រាជធានីភ្នំពេញ៖ សម្រាប់សង្វៀនប្រដាល់ស្ថានីយទូរទស្សន៍បាយ័ន នារសៀលថ្ងៃទី៥ មីនា ខាងមុខនេះពិតជាកក្រើក ហើយទស្សនិកជនពិតជាពិបាករកកន្លែងអង្គុយទស្សនា ដោយសារតែអ្នកប្រដាល់២គូដែលមិនធ្លាប់ជួបប្រកួតគ្នាពីមុនមកសោះ ត្រូវបានផ្គូផ្គងឱ្យប្រកួតនាពេលនេះ។ តាមពិតមានអ្នកប្រដាល់ចំនួន៦គូឯណោះ ប៉ុន្តែក្នុងចំណោមនោះមាន២គូដែលត្រូវចាប់អារម្មណ៍ ។
គូទី១រវាងម៉ន សាម៉េត មកពីក្លឹបព្រែកឯងកីឡា ត្រូវបានរៀបចំឱ្យប្រកួតជាមួយឡោ សំណាង មកពីក្លឹបព្រះខ័នរាជ្យ ។ ឡោ សំណាង ជាអ្នកប្រដាល់ជើងចាស់និងល្បីឈ្មោះ ១រូប ធ្លាប់បន្សល់ទុកនូវការកោតសរសើរពីទស្សនិកជនយ៉ាងច្រើន ប៉ុន្តែគេបានបាត់មុខមួយរយៈវែង ។ កាលពីជំនាន់ឡោ សំណាង កំពុងតែល្បីនោះ ម៉ន សាម៉េត មិនដឹងជានៅទីណាទេ ។ ប៉ុន្តែសម្រាប់បច្ចុប្បន្ន សាម៉េត កំពុងឡើងកូដខ្លាំងណាស់ តាមរយៈ៤ទៅ៥ប្រកួតចុងក្រោយនេះគេមិនដែលចាញ់ឡើយ ហើយអ្នកដែលត្រូវសាម៉េតបំបាក់បាននោះ សុទ្ធតែខ្លាំងទៀតផង ។ ទោះបីជាយ៉ាងណា ការបាត់មុខពីសង្វៀនយូរឆ្នាំរបស់ឡោ សំណាង មិនបានធ្វើឱ្យគេសង្ស័យពីការចុះខ្សោយស្នៀតគុននោះទេ ព្រោះតាមរយៈការបង្ហាញខ្លួន១ប្រកួតកាលពីថ្ងៃទី១៩ កុម្ភៈ កន្លងមកគឺសំណាងបានផ្តួលកីឡាករសូយ គោ មកពីក្លឹបអូដឹមកីឡាឱ្យបាក់ស្បាតត្រឹម២ទឹក ប៉ុណ្ណោះ ។ ពេលនេះ ម៉ន សាម៉េត គេហ៊ានចេញមុខមកតតាំងជាមួយសិស្សច្បង ដោយគេប្រាកដក្នុងចិត្តថា អាចឈ្នះបាន ។ ទោះជាបែបណា គូនេះប្រាដកជាជក់ចិត្ត ។
មួយគូទៀតគឺរវាង កែវ រំចង់ មកពីក្លឹបកងពលធំអន្តរាគមន៍លេខ៣ ប្រាសាទព្រះវិហារ ជាមួយពេជ្រ សម្បត្តិ មកពីក្លឹបក្រសួងការពារជាតិក៏មិនធម្មតាដែរ ។ ពីមុន ពេជ្រ សម្បត្តិ ល្បីឈ្មោះជាងកែវ រំចង់ ប៉ុន្តែបច្ចុប្បន្ន រំចង់ល្បីជាង ។ មានការសង្ស័យថា សម្បត្តិធ្ងន់ជាងរំចង់រហូតដល់ទៅ៤គីឡូក្រាមឯណោះ ប៉ុន្តែសម្រាប់កែវ រំចង់ ឱ្យតែគេអនុញ្ញាតមិនដែលខ្លាចឡើយ។ សម្បត្តិមានទម្ងន់៦៩គីឡូក្រាម រីឯរំចង់ទម្ងន់៦៥គីឡូក្រាម ។ ករណីនេះ បើតាមច្បាប់ប្រកួតមិនអនុញ្ញាតទេ ប៉ុន្តែមិនដឹងជាយ៉ាងណាទើបមានការរៀបចំបែបនេះ ។ ពេលខ្លះគេមិនដែលខ្វល់អំពីអ្វីទាំងអស់ ឱ្យតែសាមីខ្លួនសុខចិត្ត និងដើម្បីបំពេញបំណងអ្នកទស្សនា គឺដាក់ឱ្យវាយគ្នាប្រាវតែម្តង ។
នៅមានគូរាយរងច្រើនទៀត ដូចជាឈិត ង៉ុយ មកពីក្លឹបក្រសួងការពារជាតិ ប្រកួតជាមួយឆាំ រ៉ែម មកពីក្លឹបសិង្ហកីឡា ។ មឿត ឆាយមៀត មកពីក្លឹបប្រដាល់ខេត្តក្រចេះ ប្រកួតជាមួយកែវ រំផាត់ មកពីក្លឹបដំបងគ្រញូងខេត្តបាត់ដំបង ។ រីឯសុខ វាសនា មកពីក្លឹបឃ្លាំងមឿងកីឡា ត្រូវប្រកួតជាមួយពុទ្ធ ឃុនណាត មកពីក្លឹបពុទ្ធ សេរីវង្សព្រែកតាទែន ៕
ចែករំលែកព័តមាននេះ