ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​ឧទ្យាន​នុ​រក្ស​ឃាត់ខ្លួន​ពលរដ្ឋ​៤​នាក់​​ពេល​កំពុង​បោចស្មៅ​ក្នុង​ចំការ​ស្វាយ

3 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ​៖ ប្រជាពលរដ្ឋ​ចំនួន​៤​នាក់​ ត្រូវ​បាន​មន្ត្រី​ឧទ្យាន​នុ​រក្ស​តំបន់​ប្រើប្រាស​់ច្រើន​យ៉ាង​សំឡូត ឃាត់​ខ្លួន កាលពី​ថ្ងៃ​ទី​០៥ ឧសភា ខណៈ​ដែល​ពួក​គេ​កំពុង​បោច​សំអាត​ស្មៅ​ នៅ​ក្នុង​ចំការ​ស្វាយ​របស់​ខ្លួន នៅ​ចំណុច​ភ្នំ​ផេះ…

ខេត្តបាត់ដំបង ​៖ ប្រជាពលរដ្ឋ​ចំនួន​៤​នាក់​ ត្រូវ​បាន​មន្ត្រី​ឧទ្យាន​នុ​រក្ស​តំបន់​ប្រើប្រាស​់ច្រើន​យ៉ាង​សំឡូត ឃាត់​ខ្លួន កាលពី​ថ្ងៃ​ទី​០៥ ឧសភា ខណៈ​ដែល​ពួក​គេ​កំពុង​បោច​សំអាត​ស្មៅ​ នៅ​ក្នុង​ចំការ​ស្វាយ​របស់​ខ្លួន នៅ​ចំណុច​ភ្នំ​ផេះ ស្ថិត​ក្នុងភូមិ​ឆក​រកា ឃុំ​សំឡូត ស្រុក​សំឡូត ​។ នេះ​បើ​តាម​សេចក្ដី​រាយ​ការ​ណ៍របស់​អាជ្ញា ធរ​មូលដ្ឋាន​ជូន​លោក​អភិបាលស្រុក ក្រោយ​ពេល​កើតហេតុ តែ​មិន​បាន​និយាយ​អំពី​មូលហេតុនៃ​ការ​ឃាត់​ខ្លួន​ពលរដ្ឋ​នោះ​ទេ​។

នៅ​ក្នុង​របាយ​ការ​ណ៍​​របស់​លោក ធឹ​ម ព្រឿ​ង មេឃុំ​សំឡូត ដែល​រាយ​ការ​ណ៍​ជូន​លោក​អភិបាលស្រុក​សំឡូត ដែល​កោះសន្តិភាព​ទ​ទូល​បាន លោក​មេឃុំបាន​និយាយ​ថា មន្ត្រី​ឧទ្យាន​នុ​រក្ស​តំបន់​ប្រើប្រាស់​ច្រើន​យ៉ាង​សំឡូត បាន​ឃាត់ខ្លួន​ប្រជាពលរដ្ឋ​ចំនួន​០៤​នាក់​មាន ១-ឈ្មោះ ណា​ក់ ពិ​ទិ ភេទប្រុស ​អាយុ​២០​ឆ្នាំ នៅ​ភូមិ​ឆក​រកា ឃុំ​សំឡូត ២-​ឈ្មោះ រក្សា ភេទប្រុស ​អាយុ​២០​ឆ្នាំ នៅ​ភូមិ​ឆក​រកា ឃុំ​សំឡូត ៣-ឈ្មោះ លូត ភេទ​ប្រុស នៅ​ឃុំ​សុង ស្រុក​សំឡូត និង៤​-​ឈ្មោះ គា ភេទ​ប្រុស នៅ​ឃុំ​សុង ស្រុក​សំឡូត​។

លោក​ធឹ​ម ព្រឿ​ង បាន​បញ្ជាក់​ថា មន្ត្រី​ឧទ្យាន​នុ​រក្សបាន​ឃាត់ខ្លួន​ពលរដ្ឋ​ទាំងនេះ ពេល​ពួក​គេ​កំពុង​ធ្វើ​ស្មៅ​ក្នុង​ចំការ​ស្វាយកែវ​ល្មៀត​របស់​ពួក​គេ នៅ​ចំណុច​ភ្នំ​ផេះ ក្នុងភូមិ​ឃុំ កើតហេតុ​ខាងលើ ដែល​ពលរដ្ឋ​បាន​ដាំ​ដុះ​អស់​រយៈ​ពេល​៣​ឆ្នាំ​កន្លង​មក​ហើយ​។ ប៉ុន្តែ​លោក​មេឃុំរូប​នេះ​ មិន​បាន​បញ្ជាក់​ប្រាប់​អំពី​មូលហេតុ ដែល​នាំ​ឲ្យ​មានការ​ឃាត់ខ្លួន​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​របស់​គាត់​នោះ​ទេ​។

