៈ​កក្កដា ដែល​បាន​ជាប់​កុនដំណើរ​នៅ​ប្រទេស​អូស្ត្រាលី គ្រា​ដែល​ពួក​គេ​បាន​ចេញ​ទៅ​សម្តែង​នៅ​មុន​ជំងឺ​កូ​វី​ដ​១៩​រីក​រាលដាល​ខ្លាំង ។ ទោះជា​យ៉ាងណា​ក្ដី​លោក​ហេង នរៈ​កក្កដា ក៏​បាន​វិល​មក​កម្ពុជា​វិញ​ដំណាលគ្នា​ជាមួយ​អុឹង និមល ដែរ តែ​លោក​អ៊ែន ឌី នៅ​មិន​ទាន់​បាន​វិល​ត្រឡប់​មក​កម្ពុជា​វិញ​នៅឡើយ​ទេ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