ក្រុងប៉ោយប៉ែត ៖ តំរូវការថាមពលឧស្ម័នចំអិនម្ហូបអាហារដែលចេះតែកើនឡើងធ្វើឱ្យឈ្មួញសៀមនាំហ្គាសឆ្លងដែនមកលក់ឱ្យឈ្មួញខ្មែរទាំងយប់ ទាំងថ្ងៃតាមច្រករបៀងទំនប់ដាច់ស្ថិតក្នុងភូមិទំនប់ដាច់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ។ ឈ្មួញខ្មែរដឹកជញ្ជូនទៅចែកចាយតាមដេប៉ូក្នុងស្រុក ឬទៅតាមបណ្តាខេត្តនៅពេលយប់តាមរថយន្តតូច និងធំ។
ក្នុងមួយថ្ងៃៗមានហ្គាសចំនួនរាប់រយធុងដែលឈ្មួញសៀមនាំមកលក់ឱ្យឈ្មួញខ្មែរតាមច្រកទំនប់ដាច់ ហើយការដឹកជញ្ជូនមានទាំងរថយន្តតូចមានទាំងរថយន្តធំប្រភេទយីឌុប។ ការលើកដាក់ ឬផ្ទេរធុងហ្គាសនៅបន្ទាត់ព្រំដែននោះគេធ្វើឡើងទាំងយប់ ទាំងថ្ងៃដោយរថយន្តថៃចេញចូលដោយសេរី ខណៈរថយន្តខ្មែរពុំដែលឃើញមានឱកាសចេញចូលទៅដីសៀមឱ្យបានស្មើភាពទេ ។ ធុងហ្គាសដែលឈ្មួញនាំចូលមកពីបន្ទាត់ព្រំដែនខ្មែរ-សៀមនាពេលបច្ចុប្បន្នគេពុំដឹងថា មានអាថ៌កំបាំងអ្វីទេ ទើបដឹកចូលមកក្នុងស្រុកតែពេលយប់។
កន្លងមកអ្នកក្រុងប៉ោយប៉ែត និងស្រុកអូរជ្រៅតែងតែរិះគន់ក្រុមឈ្មួញដែលរកស៊ីដឹកហ្គាសថាបានបំផ្លាញផ្លូវស្ទើរតែទាំងស្រុងគ្រប់ទីកន្លែងរហូតមានកន្លែងខ្លះបើកបរយានយន្តលែងចង់កើត។ មានពេលខ្លះប្រជាពលរដ្ឋឈានដល់ការឃាត់រថយន្តដឹកធុងហ្គាសប្រភេទយីឌុបដោយចោទថា បំផ្លាញផ្លូវទៀតផង។ ឈ្មួញដែលរកស៊ីដឹកហ្គាស ខណៈពេលមានបញ្ហាពួកគេអះអាងថា មានច្បាប់ត្រឹមត្រូវ ប៉ុន្តែនៅពេលពួកគេរកស៊ីដឹកហ្គាសបំផ្លាញផ្លូវបែរជាគ្មានអ្នកទទួលខុសត្រូវទៅវិញធ្វើឱ្យប្រជាពលរដ្ឋរអ៊ូរទាំស្ទើរតែរាល់ថ្ងៃ។
នេះជារដូវប្រាំងពុំទាន់ជាបញ្ហាចោទទេ គេគិតថា រដូវវស្សាខាងមុខនេះប្រជាពលរដ្ឋប្រាកដជាមានប្រតិកម្មខ្លាំងជាងនេះដោយសារតែការដឹកធុងហ្គាសបំផ្លាញផ្លូវ។ ទោះបីជាបែបណាក្តី ការអះអាងថា នាំចូលមានច្បាប់ត្រឹមត្រូវប្រជាពលរដ្ឋសង្ឃឹមថា ប្រាក់ចំណូលពីជំនួញនាំចូលនេះនឹងត្រូវបានអាជ្ញាធររំលែកមួយផ្នែកសំរាប់ការជួសជុលផ្លូវមិនខាន ៕


ចែករំលែកព័តមាននេះ