បើ​តាម​ប្រភព​ព័​ត៌មានបាន​ឲ្យ​ដឹង​ថា ពលរដ្ឋ​ចំនួន​​៤​នោះ ត្រូវ​មន្ត្រី​ឧទ្យាន​នុ​រក្សឃាត់ខ្លួន ពាក់ព័ន្ធ​នឹង​ការ​ដាំ​ដំណាំ​រំលោភ​បំពាន​លើ​ដី​ដែល​ស្ថិត​នៅ​ក្នុង ​«​តំបន់​ការពារ​ប្រើប្រាស់​ច្រើន​យ៉ាង​សំឡូត​» ដែល​គ្រប់គ្រង​ដោយ​មន្ត្រី​ឧទ្យាន​នុ​រក្ស​ខាងលើ​នេះ ​។ ប្រភព​ដដែល​បាន​បញ្ជាក់​ថា ដីចំការ​ដែល​មន្ត្រី​ឧទ្យាន​នុ​រក្ស​ចោទ​ប្រកាន់​ថា ពលរដ្ឋ​រំលោភ​បំពាន​នោះ គឺ​ពលរដ្ឋ​បាន​កាប់​ឆ្ការ និង​ដាំ​ដំណាំ​ស្វាយ ឬ ដំណាំ​ចេក​ច្រើន​ឆ្នាំ​កន្លង​មក​ហើយ តែ​គេ​មិន​ដែល​ឃើញ​មានការ​ហាមឃាត់​ពី​អាជ្ញាធរ ឬពី​មន្ត្រី​ឧទ្យាន​នុ​រក្ស​ម្ដងណា​ទេ​ ។ លុះ​ពល​រដ្ឋ​ដាំ​បាន​ធំធាត់ ស្រាប់តែ​ត្រូវ​មន្ត្រី​ឧទ្យាន​នុ​រក្ស​អះអាង​ថា ជា​ដី​ស្ថិត​ក្នុង​តំបន់​ការពារ ដែល​ពួក​គេ​គ្រប់គ្រង​ទៅ​វិញ ? ហើយ​បាន​ចុះ​កាប់ ​ឬ​ដក​បំផ្លាញ​ដំណាំ​ទាំងនោះ​ចោល​អស់​គ្មាន​សល់ ថែម​ទាំង​ចាប់ខ្លួន​ប្រជា​ពលរដ្ឋ​ជា​បន្តបន្ទាប់​ទៀត​ផង​។

កោះសន្តិភាពមិន​ទាន់​អាច​ទំនាក់ទំនង សុំ​ការ​បំភ្លឺ​ពី​មន្ត្រី​ឧទ្យាន​នុ​រក្ស​តំបន់​ប្រើប្រាស​់ច្រើន​យ៉ាង​សំឡូត បាន​ភ្លាម​ៗ​ទេ នៅ​រសៀល​ថ្ងៃ​ទី​០៦ ឧសភា នេះ ​ពាក់ព័ន្ធ​នឹង​ការ​ចាប់ខ្លួន​ប្រជាពលរដ្ឋ​។ ប៉ុន្តែ​បើ​តាម​ប្រ​ពី​មន្ត្រី​ស្រុក​សំឡូត បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​កើតហេតុ​នោះ មាន​មន្ត្រី​ឧទ្យាន​នុ​រក្ស​មួយ​ក្រុម ដឹកនាំ​ដោយ​លោក​លី សាមី នាយក​ស្ដីទី បាន​ចុះ​ល្បាត​នៅ​តាម​ភូមិសាស្ត្រ​នានា ក្នុង​តំបន់​ដែល​ខ្លួន​គ្រប់គ្រង​។

ការ​ចេញ​ល្បាត​នោះ ក្រុម​មន្ត្រី​ឧទ្យាន​នុ​រក្សបាន​ប្រទះ​ឃើញ​ពលរដ្ឋ​ចំនួន​០៤​នាក់ កំពុង​ធ្វើ​ស្មៅ​ក្នុង​ចំការ​ស្វាយកែវ​ល្មៀត នៅ​ត្រង់​ចំណុច​ខាងលើ ក៏​ឡោម​ព័ទ្ធ​ចាប់ខ្លួន​តែ​ម្ដង ដោយ​ចោទ​ថា ពលរដ្ឋ​ទាំងនោះ បាន​ដាំ​ដុះ​លើ​ដី​ដែល​ស្ថិត​ក្នុង​«​តំបន់​ការពារ​ប្រើប្រាស់​ច្រើន​យ៉ាង​សំឡូត​» ដែល​ពួក​គេ​គ្រប់គ្រង​ ។ មិន​តែ​ប៉ុណ្ណោះ បើ​តាម​ប្រភព​ដដែល​បាន​បញ្ជាក់​ថា ជាមួយនឹង​ការ​ឃាត់ខ្លួន​មនុស្ស​០៤​នាក់ ក្រុម​មន្ត្រី​ឧទ្យាន​នុ​រក្ស​ទាំងនោះ បាន​ដក​ដំណាំ​ស្វាយកែវ​ល្មៀត​របស់​ប្រជាពលរដ្ឋ​បំ​ផ្លាញ​ចោល​អស់​ជិត​២០០​ដើម​ទៀត​ផង​។

នេះ​មិនមែន​លើក​ទី​១​ទេ ដែល​ក្រុម​មន្ត្រី​ឧទ្យាន​នុ​រក្ស​ខាងលើ​នេះ ចុះ​បង្ក្រាប​ប្រជាពលរដ្ឋ និងដក​បំផ្លាញ​ដំណាំ​ចេក ​ឬ​ដំណាំ​ស្វាយ​របស់​ប្រជាពលរដ្ឋ​នៅ​ក្នុង​តំបន់​ខាងលើ​នេះ​ចោល គឺ​បាន​កើតឡើង​ច្រើន​លើក​ហើយ​។ ប៉ុន្តែ​ទាំង​អាជ្ញាធរទាំង​មន្ត្រី​ឧទ្យាន​នុ​រក្ស ហាក់​មិន​បាន​ជួប​ប្រជុំ​ពិភាក្សា​គ្នា​ម្ដងណា ដើម្បី​រក​ដំណោះស្រាយ​ជួន​ប្រជាពលរដ្ឋ​ឲ្យ​ដាច់ស្រេច​ថា តើ​ដី​នៅ​តំបន់​ណាខ្លះ ដែល​ស្ថិត​ក្នុង​ការ​គ្រប់គ្រង​ដោយ​មន្ត្រី​ឧទ្យាន​នុ​រក្ស ? ហើយ​តំបន់​ណា​ដែល​ពលរដ្ឋ​អាច​កាប់​ឆ្ការ​ដាំ​ដំណាំ​បាន ? មិន​គួរ​បណ្ដែតបណ្ដោយ​រហូត​ពលរដ្ឋ​កាប់​ឆ្កា​ស្រឡះ ដាំ​ណាំ​ធំធាត់​រាប់​ឆ្នាំទៅ​ហើយ បែរជា​ត្រូវ​មន្ត្រី​ឧ​ទ្យា​នុ​ន​រក្ស​ដក​ឬ​កាប់​បំផ្លាញ​ចោល​បែប​នេះ​ទេ ?

ទោះ​យ៉ាងណា ជុំវិញ​ការ​ឃាត់ខ្លួន​ពលរដ្ឋ​ចំនួន​០៤​នាក់​ខាងលើ​នេះ គេ​មិន​ទាន់​ដឹង​ថា តើ​មន្ត្រី​ឧទ្យាន​នុ​រក្ស បញ្ជូន​ខ្លួន​ពួក​គេ​ទៅ​កន្លែង​ណា​នៅឡើយ​ទេ ? ប៉ុន្តែ​បើ​តាម​លោក​ធឹ​ម ព្រឿ​ង មេឃុំ​សំឡូត ដែល​បាន​សរសេរ​ក្នុង​របាយ​ការ​ណ៍​របស់​លោក​ថា ក្រោយ​ពេល​ឃាត់ខ្លួន មន្ត្រី​ឧទ្យាន​នុ​រក្សបាន​បញ្ជូន​ខ្លួន​ពលរដ្ឋ​ទាំង​០៤​នាក់​នោះ ទៅ​កាន់​ស្នាក់​ការ​របស់​ពួក​គេ នៅ​ចំណុច​ទឹកធ្លាក់ ដើម្បី​សាកសួរ​ ។ ប៉ុន្តែ​គេ​មិន​ទាន់​ដឹង​ថា នឹង​ត្រូវ​កសាង​សំណុំរឿង​បញ្ជូន​បន្ត​ទៅ​កាន់​តុលាការ​ ឬ​យ៉ាងណា​នោះ​ឡើយ​ ៕ ​

អត្ថបទសរសេរ ដោយ